ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាស៊ី ជួបគ្នា​ដើម្បី​ការពារ​ទប់ទល់​នឹង​ចិន


ក្រុមរដ្ឋមន្រ្តីការបរទេស​នៃ​ក្រុមQuad (ពីឆ្វេង) លោក Antony Blinken លោកស្រី Marise Payne លោក S. Jaishankar និង​លោកYoshimasa Hayashi ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​រដ្ឋមន្ត្រី​ការបរទេស Quad នៅ​ទីក្រុង Melbourne នៅ​ថ្ងៃសុក្រ ថ្ងៃទី១១ ឆ្នាំ២០២២។

អ្នក​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន​ និង​ឥណ្ឌា​ បាន​បើក​កិច្ចពិភាក្សា​នៅ​ទីក្រុង ​Melbourne ​នៃ​ប្រទេស​អូស្ត្រាលី ​នៅ​ថ្ងៃសុក្រនេះ​ ដើម្បី​ពង្រឹង​សម្ព័ន្ធមិត្ត​ក្រុម Quad ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ដោយ​សង្ឃឹម​ថា នឹង​បង្អាក់ការវាតទី​អំណាច​របស់ចិន​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ចាប់ផ្ដើម​ជំនួបថ្ងៃ​នោះ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​របស់​ក្រុម​នេះ ​ក្នុង​ការស្ថាបនា​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ និង​បាននិយាយ​ពី​ទំនាក់​ទំនង​របស់​ប្រទេស​លោក​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​ថ្លែង​ប្រាប់​មន្ត្រីដែល​មក​ចូល​រួម​កិច្ចប្រជុំនោះ​ថា៖ «យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​ផុយ​ស្រួយ ងាយ​បែក​បាក់​ និង​មាន​ការប្រកួត​ប្រជែង​ខ្លាំង​មួយ»។

លោក បន្ត​ទៀត​ថា៖ «យើង​ក្រោកឈរ​ប្រឆាំង​អ្នក​ដែល​ស្វះស្វែង​បង្ខិត​បង្ខំ​យើង»។

ដោយ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន លោក Morrison បាន​និយាយ​ថា វា​ជា«រឿង​ល្អ» ដែល​សមាជិក​ក្រុម Quad យល់​អំពី«ការបង្ខិត​បង្ខំ​ និង​ការដាក់​សម្ពាធ​ដែល​អូស្ត្រាលី​បាន​ជួប​ប្រទះ»។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​ក្រុង​វ៉ាស៊ីនតោន ជាប់​រវល់​នឹង​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ មក​លើ​ប្រទេស​អ៊ុយក្រែន​នៅពេល​ឥឡូវ​នេះ​ក៏ដោយ ក៏​បញ្ហា​យូរ​អង្វែង គឺ​អំណាចកាន់តែ​កើនឡើង​របស់​ចិន។

លោកបាន​ប្រាប់​កាសែត The Australian នៅ​ល្ងាច​នេះ​ថា៖ «នៅ​ក្នុង​គំនិត​របស់​ខ្ញុំ មាន​ការ​ងឿង​ឆ្ងល់​តិច​តួច​ថា មហិច្ឆតា​របស់​ចិន​ក្នុង​រយៈ​ពេល​កន្លង​មក គឺ​ចង់​ក្លាយ​ជា​មហាអំណាច​យោធា សេដ្ឋកិច្ច ការទូត ​និង​នយោបាយ មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​នៅ​ក្នុង​ពិភពលោក»។

ក្រុម Quad នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ២០០៧ ប៉ុន្តែ​ទើប​តែ​បាន​រីកលូតលាស់​មួយ​ទស្សវត្សរ៍​ក្រោយ​មក បន្ទាប់ពី​ចិន​ បាន​បង្ហាញយ៉ាង​ខ្លាំង​អំពី​អំណាច​យោធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​ឥណ្ឌា។

ខណៈដែល​ប្រទេស​ទាំង៤ បាន​ធ្វើ​សមយុទ្ធ​នាវា​រួម​គ្នា​នៅ​ឆ្នាំ២០២០​ នៅ​ច្រក​សមុទ្រ Bengal ជំនួប​នៅ​ក្នុង​ទីក្រុង ​Melbourne ​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ី​ជម្រៅ​ឡើង​លើ​វិស័យ​នានា​ ដូចជា​ការប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩ និង​ការសម្រប​សម្រួល​គ្នា​លើ​បញ្ហា​បច្ចេកវិទ្យា​ព័ត៌មាន​សំខាន់​ៗ រួមទាំង​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ 5G ផង៕

XS
SM
MD
LG