ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​កាសែត The Cambodia Daily ​​ស្វែង​រក​ការ​ជជែក​គ្នា​ជា​មួយ​មន្ត្រី​ពន្ធដារ


កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន​​ ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។ នាពេលថ្មីៗ​នេះ​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​កាសែត​ The Cambodia Daily បង់ពន្ធ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិនបាន​បង់ជូន​រដ្ឋ​តាំងពី​ឆ្នាំ២០០៧។ (ហ៊ាន សុជាតា/VOA)
កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន​​ ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។ នាពេលថ្មីៗ​នេះ​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​កាសែត​ The Cambodia Daily បង់ពន្ធ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិនបាន​បង់ជូន​រដ្ឋ​តាំងពី​ឆ្នាំ២០០៧។ (ហ៊ាន សុជាតា/VOA)

នៅ​ថ្ងៃ​ពុធ​នេះ ម្ចាស់​កាសែត​ The Cambodia Daily បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​គោរព​ទៅ​តាម​ច្បាប់​ពន្ធដារ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​បាន​ចោទ​មេដឹកនាំ​អគ្គ​នាយកដ្ឋាន​នេះ​ថា ​បាន​បំពាន​ច្បាប់​ ​ក្នុង​ការ​ទម្លាយ​ចំនួន​លុយ​ពន្ធ​ ដែល​កាសែត​នេះ​ត្រូវ​បង់​ដល់​សាធារណជន។​

ចាងហ្វាង​កាសែត​ The Cambodia Daily (ឌឹ​ ខេមបូឌា​ ដេលី)​បន្ត​ច្រាន​ចោល​ចំនួន​លុយ​ពន្ធ​ប្រមាណ​ជាង​៦​លាន​ដុល្លារ​ ដែល​អគ្គនាយកដ្ឋាន​តម្រូវ​ឲ្យ​បង់​ជូន​រដ្ឋ។​ ប៉ុន្តែ​មេដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ការ​ពារ​ចំនួន​លុយ​នេះ​ ​ហើយ​ថា​ កាសែត​នេះ​មិន​បាន​ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​បង់ពន្ធ។

នៅ​ថ្ងៃ​ពុធ​នេះ ម្ចាស់​កាសែត​ The Cambodia Daily បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​គោរព​ទៅ​តាម​ច្បាប់​ពន្ធដារ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​បាន​ចោទ​មេដឹកនាំ​អគ្គ​នាយកដ្ឋាន​នេះ​ថា ​បាន​បំពាន​ច្បាប់​ ​ក្នុង​ការ​ទម្លាយ​ចំនួន​លុយ​ពន្ធ​ ដែល​កាសែត​នេះ​ត្រូវ​បង់​ដល់​សាធារណជន។​

​ក្នុង​សារ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA​ ​អំពី​ការ​ព្រមាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង់​ពន្ធ​ អ្នកស្រី​ Deborah Krisher-Steele​ ចាងហ្វាង​កាសែត​ជា​ភាសា​អង់គ្លេស​នេះ បាន​សរសេរ​ថា​ ​កាសែត​ ​ឌឹ ខេមបូឌា​ ​ដេលី​ បាន​គោរព​ច្បាប់​ពន្ធដារ​ យ៉ាង​ខ្ជាប់​ខ្ជួន​ និង​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​គោរព​តាម​ច្បាប់​ពន្ធដារ​នេះ​ផង​ដែរ។​ អ្នកស្រី​ Deborah​ ​ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ធានា​ឲ្យ​បាន​ថា​ មន្ត្រី​របស់​លោក​គោរព​តាម​ច្បាប់​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភបំពាន​ច្បាប់​ ​និង​របៀប​ធ្វើការ​របស់​ខ្លួន។​

ចាងហ្វាង​កាសែត​រូប​នេះ​ បាន​បន្ត​ច្រាន​ចោល​ទឹកប្រាក់​ជាង​ ៦​លាន​ដុល្លារ​ ដែល​កាសែត​ខ្លួន​ត្រូវ​បង់​ជូន​រដ្ឋ​ ដោយសារ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​បាន​ផ្តល់​ហេតុផល​សម​ស្រប​ ​ហើយ​ស្រាប់​តែ​សុខៗ​ អគ្គនាយកដ្ឋាន​នេះ​បញ្ចេញ​ចំនួន​លុយ​នេះ​ឲ្យ​សាធារណជន​បាន​ដឹង​ ដែល​ជា​ទង្វើ​ប្រឆាំង​នឹង​ច្បាប់​ពន្ធដារ​ត្រង់​មាត្រា​៩៤។ ​អ្នក​ស្រី​ Deborah ​បាន​ចោទ​ប្រកាន់​ ​លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា បាន​បំពាន​មាត្រា​នេះ​ចំនួន​ពីរ​ដង​មក​ហើយ។​

អ្នកស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជន​ទាំង​ឡាយ​ណា​ ដែល​រំលោភ​មាត្រា​អាច​ត្រូវ​បាន​ឃុំ​ខ្លួន ​និង​ពិន័យ។ ​តើ​លោក​នាយករដ្ឋមន្ត្រី​នឹង​ធ្វើ​ឲ្យ​លោក [គង់​ វិបុល] ​ទទួល​ខុសត្រូវ​រាល់​ការ​ប្រព្រឹត្ត​ល្មើស​ទាំង​នេះ​ទេ?»។​

​អ្នកស្រី​ Deborah​ បាន​សង្កត់​ធ្ងន់​ថា៖​

​«នេះ​គឺ​ជា​ ឱកាស​មួយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ ដើម្បី​បង្ហាញ​នូវ​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​ និង​បង្ហាញ​ថា​ លោក​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​ក្រោម​ឱវាទ​របស់​លោក​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​គ្មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​វិធានការ ​ដើម្បី​បិទ​កាសែត​ The Cambodia Daily»។​

តាម​ ​មាត្រា​ ៩៤​ នៃ​ច្បាប់​ស្តី​ពី​សារ​ពើ​ពន្ធ​ ​បាន​ចែង​ថា៖​

«រដ្ឋបាល​សារពើពន្ធ​ ហើយ​និង​បុគ្គល​គ្រប់​រូប​ដែល​ជា​ ឬ​ធ្លាប់​ជា​មន្ត្រី​ និង​ភ្នាក់ងារ​នៃ​រដ្ឋបាល​សារពើ​ពន្ធ​ ​ត្រូវ​រក្សា​សម្ងាត់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​ជាប់​ពន្ធ​ ដែល​បាន​ទទួល​នៅ​ក្នុង​ពេល​បំពេញ​ភារកិច្ច​ជា​ផ្លូវ​ការ​ ហើយ​អាច​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​តែ​បុគ្គល​ដែល​មាត្រា​នេះ​ ​បាន​អនុញ្ញាត​ប៉ុណ្ណោះ»។​

ទោះ​ជា​យ៉ាង​ណា​ ​លោក​ គង់ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​ពិធី​ចុះហត្ថលេខា​វិនិយោគ​ប្រេង​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ ​មិន​បាន​ធ្វើ​ឲ្យ​ធ្លាយ​លិខិត​ដែល​បញ្ជាក់​ពី​ចំនួន​លុយ​ពន្ធ​ដែល​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ ត្រូវ​បង់​នោះ​ទេ៖​

«សួរ​អ្នក​លេច​ធ្លាយ​ទៅ​ ព្រោះ​ខ្ញុំ​អត់​បាន​លេច​ទេ​ អា​លិខិត​ហ្នឹង​នោះ»។​

លោក​ ​គង់ វិបុល​ អះអាង​ថា​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ធ្វើ​សវនកម្ម​រួចរាល់​ហើយ​ ទើប​រក​ឃើញ​លុយ​ចំនួន​ជាង​ ៦​លាន​ដុល្លារ​ ដែល​កាសែត​ ឌឹ ​ខេមបូឌា ​ដេលី ត្រូវ​បង់​ជូន​រដ្ឋ​ ​ហើយ​ថា​ ការ​ឆ្លើយ​តប​នានា​របស់​កាសែត​នេះ​ មិន​អាច​ទទួល​យក​បាន​ទេ។ ​លោក​បាន​ប្រាប់​អ្នកកាសែត​ដែល​តាម​សួរ​លោក​ ពេល​លោក​កំពុង​ដើរ​ ដោយ​មន្ត្រី​អម​ជា​ច្រើន​ថា៖​

«ភស្តុតាង​ហ្នឹង​មិន​បាន​គ្រប់គ្រាន់​ ព្រោះ​ត្រូវ​មាន​តួលេខ​ដាក់​ច្បាស់​លាស់​បាទ តួ​លេខ​ហ្មង។​ ព្រោះ​គាត់​ គាត់​ថា​យក​លុយ​ទៅ​ធ្វើ​សាលា​ អីចឹង​វា​អត់​ត្រូវ​ តាម​គណនេយ្យ​ ហើយ​និង​តាម​ច្បាប់»។​

រូបឯកសារ៖ ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)
រូបឯកសារ៖ ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

ភ្លាមៗ​ក្រោយ​ការ​អធិប្បាយ​របស់​លោក​ គង់​ វិបុល​ កាសែត ឌឹ ខេមបូឌា ដេលី​ បាន​ចេញ​លិខិត​ស្នើ​សុំ​ជួប​លោក គង់ វិបុល​ ដើម្បី​ស្វែង​រក​ច្រក​នៃ​ការ​ធ្វើ​សវនកម្ម ​និង​កំណត់​ថ្ងៃ​នៃ​ការ​ទូទាត់​ក្រោយ​ការ​ធ្វើ​សវនកម្ម។​ ក្នុង​លិខិត​របស់​អ្នកស្រី​ Deborah ដែល​ VOA ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ បាន​បន្ត​ច្រាន​ចោល​ចំនួន​លុយ​ពន្ធ​រាប់​លាន​ដុល្លារ​ និង​បាន​សម្តែង​ការ​អាក់​អន់​ចិត្ត​ចំពោះ​ ​ការណ៍​ដែល​លោក​ គង់ វិបុល​ បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ចំនួន​លុយ​ពន្ធ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជំនួញ​នៃ​កាសែត​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​នេះ។​

