ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​នាវា​កម្ពុជា​​និង​​អាមេរិក​បាន​បញ្ចប់​​សមយុទ្ធ​រួម​គ្នា​​​ទ្រង់ទ្រាយ​ធំ


នាវាស.រ.អា.​ Destroyer ​USS​ Mustin​​ សំចត​​នៅ​សមុទ្ររាម ប្រទេស​កម្ពុជា​​មុនពេល​ធ្វើ​​សមយុទ្ធ​ ​​CARAT 2014
នាវាស.រ.អា.​ Destroyer ​USS​ Mustin​​ សំចត​​នៅ​សមុទ្ររាម ប្រទេស​កម្ពុជា​​មុនពេល​ធ្វើ​​សមយុទ្ធ​ ​​CARAT 2014

សំឡេងគ្រាប់​កាំ​ភ្លើង​លាន់​ឮ​យ៉ាង​ទ្រហឹង​បាញ់​ចេញ​ពី​នាវា​អាមេរិក​នៅ​ក្នុង​លំហាត់​យោធា​រួម​គ្នា​នៃ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ និង​កងទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិកនៅ​លើ​ផ្ទៃ​សមុទ្រ​រាម​នៃ​ខេត្ត​ព្រះ​សីហនុ។​

​នេះ​គឺជា​លំហាត់​យោធា​រួម​គ្នា​លើក​ទី៥​ ដែល​បាន​ដំណើរ​ការ​រយៈ​ពេល​បី​ថ្ងៃ​និង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ។​ កង​ម៉ារីន​សហ​រដ្ឋ​អាមេរិក​និង​កង​ម៉ារីន​កម្ពុជា​សរុប​ចំនួន៦០០​នាក់​បាន​ប្តូរ​វេណ​គ្នា​ជា​ក្រុម​តូចៗ​ដើម្បីធ្វើ​បន្លាស់​ទី​ទៅ​មក​រវាង​នាវាចម្បាំង​ប្រភេទ​ ​Destroyer ​USS​ Mustin​ របស់​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​និងនាវា​ល្បាត​កម្ពុជា​ចំនួន​ពីរ​គ្រឿង​ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន។​

កងម៉ារីន​កម្ពុជា​និង​អាមេរិក​កំពុង​សម្រាក​នៅលើ​កប៉ាល់ Destroyer ​USS​ Mustin
កងម៉ារីន​កម្ពុជា​និង​អាមេរិក​កំពុង​សម្រាក​នៅលើ​កប៉ាល់ Destroyer ​USS​ Mustin

​ការ​ផ្លាស់​ទីដែល​បូក​ផ្សំ​នឹង​ការ​បង្រៀន​ពី​កងទ័ព​អាមេរិក​អំ​ពី​ការ​គ្រប់​គ្រង​នាវា ​ការ​ឆែកគ្រឿង​ចក្រ អំពី​លក្ខណៈ​ប្រយុទ្ធ​លើ​ផ្ទៃ​ទឹក​ និង​ការ​ឡោម​ព័ទ្ធ ​រួម​ទាំង​ការជួយ​សង្គ្រោះ​ផង​ដែរ។​

លោកវរនាវី​ឯក​អ៊ិន​សុ ​ខេមរា​ មេ​បញ្ជា​ការកងនាវាល្បាត​លេខ៦​នៃកង​នាវាចរណ៍​ខេមរ​ភូមិន្ទ​ ​មាន​ប្រសាសន៍ក្នុងអំឡុងនៃ​ការ​ធ្វើ​សម​យុទ្ធ​ថា​ ​កង​នាវាកម្ពុជា​បាន​រៀន​សូត្រ​ច្រើន​ពី​ចំណេះ​ដឹង​ និង​បច្ចេក​ទេស​សំខាន់ៗ​ពី​ការ​ធ្វើ​សម​យុទ្ធ​ជា​មួយ​កង​នាវា​សហ​រដ្ឋអាមេរិក។​

លោក​បន្ត​ថា​ ​កង​នាវា​កម្ពុជា​នៅ​ជួបបញ្ហា​កង្វះ​ខាត​សម្ភារៈ​ ក៏​ប៉ុន្តែ​កង​នាវា​កម្ពុជា​មាន​ការ​តាំងចិត្ត​និងមានសមត្ថភាពគ្រប់គ្រាន់។

