លើកទី៧ រយៈពេល៥ថ្ងៃ ស្តីពីការហ្វឹកហ្វឺន និងសហប្រតិបត្តិការត្រៀមជាស្រេចលើផ្ទៃទឹក ឬហៅកាត់ថាCARAT ដែលប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពជើងទឹករាម នៃដែនសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។
ការហ្វឹកហ្វឺន និងការត្រៀមជាស្រេចសម្រាប់សហប្រតិបត្តិការលើផ្ទៃទឹក (CARAT) គឺជាសមយុទ្ធទ្វេភាគី ដែលបានធ្វើជាបន្តបន្ទាប់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក កងម៉ារីនអាមេរិក និងកងទ័ពនៃប្រទេសកម្ពុជា បង់ក្លាដេស ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងទីម័រខាងកើត។
ថ្លែងក្នុងពិធីបើកសមយុទ្ធ CARAT នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លោកស្រី ជូ លីជុង (Ju Lie Chung) អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា សមយុទ្ធ CARAT ប្រចាំឆ្នាំនេះធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងលើកកម្ពស់សន្តិសុខលំហសមុទ្រ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២អោយកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។
លោកស្រីបន្ថែមក្នុងសម្ដីដើមរបស់លោកស្រីថា៖ «CARAT ជាសមយុទ្ធដែលមានភាពស្មុគស្មាញបំផុត ហើយជាង២ទសវត្ស កន្លងមកសមយុទ្ធនេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងដៃគូនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានភាពយូរអង្វែង»។
លោកវរសេនីយ៍ឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃកងទ័ពនៅបរទេសរបស់សហរដ្ឋអាមេរិក មានប្រសាសន៍ថា ការចូលរួមសមយុទ្ធរបស់កងទ័ពជើងទឹកអាមេរិក មានគោលដៅរួមដើម្បីបង្កើនការត្រៀមជាស្រេចជាអន្តរប្រតិបត្តិការ និងផ្ដល់ឱកាសពិសេសសម្រាប់ការធ្វើការ និងរៀនពីកងទ័ពកម្ពុជាដើម្បីបង្កើនសមត្ថភាពស្នូលរបស់ខ្លួនក្នុងការបំពេញបេសកកម្មក្រៅប្រទេស។
លោកបន្ថែមថា នៅក្នុងសមយុទ្ធCARATនេះ ភាគីទាំង២ និងកងម៉ារីន នឹងរួមគ្នាហ្វឹកហ្វឺនទាំងផ្នែកបញ្ជាការ និងគ្រប់គ្រងយុទ្ធវិធីតាមអង្គភាពតូចៗដោយប្រតិបត្តិការលើគោក ការបង្ការជំងឺ ការជួសជុល និងប្រើប្រាស់ទូកសម្រាប់ប្រតិបត្តិការ។
លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រកម្ពុជា ប្រាប់ថា លំហាត់ហ្វឹកហ្វឺន CARAT ប្រចាំឆ្នាំ បានជួយលើកកម្ពស់សមត្ថភាពចំណេះដឹងដល់នាយនាវី ពលនាវី កងទ័ពជើងទឹកប្រទេសទាំងពីរ និងបានជួយពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហការល្អរវាងប្រទេសទាំងពីរ ជាពិសេសបានធ្វើឲ្យកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំថែមទៀត។
លោកបញ្ជាក់ក្នុងសម្ដីដើមថា៖ «បើយើងក្រឡេកមើលទៅលើផ្ទៃសមុទ្រទាំងដែនអធិបតេយ្យភាពប្រទេសនិមួយៗ និងលំហសមុទ្រអន្តរជាតិមានការប្រឈមទៅនឹងការគំរាមកំហែងពីហានិភ័យជាច្រើន ដូចជាការប្លន់ប្រដាប់អាវុធ ចោរសមុទ្រ ការរត់ពន្ធរំសេវជាតិផ្ទុះ គ្រឿងញៀន ការចាប់ជំរិត ជួញដូរមនុស្ស និងភយន្តរាយផ្សេងៗពីគ្រោះធម្មជាតិជាច្រើនទៀត ដែលចាំបាច់ត្រូវតែមានកិច្ចសហការល្អពីបណ្ដាកងទ័ពជើងទឹកទាំងនៅក្នុងតំបន់ និងអន្តរជាតិក្នុងការចូលរួមត្រួតពិនិត្យឆែកឆេរ រុករកជួយសង្គ្រោះ និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់នានា ក្នុងគោលបំណងរក្សាអោយបាននូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាពលើផ្ទៃសមុទ្រ»។
សមយុទ្ធយោធា CARAT បានបង្កើតឡើងរយ:ពេល២០ឆ្នាំមកហើយក្នុងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិកជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ដែលក្នុងនោះកម្ពុជាបានចូលរួមតាំងពីឆ្នាំ២០១០មក៕