ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ អាមេរិក​ បញ្ចប់​សមយុទ្ធ​ឆ្មាំ​អង្គរ​២០១១


ឧត្តមសេនីយ៍​ឯក សែម សុវណ្ណី ទី​ប្រឹក្សា​លោក​នាយរដ្ឋមន្ត្រី​ហ៊ុន សែន និង​​ជា​ប្រធាន​មជ្ឈមណ្ឌល​​ជាតិ​​សម្រាប់​កង​កម្លាំង​រក្សា​សន្តិភាព​ ​បោ​ស​សម្អាត​​មី​ន​ ​និ​ង​​សំណល់​គ្រា​ប់មិនទាន់​ផ្ទុះ និយាយ​នៅ​ក្នុង​ពិធី​​បើក​លំហាត់​ហ្វឹក​ហ្វឺន​សមយុទ្ធ​ឆ្មាំ​អង្គរ​២០១

កង​យោធពល​ខេមរភូមិន្ទ​ និង​កងទ័ព​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​ថែ​រក្សា​សន្តិភាព​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ក្រុម​មន្ត្រី​យោធា​កម្ពុជា​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ​ជា​ការ​ផ្តល់​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មីៗ​ដល់​កងទ័ព​កម្ពុជា​ពី​កងទ័ព​សហរដ្ឋ​អាមេរិក។ លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ២០១១ ដែល​មាន​ការ​ចូលរួម​ពី​កងទ័ព​អាមេរិក​ប្រមាណ​១៤០នាក់​ និង​កងទ័ព​កម្ពុជា​ចំនួន​៣៧៥​នាក់​ ព្រមទាំង​ក្រុម​គាំទ្រ​ពីប្រទេស​ឥណ្ឌូនេ​ស៊ី ​ម៉ាឡេស៊ី​ ម៉ុងហ្គាលី​ និង អង្គការ​សហប្រជាជាតិ ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី១៨​ដល់​ថ្ងៃ​ទី២៧​ខែ​ឧសភា។

លោក​ឧត្តមសេនីយ៍​ផ្កាយមាស​បួន ប៉ុល សារឿន​ អគ្គ​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ២០១១​នេះ​ថា​ លំហាត់​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា ​និង​បង្ហាញ​ពី​ការ​ផ្តល់​បច្ចេកវិជ្ជា​ និង​បទពិសោធន៍​ទាំង​ឡាយ​ ដល់​កងទ័ព​កម្ពុជា​សម្រាប់​រ៉ាប់រង​សកម្មភាព​ដែល​មាន​ផលប៉ះពាល់​ដល់​សង្គម​មនុស្ស ​ដូចជា ​សង្គ្រាម អំពើ​ភេរវកម្ម ​និង​គ្រោះ​ធម្មជាតិ​នានា។ លោក​ឧត្តមសេនីយ៍​ ប៉ុល សារឿន ​បាន​បញ្ជាក់​ថា​ លំហាត់​ហ្វឹកហ្វឺន​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ការ​រីក​ចម្រើន​ថ្មី​របស់​កម្ពុជា​ ដែល​សហគមន៍​អន្តរជាតិ​គាំទ្រ ​និង​មាន​ប្រទេស​ជាច្រើន​ចូល​រួម​ជា​ពិសេស​សហរដ្ឋ​អាមេរិក។ លោក​ឧត្តមសេនីយ៍ ប៉ុល សារឿន​ បាន​បន្ថែម​ថា សកម្មភាព​ទាំង​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ចំណង​មិត្តភាព​ និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ព្រមទាំង​ការ​ជួយ​ឧបត្ថម្ភ​របស់​កងទ័ព​សហរដ្ឋអាមេរិក​ជូន​ដល់​កងទ័ព​កម្ពុជា។​ លោក​ឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន​ ប៉ុល សារឿន​ បាន​បន្ត​ថា​ សកម្មភាព​ទាំង​អស់​នេះ​ជា​សារ​នយោបាយ​មួយ​ ដែល​ផ្តល់​ការ​លើកទឹក​ចិត្ត​យ៉ាង​គ្លាវក្លា​ដល់​កងទ័ព​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា​ លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​ គឺជា​លំហាត់​ហ្វឹកហ្វឺន​ទ្វេភាគី​គាំទ្រ​ប្រតិបត្តិការ​ គាំពារ​សន្តិភាព​ ដែល​ឧបត្ថម្ភ​រួម​គ្នា​ដោយ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ​និងកង​យោធពល​ខេមរភូមិន្ទ ​ដោយមាន​បំណង​ផ្តល់​នូវ​បរិយាកាស​មួយ​សម្រាប់​ភាព​ជា​ដៃគូរ​វាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា​ លំហាត់​នេះ​រួមមាន​លំហាត់​ស្តីពី​ប៉ុស្តិ៍​បញ្ជាការ​ ដែល​ក្នុង​នោះ​បុគ្គលិក​យោធា​ក្នុង​កង​វរសេនា​តូច​កម្ពុជា ​និង​អាមេរិក​ធ្វើកា​ហ្វឹកហ្វឺន​រួមគ្នា​លើការ​ធ្វើ​ប្រតិបត្តិការ​ក្នុង​បរិយាកាស​ស្មុគស្មាញ​ក្នុង​ការ​ថែរក្សា​សន្តិភាព ​ព្រមទាំង​ការ​ហ្វឹកហ្វឺន​ការពារ​កងកម្លាំង​មុន​ពេល​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង។

លោក​ឧត្តមសេនីយ៍ត្រី​ កែន​ សូសាវឿន ​នាយករង​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ថែរក្សា​សន្តិភាព​បាន​ថ្លែង​ថា កង​យោធពល​ខេមរភូមិន្ទ​ បាន​ទទួល​ការ​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​ និង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ល្អថែម​ទៀត ​ដើម្បី​ចូលរួម​ថែរ​ក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ។ លោក​ថ្លែង​ថា៖

«នេះ​គឺជា​ប្រព័ន្ធ​មួយ​ថ្មី​ ដែល​អង្គការ​សហប្រជាជាតិ​ និង​សហរដ្ឋអាមេរិក​យកមក​ចែករំលែក​ដល់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង។ វា​ជា​មោនភាព​ណាស់​ ដែល​យើងបាន​ទទួល​នូវ​ចំណេះដឹង​ថ្មី ​ហើយ​ចំណេះដឹង​ថ្មី​នេះ​នឹង​ប្រែក្លាយ​ទៅ​ជា​គ្រាប់​ពូជ​ដ៏​សំខាន់​សម្រាប់​យើង​បណ្តុះ​បណ្តាល​នាយ​ទាហាន​របស់​យើង​ ដើម្បី​ចូលរួម​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ»។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​ បាន​បញ្ជាក់ថា​ គម្រោង​សកម្មភាព​សំណង់​ស៊ីវិល​ក្នុង​អំឡុងពេល​នៃ​លំហាត់​សមយុទ្ធ​រួមមាន​ការ​សាង​សង់​អាគារ​ សាលា​រៀន​ថ្មី​មួយ​មាន​បី​បន្ទប់​ និង​អណ្តូង​ទឹក​ថ្មី​មួយ​នៅ​ភូមិ​តាំង សៀ ​និង​មណ្ឌល​សុខភាព​ដំណាក់​ចាន់​ក្នុង​ភូមិ​ត្រពាំង​អន្ទង់​ ត្រូវ​បាន​ផ្លាស់​ដំបូលថ្មី​ និង​លាប​ថ្នាំ​ថ្មី ហើយ​ត្រូវបាន​ផ្តល់​ប្រព័ន្ធ​ទឹកស្អាត ​និង​ថាមពល​ព្រះអាទិត្យ។

សេចក្តីថ្លែងការណ៍​ បាន​បន្ត​ថា​ លំហាត់​សមយុទ្ធនេះ​រួមមាន​ការផ្តល់​ការពិនិត្យ​ព្យាបាល​ជម្ងឺ​ទូទៅ​ពីរ​វគ្គ​ដោយ​ឥតគិតថ្លៃ​នៅ​វិទ្យាល័យ​បាត់ដឹង​ និង​សាលា​បឋមសិក្សា​ត្រែងត្រយឹង​ក្នុង​ខេត្ត​កំពង់ស្ពឺ។ មាន​អ្នក ជម្ងឺ​ជាង​៣.០០០នាក់​ បាន​ទទួល​ការពិនិត្យ​ព្យាបាល​ជម្ងឺ។

ការ​ធ្វើ​សមរយុទ្ធនេះ​ គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​ឆ្មាំអង្គរ​ឆ្នាំ២០១១​ លើក​ទី២​បន្ទាប់ ដែល​លើក​ទី​១​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១០។ សមយុទ្ធ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃការ​ផ្តួចផ្តើម​គំនិត​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ពិភពលោក​សំដៅ​អភិវឌ្ឍន៍​សមត្ថភាព​នានា​ផ្នែក​ថែរក្សា​សន្តិភាព​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍៕

XS
SM
MD
LG