ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken សរសើរ​សហរដ្ឋ​អាមេរិក​ដែល​ផ្តោត​ការយក​ចិត្តទុកដាក់​ចំពោះ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken (ស្តាំទីពីរ) ជួប​ជាមួយ​លោក Craig Chittick ឧបការី​រដ្ឋមន្ត្រី​ទី១​នៃ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (ឆ្វេង) ពេល​លោក​ទៅ​ដល់​ទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅ​ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken (ស្តាំទីពីរ) ជួប​ជាមួយ​លោក Craig Chittick ឧបការី​រដ្ឋមន្ត្រី​ទី១​នៃ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (ឆ្វេង) ពេល​លោក​ទៅ​ដល់​ទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅ​ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​សង្កត់​ពី​ការផ្តោត​ការយក​ចិត្តទុកដាក់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Biden លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដោយ​លោក​និយាយ​ថា ការចរចា​ជាមួយ​ក្រុម​ប្រទេស​ដែល​រួមមាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​ គឺទាក់ទិន​នឹង​ការងារដែល​មាន​សារៈសំខាន់​ដល់«ប្រជាពលរដ្ឋ​នៅ​ទូទាំង​តំបន់​ និង​ពិភពលោក»។

លោក Blinken បាន​ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​នៅពេល​ដែល​លោក​ប្រុងប្រៀប​រៀបចំ​ចូលរួម​ជំនួប​ដែល​ហៅ​ថា ប្រទេស Quad។

លោក Blinken មាន​ប្រសាសន៍​ថា «ក្រុមប្រទេស Quad កំពុង​ក្លាយ​ជា​យន្តការ​ដ៏​មាន​អំណាច​មួយ​ដើម្បី​ផ្គត់ផ្គង់​ និង​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ផ្នែក​ដ៏​ធំ​មួយ​របស់​ពិភពលោក​ដែល​កំពុង​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ច្រើន​នៅ​ទីនោះ ពង្រឹង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​ដើម្បី​ទប់ទល់​នឹង​ភាព​គឃ្លើន​ និង​ការបង្ខំ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​កំពុង​ធ្វើការ​ជាមួយ​គ្នា​អំពី​បច្ចេកវិទ្យា ​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា បច្ចេកវិទ្យា​ទាំង​នោះ អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​របៀប​វិជ្ជមាន មិន​មែន​ក្នុង​របៀប​អវិជ្ជមាន ហើយ​នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ដ៏​ធំ​មួយ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​ប្រទេស​អូស្ត្រាលី​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ បន្ទាប់ពី​ភាពជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ដែល​ហៅ​ថា AUKUS ដែល​រួម​មាន​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រកាស​កាលពី​ខែ​កញ្ញា​ ឆ្នាំ​ទៅ។ កិច្ចព្រមព្រៀង​នោះ រួមមាន​កិច្ចព្រមព្រៀង​ដើម្បី​ស្ថាបនា​នាវាមុជ​ទឹក​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ប្រទេស​អូស្ត្រាលី ​ដែល​ជា​ផ្នែក​មួយ​នៃ​ការកំញ៉ើញ​ប្រឆាំង​នឹង​ការវាតទី​ខាង​យោធា​របស់​ចិន​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ផ្នែក​មួយ​នៃ​ការពិភាក្សា​ក្នុង​អំឡុងពេល​នៃ​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស Quad នៅ​ក្នុង​ទីក្រុង Melbourne «នឹង​ទាក់ទិន​ទៅនឹង​បញ្ហា​សំខាន់ៗ​ដែល​បណ្តាល​មកពី​ប្រទេស​ចិន»។ នេះ​ បើ​តាម​លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត ​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ​ កន្លង​ទៅ​នេះ។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង​វិញ មន្ត្រី​ចិន បាន​សម្តែង​នូវ​ការប្រយ័ត្ន​ប្រយែង​អំពី​ក្រុម Quad និង AUKUS។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ណា​ក៏ដោយ «មិន​ត្រូវ​ដៅទៅ​លើភាគី​ទី៣​ ណាមួយ​ទេ» នៅពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​មេដឹកនាំ Quad កាលពី​ខែ​កញ្ញា ​ឆ្នាំ​ទៅ។ លោក Zhao ក៏បាន​ហៅ​សន្ធិសញ្ញា AUKUS ថា «គ្មាន​ការទទួល​ខុសត្រូវ​ទាល់តែ​សោះ»។

ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១ សប្តាហ៍​របស់​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក រួម​បញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច​នៅ​កោះហ៊្វីជី​ និង​ទីក្រុង Honolulu នៃ​កោះ​ហាវ៉ៃ​ផង​ដែរ៕

លោក Chris Hannas អ្នកយកព័ត៌មានរបស់​វីអូអេ រួមចំណែក​នៅក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG