ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ​​អង់គ្លេស​និង​ប្រទេស​ប្រជា​ធិបតេយ្យ​ ​ជំរុញឱ្យ​ចិន​គោរព​ការ​ប្តេជ្ញាចិត្ត​អំពី​ទីក្រុង​ហុងកុង ​មុន​ខួប​ប្រគល់​ហុងកុង​ឱ្យ​ចិន


មនុស្ស​ម្នា​គ្រវី​ទង់ជាតិ​ចិននិង​ហុងកុង ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​ទី ២៥ នៃ​ការ​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឱ្យ​ចិន​ពី​ចក្រភព​អង់គ្លេស នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។
មនុស្ស​ម្នា​គ្រវី​ទង់ជាតិ​ចិននិង​ហុងកុង ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​ទី ២៥ នៃ​ការ​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឱ្យ​ចិន​ពី​ចក្រភព​អង់គ្លេស នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។

នៅ​មុន​ខួប​លើក​ទី​២៥​នៃ​ការ​ប្រគល់​ហុងកុង​ឱ្យ​នៅក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​នោះ​ សហ​រដ្ឋ​អាមេរិក​ និង​អង់គ្លេស​បាន​ចូលរួម​ជាមួយ​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀតជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធានា​ស្វ័យភាព​ និង​សេរីភាព​របស់​អតីត​ទីក្រុង​ក្រោម​អាណានិគម​អង់គ្លេស​នេះ។​

ប្រធានាធិបតី​ចិន​លោក ​Xi Jinping ​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ពិធី​រំឭក​ខួប​នេះ​ដោយ​ផ្ទាល់ ​ ហើយ​នឹង​ជា​លើក​ទី​មួយ​ដែល​លោក ​Xi ​បាន​ចាក​ចេញ​ពី​ចិន​ដីគោក​ ចាប់​តាំង​ពី​ការ​ផ្ទុះជំងឺ​កូវីដ១៩។​

កាលពី​ថ្ងៃ​អង្គារ​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​សន្តិសុខ​មួយ​ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ហុងកុង​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​កន្លែង​ប្រមូល​ផ្តុំ​ធំៗ​ និង​ចៀសវាង​ការ​ថតរូប​ប៉ូលិស​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​ការិយាល័យ​កិច្ចការ​កុងស៊ុល​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង ​Twitter ​ថា ​«លោក​ប្រធានាធិបតី ​Xi Jinping ​ទំនង​ជានឹង​ទៅ​ទស្សនកិច្ច​ទីក្រុង​ហុងកុង​ពី​ថ្ងៃ​ទី ​៣០​ ខែ​មិថុនា​ដល់​ថ្ងៃ​ទី ១ ​ខែ​កក្កដា ​ចូលរួម​ពិធី​រំឭក​ខួប​២៥​ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​ឱ្យ​ចិន​និង​សម្ពោធ​ការិយាល័យ​នាយក​ប្រតិបត្តិ។​ ​ប៉ូលិស​ហុងកុង​អាច​នឹង​ដាក់​ពង្រាយ​កម្លាំង​ជាង​១​ម៉ឺន​នាក់​សម្រាប់​សន្តិសុខ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ»។​

មេដឹក​នាំមក​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​គឺ​G-7​ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ធ្វើ​សកម្មភាព​ស្រប​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ក្រោម​សន្ធិ​សញ្ញា​កំណត់​ដោយ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស​កាលពី​ឆ្នាំ​១៩៨៤។ ​សេចក្តី​ថ្លែង​ការណ៍​របស់​មេ​ដឹកនាំ ​G-7 ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​«យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស ​និង​ច្បាប់​មូលដ្ឋាន​ ដែល​បញ្ជាក់​ពី​សិទ្ធិ ​សេរីភាព​និង​កម្រិត​ស្វ័យភាព​ខ្ពស់​សម្រាប់​ហុងកុង»។

នៅ​ទីក្រុង​ហុងកុង ​ប៉ូលិស​កំពុង​រឹតបន្តឹង​សន្តិសុខ​ ដោយ​ហាម​ការ​បង្ហោះ​ drones ​នៅ​ទូទាំង​ទីក្រុង​នេះ​ និង​មាន​ការ​ការ​បិទ​ផ្លូវ​ផង​ដែរ។​

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​នៅ​ហុងកុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​

ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ទូលំ​ទូលាយ​មួយ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​រដូវ​ក្តៅ​ឆ្នាំ​២០២០​ ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំងនៅ​ក្នុង​ទីក្រុង​ហុងកុង​ បន្ទាប់ពី​មាន​ការ​តវ៉ា​ដ៏ធំ ​និង​ពេល​ខ្លះ​មាន​ហិង្សា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៩។​

កាលពី​ដើម​ឆ្នាំ​នេះ ​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ រដ្ឋាភិបាល​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ (PRC)​ បាន​ចាត់​វិធាន​ការ​ថ្មី​ដែល​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​ផល​ប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហុងកុង​ និង​ការ​លុប​បំបាត់​មិន​ឱ្យ​លទ្ធភាព​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង​ អាច​ដើរ​តួនាទី​ដ៏​មាន​អត្ថន័យ។ ​សកម្មភាព​ទាំង​នោះ​បាន​បំពាន​លើ​កាតព្វកិច្ច​របស់​ចិន​ ក្រោម​ច្បាប់​សេរីភាព​មូលដ្ឋាន​របស់​ហុងកុង ​និង​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស​ឆ្នាំ ​១៩៨៤​ ដែល​បាន​សន្យា​ថា​ ហុងកុង​មាន​ស្វ័យភាព​កម្រិត​ខ្ពស់។​

មន្ត្រីចិន​បាន​និយាយ​ថា ​ហុងកុង​គឺ​ជា​បញ្ហា​ក្នុង​ស្រុក ​ហើយ​សហ​រដ្ឋ​អាមេរិក​មិន​គួរ​ជ្រៀតជ្រែក​ឡើយ។​ ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ដើម​ខែ​នេះ​ថា​ «អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​ធ្វើ​គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង ​និង​ធ្វើឱ្យ​ទីក្រុង​ហុងកុង​ក្លាយ​ជា​«ក្បាល​ស្ពាន»​ សម្រាប់​ការ​ជ្រៀត​ចូល​ និង​ការ​ជ្រៀត​ជ្រែក​ប្រឆាំង​នឹង​ចិន»។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​«វាយ​ប្រហារ​ និង​លាបពណ៌»​ច្បាប់​សន្តិសុខ​ជាតិ​ឆ្នាំ​២០២០៕

XS
SM
MD
LG