ឧទ្ធម្ភាគចក្រ​សរអា​នៅលើ​កប៉ាល់ Destroyer ​USS​ Mustin​
ឧទ្ធម្ភាគចក្រ​សរអា​នៅលើ​កប៉ាល់ Destroyer ​USS​ Mustin​

​«វា​ជា​កាតព្វកិច្ច​មួយ​ចាំបាច់​សម្រាប់​កង​ទ័ព​ជំនាញ​ ដោយ​ឡែក​កង​ទ័ព​ជើង​ទឹកហ្នឹង​ត្រូវ​តែ​ពង្រឹងនិង​ហ្វឹកហាត់​ជា​និច្ច​ដើម្បីពង្រឹង​សមត្ថភាព​ដល់​ពល​នាវឹក​ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​កងទ័ព​ជើង​ទឹក​យើង​ហ្នឹង។​ ផល​ប្រយោជន៍​ពី​សម​យុទ្ធនេះ​ពិត​ជា​បាន​ជោគជ័យ»។​

លោក​វរនាវី​ឯក​ Fred ​Kacher ​មេ​បញ្ជាការនៃ​កង​នាវា​ពិឃាដ​ក្រុម​លេខ​៧របស់​អាមេរិក​ថ្លែង​ថា លំហាត់​សម​យុទ្ធ​ប្រតិបត្តិការ​ត្រៀម​ជា​ស្រេចលើផ្ទៃ​ទឹក CARAT ​ឆ្នាំ​២០១៤​នេះគឺ​ជាផ្នែក​មួយ​ជួយ​ឲ្យ​កង​នាវា​នៃ​របស់​កម្ពុជា និង​សហ​រដ្ឋអាមេរិក​អាច​ធ្វើការជាមួយ​គ្នាដើម្បី​ដោះដូរ​ចំណេះ​ដឹង​និងបទ​ពិសោធន៍​ និង​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ការ​កិច្ច​ថែ​រក្សា​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​ក្នុង​តំបន់។​

លោក​បន្ថែម​ថា​ កង​នាវា​សហ​រដ្ឋ​អាមេរិក​ក៏​បាន​រៀន​សូត្រ​ពីកង​នាវា​កម្ពុជា​ដែរ។​

«លំហាត់​សម​យុទ្ធ​ស្ដីពី​ប្រតិបត្តិការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក (CARAT)​ ២០១៤គឺ​ជារបៀប​ដំបូងបំផុត​ដែល​យើងធ្វើ​ការដើម្បីបង្កើត​កិច្ច​សហ​ប្រតិបត្តិការជាមួយ​កង​នាវាចរណ៍​កម្ពុជា។​ ​យើង​ពិត​ជា​មាន​មោទនភាព​ដែល​បាន​មក​ធ្វើ​ការជាមួយ​កង​នាវា​កម្ពុជា។​ ខ្ញុំ​គិត​ថា​ ភាគី​អាមេរិក​និងកម្ពុជាបាន​ទទួល​ផល​ចំណេញពី​លំហាត់​នេះ»។​

នាវាចម្បាំង​អាមេរិក ​Destroyer ​USS​ Mustin​មាន​ប្រវែងជាង​១៥៥ម៉ែត្រ​គឺ​ជា​នាវា​ដែល​ប្រចាំ​ការ​នៅ​ប្រទេស​ជប៉ុន។ ​នាវា​នេះ​បំពាក់​ដោយ​គ្រឿង​សព្វាវុធ គ្រាប់​មីស៊ីល ​ឧត្ថម្ភាគចក្រ។​ ​ដោយ​ឡែក​នាវា​ល្បាត​កម្ពុជា​ជា​ប្រភេទ​នាវា​តូចៗ​ និង​មាន​ប្រវែង​ខ្លី​ និង​បំពាក់​ដោយ​អាវុធ​ធុន​ស្រាល។​ កង​នាវា​នៃ​ប្រទេស​ទាំង​ពីរ​បាន​បាញ់​គ្រាប់​ពិត​ចេញ​ពី​នាវា​រៀងៗ​ខ្លួន​ទៅ​លើ​ផ្ទាំង​ស៊ីប​នៅ​កណ្តាល​លំហ​សមុទ្រ។​

​នៅ​ពេល​ព្រឹក​ស្រាងៗ កង​នាវិក​អាមេរិក​ដែល​មាន​ឯកសណ្ឋានផ្សេងៗ​ត្រូវ​ប្រកាស​ឲ្យ​ចេញ​ពី​បន្ទប់​ស្នាក់​នៅដើម្បី​ឆ្ពោះទៅ​កាន់​ប៉ម​ប្រចាំ​ការ​រៀងៗខ្លួន។​

