មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានៅថ្ងៃពុធនេះ សំដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
លោកឧត្តមនាវីឯកស្កុត វ៉ាន់ ប៊ូសស្កឺក (Scott Van Buskirk) មេបញ្ជាការនៃកងនាវាទី៧ សហរដ្ឋអាមេរិក បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែសីហានេះ។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារប្រទេសបានថ្លែងថាលោកឧត្តមនាវីឯក Scott Van Buskirk បានជួបជាមួយលោកឧត្តមនាវីឯក សៅ សារិនមេបញ្ជាការរងកងទ័ពជើងទឹកនិងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងកិច្ចការនយោបាយ និងការបរទេសនៃក្រសួងការពារជាតិដើម្បីពិភាក្សាបញ្ហាទ្វេភាគីនិងបញ្ហាតំបន់ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងការហ្វឹកហ្វឺន និង ការត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការលើផ្ទៃទឹក (CARAT) ក្នុងឆ្នាំនេះ ពង្រឹងចំណងទាក់ទងយោធាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដំណើរការលំហាត់ហ្វឹកហ្វឺនបន្ថែមដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកក្នុងផ្នែកសន្តិសុខដែនសមុទ្រ ការរុករក និងការជួយសង្គ្រោះ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលកើតមានដោយគ្រោះធម្មជាតិ និងជំនួយមនុស្សធម៌ ជំនាញក្នុងការគ្រប់គ្រងនាវា និងការធ្វើដំណើរលើផ្ទៃសមុទ្រជាដើម។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាការបង្ហាញឡើងនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
«ខ្ញុំគិតថាទស្សនកិច្ចនេះសំដៅបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបង្កើននូវដំណើរការសហប្រតិបត្តិការគ្នាក្នុង ការថែរក្សាសន្តិសុខក្នុងតំបន់និងពិភពលោក»។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកឧត្តមនាវីឯក Scott Van Buskirk មានគម្រោងនឹងទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ដើម្បីមើលការហ្វឹកហាត់របស់កងទ័ពជើងទឹកកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថាដំណើរទស្សនកិច្ចរបស់លោកឧត្តមនាវីឯក និងគណៈប្រតិភូរបស់លោកនេះបង្កើនឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ»។
ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិកបានប្រសើរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កងទ័ពកម្ពុជា និង សហរដ្ឋអាមេរិកប្រមាណ៥០០នាក់បានចូលរួមធ្វើសមយុទ្ធលើកទីមួយនៅក្នុងតំបន់មួយចំនួន មានដូចជាមូលដ្ឋានកងទ័ពជើងទឹកនៅខេត្តព្រះសីហនុ ទីបញ្ជាការរថក្រោះ និងមូលដ្ឋានកងទ័ពជើងគោកពិចនិលពីខែកុម្ភៈដល់ខែមិនា ឆ្នាំ២០១១ ព្រមទាំងសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១០ និងឆ្នាំ២០១១។
នៅក្នុងព្រឹត្តិការណ៍មួយទៀត មានរោងដាក់រថក្រោះ រថពាសដែក រថយន្ត និងសម្ភារៈ យោធាដែលមានតម្លៃជាង២៨លានដុល្លារអាមេរិកសម្រាប់ក្រុមអង្គរក្សលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានសម្ពោធកាលពីថ្ងៃអង្គារ។ ថវិកាទាំងនេះបានមកពីសប្បុរសជនក្នុងស្រុក ប្រទេសវៀតណាម ប្រទេសចិន និងប្រទេសកូរ៉េ។
លោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកហ៊ុន សែនបានបញ្ជាក់ថាទីបញ្ជាការដ្ឋានអង្គរក្សនេះមានតួនាទីសំខាន់ណាស់សម្រាប់ការពារសុវត្ថិភាព ជូនលោកនាយករដ្ឋមន្ត្រី៕