ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​កុំ​បណ្តេញ​អង្គការ និង​សារព័ត៌មាន​ឯករាជ្យ


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ម្នាក់ ​គឺ​អ្នកស្រី ​Heather Nauert។
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ម្នាក់ ​គឺ​អ្នកស្រី ​Heather Nauert។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​អង្គការ និង​សាព័ត៌មាន​ឯករាជ្យ បន្ត​កិច្ចការ​របស់​ពួកគេ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ការ​ទទូច​ដូច្នេះ​កើត​ឡើង ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្រមាន​បណ្តេញ​អង្គការ​ស.រ.អា និង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ហេតុផល​ផ្សេងៗ។

ក្រសួង​ការបទេស​ស.រ.អា.បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បន្ត​ច្បាប់​ជូន​អង្គការ​ឯករាជ្យ​នានា​ សារព័ត៌មាន​ឯករាជ្យ​នានា​ ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) របស់​ស.រ.អា.​ និង​កាសែត ​The Cambodia ​Daily ​ជាដើម ​ដោយ​មិន​ត្រូវ​បណ្តេញ​ចេញ​ ឬ​បញ្ឈប់​សកម្មភាព​ពួកគេ​ទេ។​ ការនេះ​គឺ​ដើម្បី​ធានា​ភាព​សេរី និង​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត។​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ម្នាក់ ​គឺ​អ្នកស្រី ​Heather Nauert ​បាន​ទទូច​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ ​NDI និង​កាសែត​ The Cambodia Daily ​ហើយនឹង​អង្គការ​ព័ត៌មាន ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ផ្សេងទៀត ​បន្ត​សកម្មភាព​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ។ ដូច្នេះ​ ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨ ​អាចប្រពឹត្ត​ទៅ​ដោយ​មាន​បរិយាកាស​សេរី និង​បើក​ទូលាយ‍»។

កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។
កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ ដែល​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ ទី២៣​ ខែសីហា​នេះ​ ឱ្យដឹងថា​ អាជ្ញាធរ​កម្ពុជា​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​(NDI)​ ទាំងស្រុង​ក្នុង​ប្រទេស​ ដើម្បី​ធានា​ការអនុវត្តន៍​ត្រឹមត្រូវ​ និង​ប្រសិទ្ធ​ភាពច្បាប់​ ពង្រឹង​នីតិរដ្ឋ ​និង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​ ក្រសួងការ​បរទេស​កម្ពុជា​ដែល​ទុក​រយៈពេល​៧ថ្ងៃ​ ដល់​អង្គការ​នេះ បាន​យោង​ថា អង្គការ​នេះ​បានធ្វើ​សកម្មភាព​មិនស្រប​ច្បាប់ បន្ថែមពីលើការចោទ​ប្រកាន់​ដែលថា អង្គការនេះ​ធ្វើសកម្មភាព​ប៉ុនប៉ង​ផ្តួល​រំលំរដ្ឋាភិបាល។

បន្ថែម​លើនេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​បណ្តេញ​ចេញ​កាសែត​ The Cambodia Daily​ ដែល​ជា​កាសែត​ឯករាជ្យ​មួយ​ថា​ មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​អស់​រយៈពេល​១០ឆ្នាំ​ ទោះបីជា​កាសែតនេះ​ទាមទារ​ឲ្យមាន​ការ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ដោយ​តម្លាភាព​តាម​ច្បាប់​ជាមុន​ក្តី។​ កាសែត​នេះ​ត្រូវបាន​រដ្ឋាភិបាល​ទុក​ឳសានវាទ​ បង់ពន្ធ​នូវ​ចំនួន​ទឹកប្រាក់​ ៦លាន​ ៣សែនដុល្លារ​ ត្រឹមថ្ងៃ​ទី៤ ខែកញ្ញា​ខាងមុខ។

ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រសួងការ​បរទេស​ស.រ.អា ​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បរិយាកាស​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ នៅពេល​ដែល​កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ បាន​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដោយ​តម្លាភាព ​និង​អហិង្សា​ ទៅកាន់​សកម្មភាព​ដែល​បន្ថយ​សេរីភាព​ព័ត៌មាន និង​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល។