​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ បាន​ចាប់​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៩៣​ ដោយ​អ្នក​កាសែត​អាមេរិកាំង​មួយ​រូប​ ​គឺ​លោក Bernard Krisher​ ​ដែល​គេ​ស្គាល់​ថា​ ជា​មិត្តភក្តិ​របស់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះ​បាទ​សម្តេច ​នរោត្តម ​សីហនុ។​ ក្រៅ​ពី​បើក​ការិយាល័យ​កាសែត​ ​ឌឹ ខេមបូឌា ដេលី​ លោក Bernard Krisher​ ក្នុង​រយៈពេល​ជាង​២០ឆ្នាំ​មក​នេះ​ បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​ច្រើន​ រួម​មាន​គៀង​គរ​រក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​ ក្នុង​ការ​សាងសង់​សាលារៀន​តាម​ជនបទ​នៃ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ជួយ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ​ និង​ជួយ​ផ្នែក​អប់រំ​ដល់​កុមារ​ក្រីក្រ​ជា​ដើម។

ក៏ប៉ុន្តែ លោក​ នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​បញ្ជាក់​ ​នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​ការពារ​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ហៅកាសែត​ ​ឌឹ ខេមបូឌា​ ​ដេលី​ ថា​ជា​ ​«មេ​ចោរ»​ ​ហើយ​អះអាង​ថា​ ចំណាត់ការ​រដ្ឋាភិបាល​លោក​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​អនុវត្ត​កាតព្វកិច្ច​បង់​ពន្ធ ក្នុង​រដ្ឋ​មួយ​ប៉ុណ្ណោះ។​

លោក​ ​ហ៊ុន សែន​ ​ថ្លែង​នា​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ​ថា៖​

«ឥឡូវ​នៅ​ប្រទេស​អស់​លោក​ បើ​សិន​ជា​ពលរដ្ឋ​ខ្ញុំ​ ​ទៅ​[រកស៊ី]​នៅ​ហ្នឹង​មិន​បង់ពន្ធ​ តើ​អស់​លោក​ធ្វើ​ម៉េច?​ ឥឡូវ​ពលរដ្ឋ​របស់​បរទេស​ មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ មិន​ព្រម​បង់​ពន្ធ​ឲ្យ​ខ្មែរ​ តើ​ខ្មែរ​ធ្វើ​ម៉េច?​ ដល់​ទៅ​ខ្មែរ​ធ្វើ​ ថា​អា​ហ្នឹង​រឿង​នយោបាយ​ នែ៎​វា​ទៅ​ឆ្កួត​អស់​ទៅ​អញ្ចឹង​ទៅ​នែ៎។ ពិភពលោក​វា​អត់​មាន​យុត្តិធម៌​ វា​នៅ​កន្លែង​ហ្នឹង​ នែ៎​ ​អា​គេ​ធ្វើ​បាប​យើង​ ធ្វើ​បាប​តាម​ចិត្ត​ អា​យើង​គ្រាន់​តែ​សុំ​អនុវត្ត​ផ្លូវ​ច្បាប់​ គេ​ថា​យើង​នយោបាយ»។​

​អ្នកស្រី​ Deborah ​បាន​បញ្ជាក់​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អាច​បញ្ឈប់​ការ​បិទ​កាសែត​ The Cambodia Daily​ និង​អនុញ្ញាត​ឲ្យ​មាន​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​មួយ ​ ​ដោយ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ចំនួន​ទឹក​ប្រាក់​ពន្ធ​ ​កាសែត​នេះ​នឹង​បង់​ពន្ធ​នោះ។​ យ៉ាង​ណា​ក្តី​ អ្នកស្រី​ ​បាន​ថ្លែង​បញ្ជាក់​ក្នុង​សារ​អេឡិចត្រូនិក​ ​ឬ​អ៊ីមែល​ដែល VOA ​ទទួល​បាន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​ កាសែត​ ​ឌឹ ខេមបូឌា ដេលី​ មិន​ព្រម​ទទួលយក​ចំនួន​លុយ​នេះ​ទេ​ ហើយ​លោក​ ​Bernard ​ដែល​ជា​ឪពុកបង្កើត​របស់​អ្នកស្រី​ ក៏​បាន​ស្នើ​ពិចារណា​ទៅ​លើ​ការ​បរិច្ចាគទឹកប្រាក់​មនុស្ស​ធម៌​ចំនួន​ ៣៩​លាន​ដុល្លារ។​

ចំណាត់ការ​ពន្ធដារ​ ​លើ​កាសែត​ ជា​ភាសា​អង់គ្លេស​ដ៏​វ័យ​ចំណាស់​មួយ​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ ធ្វើ​ឡើង​នៅ​មុន​មួយ​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ។​ ស្រប​ពេល​គ្នា​នោះ​ដែរ​ ​រដ្ឋាភិបាល​បាន​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​ដែល​ជា​អង្គការ​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ទទួល​ថវិកា​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG