ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​ហ៊ុន សែន​​​បន្ត​ព្រ​មាន​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំមើល​ ​មុន​ការ​បោះឆ្នោត​២០១៨


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ បង្ហាញ​ម្រាមដៃ​ជាប់​ទឹកខ្មៅ​ បន្ទាប់​ពី​ចូលរួម​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​មណ្ឌល​បោះឆ្នោត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី០៤​ ខែ​មិថុនា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

បន្ទប់​ស្ថានការណ៍​បាន​បង្កើត​ឡើង​ដោយ​ក្រុមអង្គការ​សង្គម​ស៊ីវិល​​ចំនួន​ជាង​៤០​ ​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​មាន​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​ ​ជា​អង្គការ​បង្គោល​​ក្នុង​ការ​​បង្កើត​ឲ្យ​មាន​បន្ទប់​ស្ថាន​ការណ៍​ ​ឃ្លាំមើល​ស្ថាន​ការណ៍​ក្នុង​ពេល​ការ​បោះឆ្នោត​​នា​ពេល​​កន្លង​មក។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាសមិន​ឲ្យ​មាន​ស្ថានភាព​នយោបាយ​ដូច​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ​និង​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​ ដើម្បីឃ្លាំមើល​ការ​បោះឆ្នោត​ ​កើត​មានក្នុង​ឆ្នាំ​២០១៨​ ​ដែល​ជា​ឆ្នាំ​បោះឆ្នោត​ដ៏​សំខាន់​នោះ​ទេ។​ ​ការ​ប្រកាស​នេះ​ត្រូវ​បានសង្គម​ស៊ីវិល​ ​និង​បក្ស​ប្រឆាំង​លើក​ឡើង​ថា​ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ ​និង​លទ្ធផល​បោះឆ្នោត​ខាង​មុខ។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​បាន​បន្ត​ព្រមានក្រុមប្រឆាំង​ ​និង​សង្គម​ស៊ីវិលដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ដោយ​ប្រកាស​មិន​ឲ្យ​មាន​ស្ថានភាព​នយោបាយ​ ​ដូច​កាល​ពី​ការ​បោះ​ឆ្នោតឆ្នាំ​២០១៣ ម្តង​ទៀត​នោះ​ទេ។​ ​លោក​ ​ហ៊ុន សែន​ក៏​បាន​ប្រកាស​មិន​ឱ្យ​មាន​ការបង្កើត​បន្ទប់ស្ថាន​ការណ៍​ ​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ ​ខណៈការ​បោះឆ្នោតថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ​នឹងធ្វើឡើងក្នុ​ង​រយៈពេល​១១​ខែ​ទៀត។​

ថ្លែង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី២​ ​ស្តីពី​ការ​ការពារ ​និង​អភិរក្ស​ធនធាន​ធម្ម​ជាតិ ដែល​ធ្វើ​ឡើង​ក្នុង​វិមាន​សន្តិភាព​ ​លោក​ ហ៊ុន សែន​ ​បាន​លើក​ឡើងថា​ ​ការ​បោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើបាតុកម្ម​តវ៉ាមិនទទួល​ស្គាល់​លទ្ធផល​ ​និង​ការ​ជេរប្រមាថ​ណាមួយ​ ​ដូចកាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ​កើត​ឡើង​ម្តង​ទៀត​នោះ​ទេ។​ ​លោកនាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​ក៏​បាន​ព្រមានក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការពាក់ព័ន្ធ​នឹង​ការ​ឃ្លាំមើល​ ​ការ​បោះឆ្នោត​ ​និង​ម្ចាស់ជំនួយ​បរទេស​របស់​ពួកគេ​ចំៗ​ឈ្មោះ​ថា​ ​នឹង​មិន​ឲ្យ​មាន «បន្ទប់​ស្ថានការណ៍»​ ​ដែល​បង្កើត​បាន​របាយ​ការណ៍​បង្ហាញពី​ភាព​អវិជ្ជមាន​ ​ឬ​ភាព​មិន​ប្រក្រតីពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​កើត​មាន​ក្នុង​ឆ្នាំ​២០១៨ ​ផង​ដែរ។​

