ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត


ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The Cambodia Daily) ជាង​ពីរ​សប្តាហ៍​ ដើម្បី​បង់​ពន្ធ​ចំនួន​ ៦លាន​ ១ សែន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិន​បាន​បង់​ជូន​រដ្ឋ​តាំង​ពី​ឆ្នាំ​ ២០០៧​មក។ ម្ចាស់​កាសែត​នេះ​ច្រាន​ចោល​ចំនួន​លុយ​ពន្ធ​នេះ​ ហើយ​បាន​ចោទ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ថា​កំពុង​ព្យាយាម​បិទ​កាសែត​នេះ។​

​ម្ចាស់​កាសែត​ The Cambodia Daily​ ​(ឌឹ​ ខេមបូឌា​ ដេលី)​ ​បាន​ប្រកាស​ច្រានចោល​លុយ​ពន្ធ​ចំនួន​ជាង​ ៦លាន​ដុល្លារ​ ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​តម្រូវ​ឲ្យ​កាសែត​នេះ​បង់​ជូន​រដ្ឋ​ ​ហើយ​ហៅ​ការ​ចាប់​បង្ខំ​ឱ្យ​បង់​ពន្ធ​នេះ​ថា ជា​ការ​សង្កត់​សង្កិន​មាន​លក្ខណៈ​នយោបាយ​ ​និង​ចេតនា​បិទ​កាសែត​ដែល​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។

អ្នកស្រី​ Deborah Krisher-Steele ​ដែល​អះអាង​ថា​ ​បាន​ទិញ​កាសែត​ ឌឹខេមបូឌា​ដេលី​ ​ពី​លោក​ Bernard Krisher ​កាល​ពី​ខែ​មេសា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ ឬ Email កាល​ពីថ្ងៃ​អាទិត្យ​ថា​ ​ចំណាត់​ការ​ពន្ធដារ​ ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ធ្វើ​មក​លើ​កាសែត​ ឌឹខេមបូឌា​ដេលី​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ចង់​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ «ត្រូវ​ជាប់​ពន្ធ»។​ អ្នក​ស្រី​បាន​បន្ត​ថា​ តាំង​ពី​ការ​ប្រកាស​នោះ​មក​ កាសែត​ ឌឹខេមបូឌា​ដេលី​ មិន​ដែល​ទទួល​បាន​ការ​ធ្វើ​សវនកម្ម​ ឬ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ។

​ដោយ​ការ​មិន​ទទួល​បាន​ការធ្វើ​សវនកម្ម​ត្រឹមត្រូវ​នេះ​ អ្នកស្រី​ ​Deborah​ ​លើក​ឡើង​ពី​ក្តី​បារម្ភ​ថា​ ចំនួន​ទឹកប្រាក់​ពន្ធ​ដ៏ច្រើន​ចំនួន​ ៦.១លានដុល្លារ​ ជា​ចំនួន​មិន​ពិត​ប្រាកដ​ ហើយ​ថា​ អ្វី​ដែល​អគ្គ​នាយកដ្ឋាន​កំពុង​ធ្វើ​មក​លើ​ កាសែត​ ​ឌឹខេមបូឌា​ដេលី​ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ និង​មាន​បំណង​បិទ​កាសែត​នេះ​តែ​ម្តង។

អ្នកស្រី​ Deborah Krisher-Steele​ ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ ឬ ​Email ​ក្នុង​ន័យ​ដើម​ថា៖

«​ច្បាស់ណាស់​ថា​ វា​មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​សកម្មភាព​ទាំង​នេះ។ ​នេះ​ពិត​ជា​មិនមែន​ជា​វិក្កយបត្រ​ពន្ធ​ ដើម្បី​បង់​ពន្ធ​នោះ​ទេ​ ​ប៉ុន្តែ​គេ​មាន​គោល​បំណង​ចង់​បិទ​កាសែត​ឌឹខេមបូឌា​ដេលី​ ទំាង​ស្រុង។​ វា​ជា​ថ្ងៃ​អកុសល​មួយ​សម្រាប់​សេរីភាព​ សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​»។

