ប្រទេសចិនបានបង្កើនចំនួនយន្តហោះយោធាហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់នៅឯសមុទ្រ។ ក្រុមអ្នកវិភាគជឿថា ទង្វើនេះត្រូវបានរៀបចំឡើងដើម្បីផ្ញើសារមកសហរដ្ឋអាមេរិក ជាជាងគំរាមកំហែងតៃវ៉ាន់។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០មក យន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកមួយចំនួនតូចរបស់កងទ័ពរំដោះប្រជាជនចិនបានហោះលើផ្នែកនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ស្ទើរតែរាល់ថ្ងៃ។
ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់និយាយថា ចិនបានហោះហើរ ២៩ លើកកាលពីអង្គារ និង ២២លើកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ផែនទីដែលចេញផ្សាយដោយក្រសួងនេះបង្ហាញថា ទាំងនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានយន្តហោះមួយគ្រឿងបានហោះជុំវិញឆ្នេរភាគខាងត្បូងកោះតៃវ៉ាន់ ប៉ុន្តែនៅឈូងសមុទ្រឆ្ងាយពីឆ្នេរ មុនបកត្រឡប់ទៅវិញ។ យន្តហោះទាំងអស់បានឆ្លងកាត់ជ្រុងមួយនៃតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់នៅសមុទ្រភាគខាងលិចនៃទីក្រុងកំពង់ផែ Kaohsiung។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ចិនក្នុងទសវត្សរ៍១៩៤០ នៅពេលដែលអ្នកជាតិនិយមរបស់លោកជៀង កៃឆេក បានចាញ់សង្គ្រាមពួកកុម្មុយនិស្តរបស់លោកម៉ៅ សេទុង ហើយធ្វើមូលដ្ឋាននៅទីក្រុងតៃប៉ិ។ រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ខ្លួននឹងប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់ ដើម្បីបង្រួបបង្រួមភាគីទាំងពីរ។
លោក Denny Roy មន្ត្រីជាន់ខ្ពស់នៅអង្គការស្រាវជ្រាវគោលនយោបាយ ឈ្មោះEast-West Center នៅរដ្ឋ Hawaii បាននិយាយថា «ការវោហាស៍លេចធ្លោនៅក្នុងប្រទេសចិនគឺថា សហរដ្ឋអាមេរិកកំពុងលើកកម្ពស់ឯករាជ្យភាពតៃវ៉ាន់កាន់តែខ្លាំងដើម្បីទប់ស្កាត់ប្រទេសចិន។ ឥឡូវនេះ ជនជាតិចិនកំពុងតាមរកភស្តុតាងដែលអាចបញ្ជាក់ពីរឿងនេះ។ ដោយខ្វះវិធីសាស្រ្តថ្មីប្រកបដោយភាពច្នៃប្រឌិតនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្លាក់ចុះទ្វេដងនូវអ្វីដែលបានក្លាយទៅជាទម្រង់ការបង្ហាញសញ្ញាយោធាអរិភាពរបស់ខ្លួន»។
ថ្ងៃទី ១៣ ខែមិថុនា ក្រសួងការបរទេសចិនបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងមានអធិបតេយ្យភាពលើច្រកសមុទ្រតៃវ៉ាន់ ដែលនាំឱ្យមានការប្រឆាំងពីសហរដ្ឋអាមេរិក បួនថ្ងៃក្រោយមក។ សហរដ្ឋអាមេរិកថែមទាំងបានអំពាវនាវនៅថ្ងៃទី ១៧ ខែមិថុនាឱ្យប្រទេសចិនបញ្ចប់«សកម្មភាពបង្កហេតុ»និង «គោរពច្បាប់អន្តរជាតិ» នៅសមុទ្រចិនខាងត្បូងដែលនៅជាប់គ្នានោះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ច្រកសមុទ្ររវាងតៃវ៉ាន់និងចិនជាដែនទឹកអន្តរជាតិដែលគួរតែបើកចំហសម្រាប់សម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនដូចជារដ្ឋាភិបាលទីក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងម៉ានីល។ រដ្ឋាភិបាលអាមេរិកគាំទ្រតៃវ៉ាន់ក្រៅផ្លូវការ ទោះបីភាគីទាំងពីរមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
រដ្ឋាភិបាលទីក្រុងប៉េកាំងទាមទារដាច់ដោយឡែកពីគ្នាយក ភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្បូរដោយធនធានទាមទារដោយតៃវ៉ាន់ និងប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា តំបន់នេះគួរតែបើកចំហចំពោះចរាចរណ៍អន្តរជាតិផងដែរ។
កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ។
អ្នកវិភាគនិយាយថាការឆ្លើយឆ្លងទាំងនេះជាហេតុផលនាំឱ្យមានកំណើនការហោះហើរចូលដែនអាកាសតៃវ៉ាន់៕