ឧទ្ធម្ភាគ​ចក្រ​ចាប់​ផ្តើម​ប្រតិបត្តិការ​មុន​នឹង​កង​នាវិក​នៃ​ប្រទេស​ទាំង​ពី​ធ្វើ​លំហាត់​រួម​គ្នា។​

មុន​ការ​បើក​សម​យុទ្ធ​លើ​សមុទ្រ​នេះ​ កង​ម៉ារីន​សហ​រដ្ឋអាមេរិក​បានបើកវគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​មួយ​នៅ​លើ​ដីគោក​អំពីការ​បើក​បរ​លើ​ទឹក​ អំពី​ការ​ថែ​រក្សា​អ្នក​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​ អំពី​ការ​ចុះ​ឆែកឆេរ​ និងត្រួត​ពិនិត្យ​លើ​កប៉ាល់​នៅ​តាម​កំពង់ផែ។​ ​

នេះជា​ឆ្នាំ​២០​ហើយ​នៃ​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​លើ​ផ្ទៃ​ទឹក​ (CARAT)​រវាង​កង​នាវា​ម៉ារីន​របស់​សហ​រដ្ឋ​អាមេរិក​ និង​បណ្ដា​ប្រទេសជា​ដៃ​គូ​ចំនួន​៩​ទៀតនៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូងនិង​អាស៊ី​អាគ្នេយ៍។​ ​ដោយ​ឡែក​កង​នាវា​កម្ពុជា​បាន​ចូលរួម​ក្នុង​លំហាត់សម​យុទ្ធ​នេះ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ២០១០មក​ម្ល៉េះ។​

លោក Anthony Rush ​កង​នាវា​ចរណ៍​របស់​សហរដ្ឋអាមេរិកមួយ​រូបថ្លែង​ថា​លោក​បាន​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កង​នាវាចរណ៍​កម្ពុជា​ក្នុង​ពេល​លំហាត់។​

«កាល​ពី​ម្សិលមិញ​ ​អំឡុង​ពេល​ដែល​យើងកំពុង​ហ្វឹកហាត់​បច្ចេកទេស​នៃ​ការជម្លៀស​អ្នក​របួសដែល​ជាប់​ក្នុង​កប៉ាល់ កង​នាវា​អាមេរិក​ប្រើប្រាស់ការ​ទំនាក់​ទំនង​ដោយ​សំឡេង​ច្រើន​ ខណៈ​ពេល​ដែល​កង​នាវា​កម្ពុជា​វិញ​បាន​ប្រើប្រាស់​កាយវិការ។​ ជា​រឿង​ថ្មី​សម្រាប់​យើង ហើយ​ខ្ញុំ​ក៏បាន​រៀន​អ្វី​ថ្មី​ខ្លះ​ដែរ​ពី​ពួក​គេ»។​

លោក​ថា ​លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​អំពី​របៀបបញ្ជា​ និង​បាញ់​កាំភ្លើង​ដល់​កង​នាវា​កម្ពុជា ​និង​យល់​ដឹងពីរបៀប​ទំនាក់​ទំនង​គ្នា​ដោយ​ប្រើ​ភាសា​កាយវិការ​ពី​កង​នាវា​កម្ពុជា​មក​វិញ​ផង​ដែរ។​

លោកឧត្តម​សេនីយ៍​ទៀ វិន មេបញ្ជាការ​នៃ​កង​នាវាចរណ៍​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ដែរ​ថា​ ​សម​យុទ្ធ​យោធា​លើ​ផ្ទៃ​ទឹកនេះ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ដើម្បី​ជួប​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី ក៏​ដូចជា​ថ្នាក់​តំបន់​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក។​

លោក​វរនាវីឯក​ Fred Kacher ​ថ្លែង​ថា​ សម្រាប់​សម​យុទ្ធ​នៅ​ឆ្នាំ​ក្រោយ​លោក​ចង់​ឃើញ​កង​នាវា​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ហ្វឹកហាត់​លើ​ការ​ងារ​ពិបាកៗជាង​សម​យុទ្ធនៅ​ឆ្នាំ​២០១៤ ដើម្បី​អាច​ពង្រឹង​សមត្ថភាពរបស់​កង​នាវា​នៃ​ប្រទេស​ទាំង​ពីរឲ្យ​កាន់​តែប្រសើរ​ឡើង៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG