មន្ត្រីយោធាកម្ពុជាបានថ្លែងនៅថ្ងៃច័ន្ទនេះថា បុគ្គលិកយោធាជាង៤០០នាក់ពីសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសម៉ុងហ្គោលី បានចាប់ផ្តើមរៀបចំកិច្ចការរបស់ខ្លួននៅថ្ងៃច័ន្ទនេះ សម្រាប់ការបើកធ្វើលំហាត់ហ្វឹកហ្វឺនជំនាញថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជានៅថ្ងៃពុធសប្តាហ៍នេះ។
លំហាត់យោធាសម្រាប់បណ្តុះបណ្តាលការថែរក្សាសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ត្រូវបានរៀបចំធ្វើនៅមូលដ្ឋានយោធាក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ខែឧសភានេះ។
លោកឧត្តមសេនីយ៍ត្រី កែន សូសាវឿន នាយករងនៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាព បានថ្លែងប្រាប់ វីអូអេ ខ្មែរ ថា បុគ្គលិកយោធាសហរដ្ឋអាមេរិកចំនួន១៣៩នាក់ កងទ័ពកម្ពុជាចំនួន៣៧៣នាក់ និងកងទ័ពប្រមាណ៣០នាក់ទៀតមកពីប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសម៉ុងហ្គោលី និងអង្គការសហប្រជាជាតិ ត្រូវចូលរួមនៅក្នុងលំហាត់នេះ។
«ខ្ញុំរើអីវ៉ាន់ចូលផ្ទះហើយ រៀបចំទុកដាក់ហើយ ដល់ថ្ងៃទី១៨ យើងធ្វើការបើកការហ្វឹកហាត់ជាផ្លូវការ»។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់ វីអូអេ ខ្មែរ យ៉ាងដូច្នេះថា៖
«សមយុទ្ធអំពីការបណ្តុះបណ្តាលថែរក្សាសន្តិភាព និងមនុស្ស។ សំខាន់យើងប្រមូលផ្តុំបញ្ហាគ្រប់គ្រង សន្តិភាព និងមនុស្សធម៌។ យើងប្រឹងប្រែងអស់លទ្ធភាពរបស់យើង ហើយយើងមានសមត្ថភាពធ្វើបានប៉ុណ្ណឹង។ វាជាមោទនភាពណាស់»។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបញ្ជាក់ថា កងទ័ពទាំងអស់នឹងត្រូវហ្វឹកហាត់រួមគ្នា ដើម្បីត្រៀមរៀបចំសម្រាប់បេសកកម្មថែរក្សាសន្តិភាពនាពេលអនាគត ហើយសមយុទ្ធហ្វឹកហាត់នេះត្រូវផ្តោតទៅ លើមុខជំនាញសំខាន់ៗមួយចំនួន គឺការបញ្ជាការសមរភូមិន្ទ វិស្វកម្មទាក់ទងនឹងការជួសជុលមន្ទីរពេទ្យ ផ្ទះសម្បែង សាលារៀន និងការសង្គ្រោះទាក់ទងនឹងមនុស្សធម៌។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិបានថ្លែងថា សមយុទ្ធថែរក្សាសន្តិភាពនេះ គឺជាបទពិសោធន៍មួយល្អណាស់សម្រាប់ប្រទេសកម្ពុជា ហើយសមយុទ្ធនេះបង្ហាញនូវការរីកចម្រើនរបស់រដ្ឋាភិបាលនិង កងយោធពលខេមរភូមិន្ទ និងបង្ហាញនូវសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំគិតថា ការធ្វើសមយុទ្ធនេះសំខាន់បំផុតបង្កើននូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពសហរដ្ឋអាមេរិក និងកងយោពលខេមរភូមិន្ទ។ នេះបញ្ហាសំខាន់ណាស់គឺបង្កើននូវកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពសហរដ្ឋអាមេរិក និងកម្ពុជា ហើយយើងបានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក»។
ការធ្វើសមយុទ្ធនេះគឺជាការធ្វើសមយុទ្ធ ឆ្មាំអង្គរឆ្នាំ២០១១ លើកទីពីរ បន្ទាប់ពីប្រទេសកម្ពុជាបានធ្វើ សមយុទ្ធបែបនេះនៅក្នុងឆ្នាំ២០១០ ដែលជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតប្រតិបត្តិការថែរក្សាសន្តិភាព ពិភពលោក ដែលគាំទ្រដោយសហរដ្ឋអាមេរិក សំដៅអភិវឌ្ឍសមត្ថភាពនានាផ្នែកថែរក្សាសន្តិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ៕