អ្នកស្រី​បាន​បន្ត​ថា៖​

«​បើសិន​ជា​លោក Bernard ពិត​ជា​ត្រូវ​បង់ពន្ធ​សម្រាប់​កាសែតឌឹ​ខេមបូឌា​ដេលី​ ​មែន ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ត្រូវ​តែ​ធ្វើ​សវនកម្មពិត​ប្រាកដ។​ ​ដោយ​ចាប់ផ្តើម​ពី​ការ​កំណត់​ថា​តើ​គម្រោង​របស់​ Bernard ជា​អ្វី​ ពិនិត្យ​មើល​ប្រាក់​ចំណូល​ ​ចំណាយ​និង​ការ​បរិច្ចាគ​ពិត​ប្រាកដ​ ​ហើយ​អនុវត្ត​ច្បាប់​វិន័យ​ត្រឹមត្រូវ​និង​យុត្តិធម៌ ស្រប​តាម​អ្វី​ដែល​នាយកដ្ឋាន​ពន្ធដារ​ក្នុង​សង្គម​ដែល​មាន​អរិយធម៌​មួយ​គួ​រតែ​ធ្វើ»។

អ្នកស្រី​ Deborah បាន​បញ្ជាក់​បន្តទៀតថា​ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​យក​ពន្ធ​ពី​កាសែត​ខេមបូឌា ដេលី ​អស់​រយៈពេល​១០ឆ្នាំ​ហើយ​ ​បើ​មើល​ទៅ​លើ​ចំនួន​ដែល​ពួក​គេ​បាន​ប្រឌិត​ឡើង​ ​បូករួម​ទាំង​ការ​ពិន័យ​នានា និង​អត្រា​ការប្រាក់​ ​ហើយ​បន្ទាប់​មក​អគ្គនាយកដ្ឋាន​នេះ​ បាន​ធ្វើ​ឲ្យ​ចំនួន​លុយ​ពន្ធ​បែក​ធ្លាយ​ជា​សាធារណៈ។​ អ្នកស្រី​អះអាង​ថា​ ការ​បែក​ធ្លាយ​ចំនួន​លុយ​ពន្ធ​ជា​សាធារណៈ​ ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​សិទ្ធិ​ឯកជន​ ​ដែល​បាន​កើត​ឡើង​ពីរ​ដង​មក​ហើយ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី៤​ ខែ​សីហា​ ឆ្នាំ​ ២០១៧​ លោក​ហ៊ុន សែន​ ​បាន​ណែនាំ​ដល់​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិនិត្យ​កា​រអនុវត្ត​ច្បាប់​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ ចំពោះ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​ ឲ្យ​មាន​តម្លាភាព​ និង​សមភាព។

​នៅ​ក្នុង​អត្ថបទ​ព្រមាន​មួយ​ដែល​ចេញផ្សាយ​តាម​អង្គភាព​ព័ត៌មាន​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​Freshnews​ កាល​ពីថ្ងៃ​ទី១៩​ ខែ​សីហា​កន្លង​ទៅ​ ​អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​លោក​ ​គង់ វិបុល​ ​បាន​ទុក​ពេល​ឱ្យ​កាសែត​ឌឹខេមបូឌា​ដេលី​ ​មាន​ពេល​ត្រឹម​ថ្ងៃ​ទី៤​ ខែ​កញ្ញា​ ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​បង់​ពន្ធ​របស់​ខ្លួន។​ លោក​ក៏​ព្រមាន​កាសែត​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ​ថា​ ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ ឬ​ការ​បិទ​កាសែត​នេះ​ នឹង​ធ្វើ​ឡើង​ ប្រសិន​បើ​ម្ចាស់​កាសែត​នេះ​មិន​ព្រម​ចូល​ខ្លួន​បង់ពន្ធ។

លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​អង្គភាព​ព័ត៌មាន​ Freshnews​ ក្នុងន័យ​ដើមថា៖​

«គិត​មកដល់​ថ្ងៃ​ទី​១៩​ ខែ​សីហា​នេះ​ មាន​ការ​ឆ្លើយតប​ពី​កាសែត​ Cambodia Daily ​ចំនួន​ ២​ដង​ហើយ​ ​ប៉ុន្តែ​ការ​ឆ្លើយ​តប​នោះ​ ​គឺ​សុទ្ធ​តែ​មិន​អាច​ទទួល​យក​បាន​ឡើយ។​ ដូច្នេះ​នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ថ្ងៃ​ឱសានវាទ​ចុង​ក្រោយ​ បន្ទាប់​ពីទុក​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​ធ្វើការ​តវ៉ា​បញ្ហា​នេះ​ ចាប់​ពីថ្ងៃ​ទី​០៤​ ខែ​កញ្ញា​តទៅ​ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចេញ​លិខិត​ផ្លូវការ​មួយ​ទៀត​បញ្ជាក់​ថា​ កាសែត​ Cambodia Daily ​ជំពាក់​បំណុល​ពន្ធ​ ហើយ​ពន្ធដារ​នឹង​ចាប់​ផ្តើម​អនុវត្តន៍​ការ​រឹប​អូស​ពន្ធ​នេះ»។

លោក​ គង់​ វិបុល​ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​អង្គភាព​ព័ត៌មាន​ Freshnews​ បន្ថែម​ថា៖

«​ចំពោះ​ការ​អនុវត្តន៍​ការ​រឹបអូស​ពន្ធនេះ​ នឹង​ត្រូវ​ធ្វើតាម​ច្បាប់​សារពើ​ពន្ធ​ ដោយ​មាន​ ការ​ព្យួរ​អាជ្ញាប័ណ្ណ​ បង្កក​គណនី​ក្រុមហ៊ុន​ ផ្អាក​ការ​នាំចេញ​នាំចូល​ ហើយ​ឈាន​ដល់​ការ​បិទ​កាសែត​ទាំងស្រុង​តែ​ម្តង​ ប្រសិន​បើ​កាសែត​នេះ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ទេ​នោះ»។

យ៉ាង​ណាក៏​ដោយ​ អ្នកស្រី​ Deborah ចាងហ្វាង​កាសែត​ ឌឹខេមបូឌាដេលី​ បាន​ប្រកែក​នឹង​ការ​ទារពន្ធ​នេះ​ដដែល​ ហើយ​បាន​ពន្យល់​ថា​ ​កាសែត​ឌឹ​ខេមបូឌា​ដេលី​ ​គឺ​ជា​គម្រោង​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ឪពុក​របស់​អ្នកស្រី​ គឺ​លោក​Bernard Krisher​ កាល​ពី​ឆ្នាំ​១៩៩៣​ ​ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​បាន​ហ្វឹកហាត់​អ្នក​កាសែត​ជនជាតិ​កម្ពុជា​ជា​ច្រើន។​ អ្នកស្រី​ Deborah​ ​បាន​បញ្ជាក់​ថា​ លោក​ Bernard​ ​មិន​បាន​ទទួល​ប្រាក់​កម្រៃ​នោះ​ទេ​ពី​កាសែត​នេះ​ ​ហើយ​ដំណើរ​ការ​គឺ​បែប​សហគ្រាស​សង្គម​មួយ។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ គង់​ វិបុល​ តែមិន​អាច​ទាក់​ទង​បាន​ទេ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

​បញ្ហា​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ត្រូវ​បាន​ ​អ្នកស្រី​ រ៉ូណា ស្មីត​ ​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ លើក​ឡើង​នៅ​ថ្ងៃ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល​១០ថ្ងៃ​ នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ។ ​អ្នកស្រី​បាន​និយាយ​អំពី​សេរីភាព​នៃ​សារព័ត៌មាន​នេះ​ ​ក្រោយ​ពី​អ្នក​សារព័ត៌មាន​បាន​លើក​ឡើង​សំណួរ​អំពី​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​ មក​លើ​អង្គការ​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​ព័ត៌មាន​ ទាក់​ទិន​នឹង​បញ្ហា​អាជ្ញាបណ្ណ​ និង​ការ​បង់​ពន្ធ។

«​វា​ជា​ការ​ចាំបាច់​ ដែល​រាល់​ការិយាល័យ​ផ្សព្វផ្សាយ​ទាំង​អស់​ អាច​ធ្វើ​សេចក្តី​រាយ​ការណ៍​ដោយ​សេរី​ និង​ត្រឹមត្រូវ​ យោង​ទៅ​តាម​វិធាន​អន្តរជាតិ​នានា​ស្តី​ពី​សារព័ត៌មាន​ និង​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ហេតុ​ដូច្នេះ​ ពួក​គេ​មិន​ត្រូវ​ទទួល​រងពី​ការ​រឹតបន្តឹង​ដែល​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ និង​ជា​ការ​ពិត​ទៅ​លើ​សេរីភាព​នៃ​ដំណើរការ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស»។​

​ក្រៅពី​កាសែត​ ឌឹខេមបូឌា​ដេលី​ ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ផ្សេង​ទៀត​ ​ដែល​ទទួល​ថវិកា​ពី​សហរដ្ឋ​អាមេរិក​ និង​ធ្លាប់​និយាយ​រិះ​គន់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ​ក៏ត្រូវ​បាន​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ផង​ដែរ៕

XS
SM
MD
LG