លោកស្រី​ Heather Nauert ​បាន​បញ្ជាក់​ថា​ រឿង​នោះ​គឺ​កើត​ឡើង​ដោយ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ក្នុងការ​បណ្តេញ​អង្គការ ​NDI ​កាលពីថ្ងៃ​ទី២៣ ​ខែសីហា​ពី​កម្ពុជា​ របាយកាណ៍​ស្តី​អំពី​ការបិទ​វិទ្យុ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ជំទាស់​ ហើយនឹង​ការ​ស៊ើប​អង្កេត​ពន្ធ​ លើ​សារព័ត៌មាន​ និង​អង្គការ​ឯករាជ្យ រួមទាំង​កាសែត ​The Cambodia Daily ​វិទ្យុ​សំឡេងស.រ.អា ​VOA​ វិទ្យុ​អាស៊ី​សេរី (RFA) ​ហើយនឹង​អង្គការ​នានា​ ដូចជា​អង្គការ​អាដហុក​ អង្គការ​ខុមហ្វ្រែល​ជាដើម។

លោកស្រី​បាន​បន្ត​ថា​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​Rex Tillerson បាន​ពិ​ភាក្សា​ជាមួយ​សមភាគី​កម្ពុជា​របស់​លោក​កាលពី​ខែមុន​ និង​សប្តាហ៍​ថ្មី ​ហើយ​ឯកអគ្គរដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​កម្ពុជា​ក៏បាន​ពិភាក្សា​ជាមួយ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ផងដែរ​អំពី​បញ្ហា​កម្ពុជា។

«មាន​កិច្ចពិភាក្សា​ជាច្រើន​នៅ​ពី​ក្រោយ​ឆាក​ដែល​យើង​បាន​ធ្វើ​តាមរយៈ​ការទូត​ក្នុង​កិច្ច​ប្រជុំ​បិទទ្វារ​ ពីព្រោះ​នៅក្នុង​ប្រទេស​ខ្លះ​ ការធ្វើ​ដូច្នេះ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​រដ្ឋាភិបាល​នានា​ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ។​ ដូច្នេះ​យើងនឹង​បន្ត​កិច្ចពិភាក្សា​គ្នា‍»។

លោក​ស្រី​ថ្លែង​ដូច្នេះ ក្រោយ​ពេល​ដែល​មាន​ការ​លើក​សំណួរ​ថា​ ប្រសិន​បើ​កម្ពុជា​មិន​ព្រម​ធ្វើ​តាម តើ​នឹង​មាន​ផលវិបាក​អ្វី​កើត​ឡើង។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​មិនចង់​ទស្សន៍ទាយ​ពី​ការណ៍​នោះ​ទេ។ តែ​លោកស្រី​ថា ស.រ.អា នៅមាន​កិច្ចពិភាក្សា​បន្ត។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជាតិ​នៅខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​ ក្រោយពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ បាន​ធ្វើ​រួច​កាល​ពីខែ​មិថុនា។​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដែល​មាន​លក្ខណៈ​សេរី ​យុត្តិធម៌ ​អាច​ទទួល​យក​បាន​នោះ​ បាន​ធ្វើឲ្យ​គណបក្ស​ជំទាស់​កើន​សំឡេង​យ៉ាង​ខ្លាំង​ពី​ចំនួន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាង​៤០​ មក​ដល់​ជិត៥០០​ ក្នុង​ចំណោម​ជាង១៦០០​ឃុំសង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​គណបក្ស​ជំទាស់​បាន​ឈ្នះ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​សឹងពាស​ពេញ​ប្រទេស៕

ទស្សនា​សេចក្តី​ដកស្រង់​នៃ​សន្និសីទសារព័ត៌មានរបស់អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក គឺអ្នកស្រី Heather Nauert ខាងក្រោយ​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អត្ថបទ​ទាក់ទង

XS
SM
MD
LG