លោក​ ​ហ៊ុន សែន​ ​ដ៏​មាន​ឥទ្ធិពល​ព្រមាន​យ៉ាង​ដូច្នេះ៖

«​អាបន្ទប់​ស្ថានការណ៍​ ​អត់​មាន​ឲ្យ​កើត​ឡើ​ងវិញ​ទេ​ណា។​ ​ឯកឧត្ដម​អេហ្គា [George Eagar, EU ambassador of Cambodia] ​ឯកឧត្ដម​ ​ឯង​ ​ក្រុមពួក​ឯក​ឧត្ដម​ ​ឯង​ ​អ្នក​ផ្ដល់​លុយ​ឲ្យ​ពួក​អាបន្ទប់​ស្ថាន​ការណ៍​ ​អា​បន្ទប់​ស្ថានការណ៍​មិន​ខុស​ពី​ទីប​ញ្ជាការ​សមរភូមិ​ទេ រឿង​អី​ដែល​អ្នកឯង​ត្រូវ​បង្កើត​នៅ​កម្ពុជា?​ ​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ឯង​បង្កើត​អាហ្នឹង​ទេ។​ ឥឡូវ​ខ្ញុំ​ដឹង អ្នកណា​ទម្លាក់​លុយ​ឲ្យ​អាខុម​ហ្វ្រែល​ ​អ្នកណា​ទម្លាក់​លុយ​ឲ្យ​អាណា។​ ​ខ្ញុំ​ដឹង!​ ​ប្រយ័ត្ន​ណា!​ ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​អត់មាន​ឲ្យ​អ្នកឯង​មក​ពាក់ព័ន្ធ»។​

បន្ទប់​ស្ថានការណ៍​បាន​បង្កើត​ឡើង​ដោយ​ក្រុមអង្គការ​សង្គម​ស៊ីវិលចំនួន​ជាង​៤០​ ​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​មាន​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​ ​ជា​អង្គការ​បង្គោលក្នុង​ការបង្កើត​ឲ្យ​មាន​បន្ទប់​ស្ថាន​ការណ៍​ ​ឃ្លាំមើល​ស្ថាន​ការណ៍​ក្នុង​ពេល​ការ​បោះឆ្នោតនា​ពេលកន្លង​មក។​

រូបឯកសារ៖ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​នាថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ បាន​វាយតម្លៃ​ចុងក្រោយ​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅមិន​ទាន់​សេរី​ និត​យុត្តិធម៌​ពេញ​លេញ។ (ហ៊ុល​ រស្មី/VOA)
រូបឯកសារ៖ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត​នាថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ បាន​វាយតម្លៃ​ចុងក្រោយ​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅមិន​ទាន់​សេរី​ និត​យុត្តិធម៌​ពេញ​លេញ។ (ហ៊ុល​ រស្មី/VOA)

​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​បន្ទប់​ស្ថានការណ៍​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​មុន ​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ​វិសមភាព​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​ ​និង​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ ​និង​តម្លាភាព​ ​ទីលាន​ប្រជែង​នយោបាយ​ខ្វះ​សមភាព​ ​និង​ភាព​ចម្រូងចម្រាស​នៃ​បទ​បញ្ញត្តិ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត​ ​និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ​ជា​ដើម។

សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថាន​ការណ៍​ដែល​ផ្សាយ​ចេញ​នា​ខែ​មិថុនា ​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ​និង​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ផ្លូវ​ច្បាប់​លើ​ក្រុម​បន្ទប់​ស្ថានការណ៍​នោះ​ជា​បន្ទាន់។​ ​ក្រោយ​មក​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ ​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ ​ដែល​បាន​បង្កើត​ជា​ ​«បន្ទប់​ស្ថានការណ៍»​ វាយតម្លៃ​ការ​បោះឆ្នោតនោះ​ ​ ​បាន​ធ្វើ​សកម្មភាព​ ដែល​មិន​មាន​ភាព​អព្យាក្រឹត​សម្រាប់​គណបក្ស​នយោបាយនីមួយៗ ព្រម​ទាំង​បាន​បញ្ជា​ឲ្យបន្ទប់​ស្ថានការណ៍​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​របស់​ខ្លួន។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រសួង​មហាផ្ទៃ​ ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ ​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​នូវ​បន្ទប់​ស្ថាន​ការណ៍​ទៀត​នោះ​ទេ​ បើ​ទោះ​ ​ជា​កន្លង​មក​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លើក​ឡើង​ថា​ ​ក្រុម​បន្ទប់​ស្ថាន​ការណ៍​អាច​ចុះ​បញ្ជី​ដើម្បី​ដំណើរ​ការឲ្យស្របតាម​ច្បាប់​ក៏​ដោយ។​ ​លោក​បន្ថែម​ថា​ ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ​ប្រសិនបើក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​នៅ​តែរឹងរូស​ ​មិន​អនុវត្ត​តាម។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​មាន​ប្រសាសន៍​ថា៖​

«​ទុកភារ​កិច្ច​ឲ្យ​ ​គ.ជ.ប​ ​ចុះ​។​គេ​ជា​ស្ថាប័ន​មួយ​ឯករាជ្យ​ពី​រដ្ឋាភិបាល​ ​គេ​គិត​យ៉ាង​ម៉េច​គិត​ទៅ។​ ​ប៉ុន្តែបើ​ស្ថាប័ន​របស់រ​ដ្ឋាភិបាល​ ​គឺ​ហាមដាច់ខាតមិនឲ្យមានជាបន្តទៅទៀត ព្រោះ​ជា​ការងារធ្វើឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​ ​បើ​ធ្វើ​ខុសច្បាប់​គឺ យើង​គ្មានអី​ គឺ​យើង​មាន​តែ​យក​ច្បាប់​ទៅ​បន្សាប​ហើយ»។​

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពីលោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​បាន​ទេ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​ ​ទោះជា​យ៉ាង​ណា​ ​កន្លងមក​អ្នក​នាំ​ពាក្យ​ គ.ជ.ប​ ​រូប​នេះ​ ​បាន​លើក​ឡើង​ថា​ ដើម្បី​ឲ្យ​សកម្មភាព​របស់​បន្ទប់​ស្ថាន​ការណ៍​មាន​ភាព​ស្រប​ច្បាប់​ លុះ​ត្រា​តែ​ពួកគេចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាមុន​សិន។​

លោក​ ​សុន ឆ័យ​ ​ប្រធានក្រុម​តំណារាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​ថា​ ​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ​ហើយ​ថា​ ​រាល់សិទ្ធិ​ទាំងនោះ​ត្រូវតែបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​មិន​គួរបិទ​ ​ឬ​បញ្ឈប់​មិន​ឲ្យ​មាន​ក្រុម​បន្ទប់​ស្ថាន​ការណ៍​ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នោះ​ទេ​ ​ដែល​លោក​អះអាង​ថា​ ​ក្រុម​បន្ទប់​ស្ថានការណ៍​ទាំង​នោះ​ ​អាច​ជួយ​ផ្ទៀងផ្ទាត់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ ​ព្រម​ទាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ​ឲ្យ​កាន់​តែ​មាន​ភាព​ត្រឹមត្រូវ។​

លោក​ ​សុន ឆ័យ​ ​បញ្ជាក់​ថា​៖​

​«គ្មាន​បុគ្គល​ណា​នៅក្នុង​ប្រទេស​ដែលប្រើ​សិទ្ធិអំណាច​ ដែល​បំពាន​ទៅ​លើគោល​ការណ៍​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ។​ ​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ ក្នុង​ការងារ​នយោបាយ​ ​សិទ្ធិ​ក្នុង​ការ​បង្កើត​សហគមន៍​ ​សមាគម ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​អី​ជា​ដើម។ ​ហើយ​ក្រុម​បន្ទប់​ស្ថានការណ៍​អី​ហ្នឹង​ ​សុទ្ធតែ​អង្គការ​ដែល​តាមដាន​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត​ ហើយ​យក​ការ​រក​ឃើញ​របស់​គាត់ហ្នឹង​ ចេញ​ជា​ការណែនាំ​ ឬក៏យោបល់​ ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​ឲ្យ​កែ​លម្អ ឬ​ក៏ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹមត្រូវអីជាដើម»។​

រូបឯកសារ៖ លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ (ឡេង ឡែន/VOA)

​លោក​ ​កង សាវាង្ស​ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ​ហៅ​កាត់​ថា​ខុមហ្វ្រែល​ ​ដែល​ជា​អង្គការ​បង្គោល​មួយ​ក្នុងការ​បង្កើត​បន្ទប់​ស្ថាន​ការណ៍​ ​លើក​ឡើង​ថា​ ​បន្ទប់​ស្ថាន​ការណ៍​ ​បង្កើត​ឡើង​ដោយ​ក្រុមអង្គការ​ដែល​បាន​ចុះ​បញ្ជី​នៅក្រសួង​មហាផ្ទៃ​ ​និង​ធ្វើ​ការងារ​ប្រកប​ដោយ​អព្យា​ក្រឹត្យ​ មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ​ការ​បិទ​ ​ឬ​បញ្ឈប់​មិន​ឲ្យ​បង្កើត​នូវ​បន្ទប់​ស្ថានការណ៍​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​ ​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​គ្រប់​ជ្រុង​ជ្រោយ។​

លោក ​កង សាវាង្ស​ ​មាន​ប្រសាសន៍​ថា៖

«ប្រទេស​កាន់​លទ្ធិប្រជាធិប​តេយ្យ​ ​គេ​មាន​ការ​បើក ឲ្យ​មានការ​ចូលរូម​ពីសង្គម​ស៊ីវិល​ ពីភាគី​ពាក់ព័ន្ធ។​ ​អញ្ចឹង​អា​នេះ​គឺជា ការ​ចូលរួម​មួយ​របស់​សង្គម​ស៊ីវិល​ ​ពី​ភាគី​ពាក់ព័ន្ធ​ ​ទាក់​ទង​ទៅ​លើ​ការ​ឃ្លាំមើល។​ ​ហើយ​បើ​សិន​ជា​ការ​ឃ្លាំមើល​ត្រូវបាន​ហាមឃាត់​ ​អានេះ​គឺ​ថា​តើ​ដំណើរការ​វាបែប​ណាអី​ ​ទុកឲ្យ​ខាង​មតិ​សាធារណៈ​ជន​គេ​វាយ​តម្លៃចុះ»។​

​កាលពី​សប្តាហ៍​មុន​ ​អ្នកស្រី​ រ៉ូណា ស្មីត​ ​អ្នក​រាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ទើបចាកចេញ​ពី​កម្ពុជា​ក្រោយ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ​ ​បាន​ផ្តល់​អនុសាសន៍​ថា ​ កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ និង​ត្រូវផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អនុវត្តន៍​សិទ្ធិ​របស់​ពួកគេ​ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។​ ​ជាង​នេះ​ទៀត​ អ្នកស្រី​បាន​ថ្លែង​គាំ​ទ្រ​ក្នុង​ការ​បើក​ឲ្យមាន​ ​«បន្ទប់​ស្ថានការណ៍»​ ​ដើម្បី​ឃ្លាំមើល​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕

XS
SM
MD
LG