រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់កាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកត្រូវបានលួចចូលតាមអ៊ីនធឺណិតដោយក្រុមដែលមានការគាំទ្រពីរដ្ឋាភិបាលបរទេស។
អ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតជឿថា ប្រទេសរុស្ស៊ីទំនងជាអ្នកដែលស្ថិតនៅពីក្រោយនៃការវាយប្រហារតាមអ៊ីនធឺណិតនេះលើក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ការវាយប្រហារនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិកហៅថា ជាការវាយប្រហារដ៏ផ្ចិតផ្ចង់បំផុតមួយលើប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានស្នើឲ្យទីភ្នាក់ងារសន្តិសុខ អ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ឲ្យធ្វើការស៊ើបអង្កេត។ យើងមិនអាចអត្ថាធិប្បាយបន្ថែមទៀតបានទេនៅពេលនេះ»។
ទាំងទីភ្នាក់ងារ FBI និងទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិ សុទ្ធតែបានស៊ើបអង្កេតលើការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះ។ ទំហំនៃការលួចចូល គោលបំណង ឬក៏ថាតើទីភ្នាក់ងារផ្សេងទៀតត្រូវបានរងការប៉ះពាល់ដែរឬក៏យ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
លោក John Ullyot អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងអំពីសេចក្តីរាយការណ៍ទាំងនេះ ហើយយើងកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែលអាចកើតឡើងនានាទាក់ទិននឹងស្ថានការណ៍នេះ»៕