ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​លោក Biden ព្រមាន​ជាថ្មី​អំពី​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ


រូបឯកសារ៖ កុំព្យូទ័រ​មួយ​គ្រឿង​ដែល​ត្រូវបាន​ដាក់​បង្ហាញ​ដោយ​មាន​លេខកូដ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ កុំព្យូទ័រ​មួយ​គ្រឿង​ដែល​ត្រូវបាន​ដាក់​បង្ហាញ​ដោយ​មាន​លេខកូដ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

ទាំង​រដ្ឋបាល​សហរដ្ឋ​អាមេរិក​របស់លោក​ប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​ជាប់​ឆ្នោតលោក​ Joe Biden បាន​ព្រមាន​ជា​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍អំពី​ការលួចចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​នៅ​ជុំវិញ​ពិភពលោក ​ដែល​ពួក​មន្ត្រី​សង្ស័យ​ថា បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី។

អង្គភាព​សន្តិសុខ​កុំព្យូទ័រ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក បាន​ឲ្យដឹង​ថា ការលួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​នេះ «បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​មូលដ្ឋាន កុលសម្ព័ន្ធនិង​អាជ្ញាធរ​ដែនដី​ និងអង្គភាពហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ និង​ក្រុមហ៊ុន​ឯកជន»។

សេចក្តី​រាយការណ៍​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ថា ក្រសួង​ថាមពល​ និងក្រុមហ៊ុន​ Microsoft របស់​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ក្នុង​ចំណោម​ទីកន្លែង​នានាដែល​ប៉ះពាល់​ដោយ​ការលួចចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​នេះ។ ក្រសួង​រតនាគារ​និង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ប្រទះ​ឃើញ​ការវាយ​ប្រហារ​នេះ​មុនគេ។

អង្គភាព​សន្តិសុខ​កំុព្យូទ័រ បាន​ព្រមាន​ថា ការដក​មេរោគ​កំព្យូទ័រ​ចេញពីបណ្តាញ Software នឹង​មានភាព​ស្មុគ្រស្មាញ​ និង​ពិបាក​មួយ​។

ក្រសួង​ថាមពល​ បាន​បញ្ជាក់​ថា ការវាយ​ប្រហារ​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​តែ​បណ្តាញ​ជំនួញ​របស់​ខ្លួន​ប៉ុណ្ណោះ។

ទីភ្នាក់​ងារ​ព័ត៌មាន Reuters បាន​រាយការណ៍កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា ក្រុមហ៊ុន Microsoft ក៏​បាន​រងការប៉ះពាល់​ដោយ​ការលួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​នេះ ក៏ប៉ុន្តែ មិន​អាច​បញ្ជាក់​ថា តើ​ក្រុមហ៊ុន​នោះ បាន​រងការប៉ះពាល់​ធំ​ប៉ុណ្ណានោះទេ។

លោក Biden ដែលនឹង​ត្រូវឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​២០​ មករា​ខាងមុខ បាន​ថ្លែងថា៖ «មាន​រឿង​ច្រើនណាស់​ដែល​យើង​មិនទាន់ដឹង ប៉ុន្តែ​អ្វីដែល​យើង​បានដឹង ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​ណាស់»៕

XS
SM
MD
LG