ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ជាក់​ជា​ថ្មី​អំពី​ការតាំងចិត្ត​នៅ​ក្នុង​ការរក្សា​សន្តិភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ពេល​លោក​ចូលរួម​នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៧ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​គោរព​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅ​ក្នុង​ការ​ធានា​ថា​ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​តៃវ៉ាន់​គឺ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី។

លោក Blinken បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​បណ្ដាញ​ព័ត៌មាន Bloomberg News ថា៖ «ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ សហរដ្ឋ​អាមេរិក​គាំទ្រ​នូវ​អំណះអំណាង​រាប់​ទសវត្សរ៍​កន្លង​មក​ដែល​ថា​ការ​ខ្វែង​គំនិត​គ្នា​ទាំង​នេះ​ចាំបាច់​ត្រូវ​ចាត់ចែង​និង​ដោះស្រាយ​ដោយ​សន្តិវិធី ស្ថានការណ៍​បច្ចុប្បន្ន [នៅ​ច្រក​សមុទ្រ​តៃវ៉ាន់] មិន​អាច​និង​មិន​គួរ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​ឯកតោ​ភាគី ជា​ពិសេស​តាម​រយៈ​ការ​ប្រើ​កម្លាំង ហើយ​សហរដ្ឋ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ជា​យូរ​មក​ហើយ​លើ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ខ្លាំងក្លា​ជា​មូលដ្ឋាន ដែល​នេះ​ជា​ចំណាប់​អារម្មណ៍​ដែល​សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​នៅ​ក្នុង​ការ​គោរព»។

ការ​លើកឡើង​របស់​លោក Blinken នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក Xi បាន​ប្រាប់​គណៈប្រតិភូ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ថា វា​គឺ​ជា «បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ការ​តាំងចិត្ត​មិន​ងាករេ» របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ទាំងស្រុង​ជាមួយ​តៃវ៉ាន់​និង​យក​តៃវ៉ាន់​ឱ្យ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន។

កន្លងមក មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក Xi ប្រហែល​ជា​ប៉ុនប៉ង​ដណ្ដើម​គ្រប់គ្រង​តៃវ៉ាន់​ឱ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០២៧ ខាង​មុខ គឺ​នៅ​ចំ​ខួប​ទី ១០០ ឆ្នាំ​របស់​យោធា​រំដោះ​ប្រជាជន​ចិន (People's Liberation Army (PLA))។ ប៉ុន្តែ កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​អាមេរិក​បាន​ព្រមាន​ថា ចិន​កំពុង​បង្កើន​ល្បឿន​នៃ​ការ​ដណ្ដើម​គ្រប់គ្រង​តៃវ៉ាន់​នេះ​ឱ្យ​បាន​លឿន​ជាង​នេះ​ទៅ​ទៀត៕

XS
SM
MD
LG