ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ


លោក Don Brewster នាយកប្រតិបត្តិ​នៃ​អង្គការ​មេត្រីអន្តរជាតិ​ Agape International Missions (AIM) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ បកស្រាយ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ថា​ អង្គការ​នេះ​មាន​ជាប់​ពាក់ព័ន្ធ ​ឬ​នៅ​ពី​ក្រោយ​ការ​ផ្សាយ​របស់​ CNN​ ចំពោះ​អត្ថបទ​ព័ត៌មាន​កាល​ពី​ចុង​ខែ​កក្កដា​មួយ​ អំពី​ស្ត្រី​បម្រើ​សេវា​ផ្លូវភេទ​នៅកម្ពុជា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១​ ខែ​សីហា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក Don Brewster នាយកប្រតិបត្តិ​នៃ​អង្គការ​មេត្រីអន្តរជាតិ​ Agape International Missions (AIM) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ បកស្រាយ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ថា​ អង្គការ​នេះ​មាន​ជាប់​ពាក់ព័ន្ធ ​ឬ​នៅ​ពី​ក្រោយ​ការ​ផ្សាយ​របស់​ CNN​ ចំពោះ​អត្ថបទ​ព័ត៌មាន​កាល​ពី​ចុង​ខែ​កក្កដា​មួយ​ អំពី​ស្ត្រី​បម្រើ​សេវា​ផ្លូវភេទ​នៅកម្ពុជា​ រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១​ ខែ​សីហា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ​CNN​ ពី​ការ​ជួញ​ដូរ​ក្មេង​ស្រី​ក្នុង​ប្រទេស​កម្ពុជា​ ​នឹង​គំរាម​បិទ​អង្គការ​មេត្រី​អន្តរជាតិ​ (ហៅកាត់​ថា AIM) ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កុមារ​នៅ​តំបន់​ស្វាយប៉ាក​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ​លោក​ ​ដុន ប្រ៊ូស្ទើ (Don Brewster) នាយក​ប្រតិបត្តិ​អង្គការ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​បញ្ជាក់​ថា​ អង្គការ​របស់​លោក​មិនមាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ជាមួយ​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​ ​CNN​ ដូ​ចការ​ចោទ​របស់​រដ្ឋាភិបាល​នោះទេ។

​អង្គការ​មេត្រី​អន្តរជាតិ​ដែល​រង​ការ​គំរាម​បណ្តេញ​ចេញ​ពី​លោក​ ​ហ៊ុន សែន​ ​ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​វីដេអូ​របស់​ទូរទស្សន៍ CNN ពី​ការ​ជួញ​ដូរ​ផ្លូវភេទ​លើ​កុមារ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ព្យាយាម​ពន្យល់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ ​និង​អះអាង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ជាមួយ​សេចក្តី​រាយ​ការណ៍​ ដែល​រដ្ឋាភិបាល​ចោទ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​ខ្មែរ​នោះទេ។

​លោក​ ​ដន ប្រ៊ូស្ទើ​ នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ​ (Agape International Mission) ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋា​ភិបាល​ថា​ អង្គការ​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​ ​ឬ​នៅ​ពីក្រោយ​ទូរទស្សន៍ CNN ដែល​មាន​ស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ការផ្សាយ​ទូរទស្សន៍​ ​CNN​ បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ថា​ ​សេចក្តី​រាយការណ៍​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិតិ្តយស​ប្រទេស​កម្ពុជា។​ ​សន្និសីទ​សារព័ត៌មាន​ដែល​មាន​រយៈពេល​មួយ​ម៉ោង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ​ចង់​ឲ្យ​នាយក​ប្រតិបត្តិ​អង្គការ​មេត្រី​អន្តរជាតិ​រូប​នេះ​បង្ហាញ​ពី​ជំហរ​ទន់ភ្លន់​ក្នុង​ការ​ទទួល​យក​កំហុស​របស់​ខ្លួន​ជា​ថ្នូរ​ កុំ​ឱ្យ​មាន​ការ​បិទ​ការិយាល័យ​អង្គការ​នេះ ក្នុង​ប្រទេស​កម្ពុជា។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​មេត្រី​អន្តរជាតិ​ ​ក្នុង​សង្កាត់​ស្វាយប៉ាក​ រាជធានី​ភ្នំពេញ​ ​លោក​ ​ដន ប្រ៊ូស្ទើ​ ​លើក​ឡើង​ថា​ ​លោក​បាន​ផ្តល់​សម្ភាសន៍​ទៅ​ទូរទស្សន៍​ ​CNN​ ​ជា​លើក​ទី២​ ​ដោយ​បាន​និយាយ​ពី​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង​ ​ហើយ​ស្រ្តី​និង​ក្មេងស្រី​ដែល​រង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក៏​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់​ពី​អង្គការ​របស់​លោក​ផង​ដែរ។​

លោក​ ​ដន ប្រ៊ូស្ទើ បញ្ជាក់ថា​ ​លោក​មិនមាន​ជាប់​ពាក់ព័ន្ធ​ណាមួយ​នឹង​សេចក្តី​រាយ​ការណ៍​របស់​ទូរទស្សន៍ CNN ​ហើយ​លោក​ក៏​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ​ដែលសេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​ ​CNN​ ​នោះ​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា។​ លោក​ក៏​បាន​សម្តែង​នូវការ​សុំទោស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​ដែរ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ​ដោយ​មាន​អ្នក​បកប្រែ​ជា​អ្នក​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ផង​នោះ​ ​លោក​ ដន ប្រ៊ូស្ទើ​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

​«គាត់​សូម​សម្តែង​នូវ​កា​រសោក​ស្តាយ​ ​វិប្បដិសារី​មួយ​ ​ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ខុស​ពី​ការ​រំពឹង​គិត​ទុក​របស់​គាត់​ ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ទូរទស្សន៍​ ​CNN ដែល​ធ្វើ​ឲ្យ​មាន​នូវ​ប្រតិកម្ម​កើត​មាន​ឡើង។ហើយ​គាត់​បាន​សម្តែង​ការ​សុំទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នូវ​អ្វី ​ដែល​បាន​កើត​ឡើង​ខុស​ពី​អ្វី​ដែល​បាន​គិត​ទុក​ ​ហើយ​គាត់​ក៏​បាន​សរសេរ​លិខិត​សម្តែង​នូវ​ការ​សុំ​ទោស​ដោយ​ផ្ទាល់​ ​ទៅ​កាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ»។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​បន្ថែម​ថា​ ​ក្នុង​សេចក្តី​រាយការណ៍​នោះ​ទូរទស្សន៍​ ​CNN​ ​បាន​សម្ភាសន៍​ក្មេង​ស្រី​ចំនួន​៣​នាក់​ដែល​ជាជនជាតិ​វៀតណាម​ ​មាន​សញ្ជាតិ​ខ្មែរ។​ ​លោក​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្មេង​ស្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​ខ្មែរ​ទាំង​បី​នាក់​នោះ​ ​មុន​នឹង​ផ្តល់​សម្ភាសន៍​ដល់​ទូរទស្សន៍​ ​CNN​ ប៉ុន្តែ​លោក​ថា​ ​លោក​មិន​បាន​និយាយ​ថា ​ក្មេង​ស្រី​ទាំង​បី​នាក់​ ​គឺ​ជា​ជន​ជាតិ​ខ្មែរ​ដូច​ការ​ផ្សព្វ​ផ្សាយ​ក្នុង​សេចក្តី​រាយកាណ៍​នោះ​ទេ។​ ​ក្រោយ​ការ​ចេញ​ផ្សាយ​វីដេអូ​ដែល​និយាយ​ថា​ ក្មេងស្រី​ទាំង​បី​នាក់នោះ​ជា​ជនជាតិ​ខ្មែរ​ ​លោក​ក៏​បាន​សរសេរ​លិខិត​ស្នើ​ឲ្យ​ CNN កែ​តម្រូវ​លើ​ចំណុច​នេះ។

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ ​បណ្ដាញ​ព័ត៌មាន​ ​CNN​ ​បាន​ចេញ​ផ្សាយ​បទ​យក​ការណ៍​ជា​វីដេអូ​ និយាយ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ​ជា​មួយ​ចំណង​ជើង​អត្ថបទ​ក្នុង​ការ​ចេញ​ផ្សាយ​ជា​លើក​ដំបូង​ថា​ ​ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​ពួកគេ​លក់​ដើម្បី​បម្រើ​ផ្លូវ​ភេទ»​ ក្រោយ​មកបណ្ដាញ​ព័ត៌មាន​នេះ​បាន​លុប​ពាក្យ​កម្ពុជា​ចេញ​ពី​ចំណង​ជើង​ព័ត៌មាន​របស់​ខ្លួន​ដោយ​បាន​សរសេរ​ថា៖​ ​ជីវិត​ក្រោយ​ការ​ជួញ​ដូរ៖ ក្មេង​ស្រី​ជា​ច្រើន​ត្រូវ​បានម្ដាយ​របស់​ពួក​គេ​លក់​ដើម្បី​បម្រើ​ផ្លូវ​ភេទ»។

​ក្នុង​ពេល​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​តំបន់​ស្វាយប៉ាក​ ​អ្នក​យក​ព័ត៌មាន​របស់​បណ្ដាញ​ព័ត៌មាន​ CNN​ ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​មួយ​រូប ​បាន​ចុះ​មក​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ ​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ ​ខណ្ឌ​ឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​ បាន​សម្ភាសន៍​ជាមួយ​លោក​ ដន ប្រ៊ូស្ទើ​ ​ស្ថាបនិក​អង្គការ​មេត្រី​អន្តរជាតិ​ ​ដែល​មាន​ការិយាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ​និង​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​រដ្ឋ​កាលីហ្វញ៉ា​ (California)​ ​នៃ​សហរដ្ឋ​អាមេរិក។​

ក្រោយ​ពេល​សេចក្តី​រាយការណ៍​នោះ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​នា​ដើម​ខែ​សីហា​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ប្រឆាំង​នឹង​សេចក្ដី​រាយការណ៍​របស់​ CNN ​និង​បាន​ប្រកាស​បិទ និង​បណ្ដេញ​អង្គការ​មេត្រី​អន្តរជាតិ​របស់​លោក ​ដន ប្រ៊ូស្ទើ ​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ ​សេចក្តី​រាយការណ៍​នោះ​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ស្រ្តីខ្មែរ​ ​និង​ក្មេង​ស្រី​ខ្មែរ។​ ​ក្រោយ​មានការ​បញ្ជា​ឲ្យបិទ​អង្គការ​របស់​លោក​ ​ដន ប្រ៊ូស្ទើ ​មន្រ្តី​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

​ខណៈពេល​ដែល​លោក​ ​ដន ប្រ៊ូស្ទើ​ ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ​នារសៀល​ថ្ងៃ​ចន្ទនេះ​ ​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ក្រសួង​មហាផ្ទៃ​ថា​ ​ករណី​អង្គការ​មេត្រី​អន្តរជាតិ​របស់​លោក​ ​ដន ប្រ៊ូស្ទើ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ​ប្រកាស​ឲ្យ​បន្ត​ដំណើរ​ការ​ ប៉ុន្តែ​លោក​ថា​ ​នាយក​អង្គការ​នោះ​ត្រូវ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បំភ្លឺ​ជុំវិញ​ករណី​នេះ។

​លោក​ ​ស ខេង​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ៖​

«សម្តេច​នាយក​រដ្ឋម​ន្រ្តី​លោក​សម្រេច​ថា​ ឲ្យប​ន្តទៀត​ហើយ។ តែ​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​បក​ស្រាយ​បំភ្លឺ​បញ្ហា​នានា​ដែល​មាន​កន្លង​ទៅ​ដោយ​ខ្លួន​ឯង។ ហើយ​ខ្ញុំ​បាន​ប្រគល់​ការងារ​ហ្នឹង​ឲ្យ​ទៅ​ខាង​អគ្គ​ស្នង​ការ​នគរបាល​ដើម្បី​ទាក់ទង​ ​ព្រោះ​អគ្គស្នង​ការ​នគរបាល​ហ្នឹង​មាន​ MOU​ ​ជាមួយ​អង្គការ​ហ្នឹង‍»។

លោក​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA ​នា​ល្ងាច​ថ្ងៃ​ចន្ទនេះ​ថា​ ​ការ​បិទ​អង្គការ​របស់​លោក​ ​ដន ប្រ៊ូស្ទើ​ ​ឬ​អត់​នោះ​ ​គឺ​ត្រូវ​សម្រេច​លើ​ការ​អនុវត្តន៍​របស់​នាយក​ប្រតិបត្តិ​អង្គការ​នោះ​ដោយ​ខ្លួន​ឯង។​ ​ទោះ​ជា​យ៉ាងណា​លោក​ថា​ ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​ទូរទស្សន៍ ​CNN ​និង​លោក​ ​ដន ប្រ៊ូស្ទើ ​សុំ​ទោស​ដល់​ប្រជា​ពលរដ្ឋ​ ​និង​លោក​នាយករដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ជា​សាធារណៈ។

លោក ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖

​«សំខាន់​គឺ​ពាក្យ​សុំ​ទោស។ ធ្វើ​អី​មក​ ​លិខិត​សុំ​ផ្លូវការ​មក​ ជាមួយ​សម្តេច​នាយក ​ជាមួយ​នឹង​ប្រជាជាតិ​ទាំង​មូល។​ ​ធ្វើ​ពាក្យ​កែ​តម្រូវ​ពី​ ​CNN ​ធ្វើ​ពាក្យ​កែត​ម្រូវ​ទៅ​ ​CNN ​ទទួល​បាត់។​ ​ព្រោះអី​គាត់​អត់​ខុស​ទេ ព្រោះ​ ​CNN​ ​អ្នក​ផ្សាយ​ ​អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច។​ ​និយាយ​រួម​គាត់​ជា​អ្នក​កំណត់​ជោគ​វាសនា​របស់​គាត់​ថា​បាន​នៅ​កម្ពុជា​ ​ឬ​មិន​បាន? តែ​ប៉ុណ្ណឹង ខ្លី​បំផុត»។

​ដោយ​ឡែក​ លោកស្រី​ រស់ សុភាព ​នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ​(GADC)​ មាន​ប្រសាសន៍​ថា ​ករណី​នេះ​ រដ្ឋាភិបាល​មិន​គួរ​ឈាន​ទៅ​ដល់​ការ​បិទ​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​សង្គ្រោះ​ជន​រងគ្រោះ​នោះ​ទេ​ ​ដោយ​លោកស្រី​លើក​ឡើង​ថា​ អង្គការ​របស់​លោក​ ដន ប្រ៊ូស្ទើ ​បាន​ជួយ​កម្ពុជា​ច្រើន។

លោកស្រី​ ​រស់ សុភាព​ ​បញ្ជាក់​ថា៖​

«មិន​គួរ​ទៅ​ឈាន​ទៅ​ដល់​បិទ។ ​អញ្ចឹង​ខ្ញុំ​គិត​ថា​ មិន​ទាន់​មាន​សក្តានុពល ​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ឲ្យ​អស់​ចិត្ត​ ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​អង្គការ​ហ្នឹង​ ​ក៏​ដូច​ជាជន​ដែល​ទទួល​ផល​ពី​គម្រោង​ហ្នឹង​ដែរ»។

ក្នុង​សន្និសីទ​នា​ថ្ងៃ​ចន្ទ​នេះ​ លោក​ ​ដន ប្រ៊ូស្ទើ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​អង្គការ​លោក​មាន​គម្រោង​ចំនួន​១៤​ ​ក្នុង​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​ ​និង​ជួយ​ជន​ដែល​រងគ្រោះ​ពី​អំពើ​ជួញដូរ​ទាំង​នោះ​ ​ដែល​លោក​អះអាង​ថា​ ​រហូត​មក​ដល់​ពេល​នេះ​គម្រោង​ទាំង​នោះ​បាន​ជួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណជា​ជិត​៥,០០០​នាក់។​ ​ក្នុង​នោះ​អង្គការ​របស់​លោក​ ​សង្គ្រោះ​មនុស្ស​បាន​ជាង​៧០០​នាក់​ ​ចេញ​ការ​ជួញដូរ​ផ្លូវ​ភេទ​ ​ចាប់​តាំង​ពី​អង្គការ​លោក​បាន​ផ្ដើម​បេសកកម្ម​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៥៕

XS
SM
MD
LG