ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចោទ​យោធា​រុស្ស៊ី ៦ នាក់​ថា បាន​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ជា​សាកល


រូបឯកសារ៖ បុរស​ម្នាក់​កំពុងតែ​វាយ​អក្សរ​លើ​កំព្យូទ័រ​យួរដៃ ខណៈ​ដែល​មាន​ការបញ្ចាំង​អក្សរកូដ​ទៅ​លើ​រូប​លោក ថត​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ចោទ​ប្រកាន់​មន្ត្រី​យោធា​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​រុស្ស៊ី​ចំនួន ៦ នាក់ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំុព្យូទ័រ​ជា​សកល ដែល​បាន​កំណត់​គោលដៅ​វាយ​ប្រហារ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ក្នុង​ឆ្នាំ ២០១៧ និង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្នាំ ២០១៨ និង​បាន​ប្រព្រឹត្តិ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ផ្សេងៗ​ទៀត។

មន្ត្រី​ផ្នែក​អនុវត្ត​ច្បាប់​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ដែល​បាន​ធ្វើ​ចន្លោះ​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២០ នេះ គឺ​ជា «ការ​រំខាន​និង​អន្តរាយ​បំផុត» ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​តែ​មួយ​ក្រុម​ប៉ុណ្ណោះ។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា អ្នក​លួច​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង ៦ នាក់​នេះ គឺ​ជា​មន្ត្រី​យោធា​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី ដែល​គេ​ស្គាល់​ថា GRU ដែល​អ្នក​ទាំង​នេះ «បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ និង​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ សងសឹង នឹង​បង្ក​អស្ថិរភាព» ដល់​ស្ថាប័ន និង​អង្គភាព​ណា ដែល​គេ​យល់​ថា​ប្រឆាំង​នឹង​រុស្ស៊ី។

ក្រុម​តែ​មួយ​នេះ ដែល​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត​ស្គាល់​ថា​ជា​ក្រុម Sandworm ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ការ​លួច​ចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG