ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី ប្រឹងប្រែង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​អាស៊ី​ដើម្បី​ទប់ទល់​នឹង​សម្ព័ន្ធភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​សម័យ​ប្រជុំពេញអង្គ​នៅឯ​វេទិកា​សេដ្ឋកិច្ច​ខាងកើត​ក្នុង​ទីក្រុង Vladivostok ប្រទេសរុស្ស៊ី កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​រុស្ស៊ី​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ មានរួម​បញ្ចូលការ​អនុម័តផែនការ​មួយ​សម្រាប់​រយៈពេលប្រាំ​ឆ្នាំ​អំពី​ពាណិជ្ជកម្ម ​និង​កិច្ច​សហប្រតិបត្តិការ​ខាងវិនិយោគ​សេដ្ឋកិច្ច​ឌីជីថល (digital) និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពជា​មួយសមាជិក​ទាំង​១០​នៃ​សមាគម​អាស៊ាន។

នៅ​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ចបូព៌ា Sixth Eastern Economic Forum លើក​ទី​៦​ កាលពីខែកញ្ញា​នៅ​ក្រុង Vladivostok​ ប្រទេសវៀតណាម បានស្នើខ្លួន​ធ្វើជាស្ពានមួយដើម្បី​ភ្ជាប់​អាស៊ានជា​មួយប្រទេស​រុស្ស៊ី ​និង​សហភាពសេដ្ឋកិច្ច​អឺរ៉ុប​ និងអាស៊ី-ដែល​ជាក្រុម​សេដ្ឋកិច្ច​មួយមានរួម​បញ្ចូលប្រទេសរុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន​ និងប្រទេស​កៀហ្ស៊ីស៊ីស្ថាន។​ ពួក​អ្នក​វិភាគទស្សន៍​ទាយ​ថា​ ​រដ្ឋាភិបាលក្រុង​មូស្គូ​ស្វះស្វែងបង្កើនចំណង​ទាក់ទងនយោបាយ​ក្នុង​តំបន់ជា​ការ​ឆ្លើយ​តបនឹងការ​ប្រែប្រួលខាង​ការ​ទូត​ក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។​

លោក​ Bradley Murg នៃ​វិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ​ និង​សន្តិភាព​ Cambodian Institute for Cooperation and Peace បាននិយាយ​ថា «ប្រទេស​រុស្ស៊ី​ចង់​ឱ្យ​ពលរដ្ឋ​របស់​ខ្លូន​ឃើញ​ថា ខ្លួនជា​មហា​អំណាចសាកល​មួយ»។

លោក Murg ​បាន​ថ្លែង​ថា «រុស្ស៊ីចង់ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឃើញថា ​ខ្លួន​មិន​គ្រាន់តែ​ជា​តួអង្គ​មួយ​ក្នុង​តំបន់​តែប៉ុណ្ណោះ​ទេ ហើយ​ថា​អាស៊ីអាគ្នេយ៍ជា​កន្លែង​មួយអាច​ចូលទៅ​បានដោយ​ងាយ​ដែរ។ លោក​បានបន្ថែមថា ការមាន​វ៉ាក់សាំង Sputnik ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ការបើក​ចំហផ្លូវរបៀង​ពាណិជ្ជកម្មតាមរយៈ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្មចិន បាន​ផ្តល់ការ​លើក​ទឹក​ចិត្ត​បន្ថែមឱ្យ​បណ្តា​ប្រទេស​ក្នុងអាស៊ី​អាគ្នេយ៍​កែ​លម្អ​ចំណងទាក់​ទង​ជា​មួយ​រុស្ស៊ី​ផង​ដែរ។

លោក Murg ​បាន​ពោល​ថា «ការ​ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ ការពង្រីក​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្មចិន​ និងការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ីអាគ្នេយ៍ ទៅ​កាន់​អាស៊ីកណ្តាល ទៅ​កាន់​អឺរ៉ុបតាម​រយៈ​គម្រោង​ផ្លូវ​សូត្រ​ Silk Road initiative ព្រមទាំងការ​ភ្ជាប់​ទាក់ទង​ជា​មួយផ្លូវ​របៀង​សេដ្ឋកិច្ចក្នុង​អាស៊ី​អាគ្នេយ៍ ផ្តល់​នូវការ​លើកទឹកចិត្ត​បន្ថែម សម្រាប់​ឱ្យ​បណ្តា​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ កែលម្អ​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី»។

ការ​ចូល​ចិត្ត​ និង​ការមិនចូលចិត្ត

អ្នកវិភាគ​ម្នាក់​ទៀត​បាន​និយាយ​ថា ​រុស្ស៊ី​«ខឹងសម្បា​យ៉ាងខ្លាំង»ដោយ​ស្ងាត់ស្ងៀម​អំពី​សម្ព័ន្ធភាពកងទ័ព​ជើង​ទឹក AUKUS រវាងប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក និងអំពី​ការ​បង្កើត​សម្ព័ន្ធភាព Quad ដែល​មាន​អូស្ត្រាលី ឥណ្ឌា ជប៉ុន​ និង​ចក្រភពអង់គ្លេស ជា​សមាជិក​។ សម្ព័ន្ធភាព​ទាំង​ពីរ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។

រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ីលោក Sergey Lavrov កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ប្រាប់សន្និបាត​ទី២៩​នៃ​ក្រុមប្រឹក្សា​គោលនយោបាយការបរទេស​ និង​ការពារប្រទេស​ដែលជាអង្គកា​រ​មួយនៃក្រុម​មន្ត្រី​ ពួក​អ្នក​ចាត់ចែង​កិច្ចការប្រតិបត្តិនិង​ពួក​សាស្ត្រាចារ្យ​កម្រិត​ខ្ពស់​មាន​មូលដ្ឋាន​ក្នុងក្រុង​មូស្គូ​ថា «​និន្នាការ​មួយ​ក្នុងបណ្តានិន្នាការ​កំពុងពេញ​និយម​បំផុត​នៅ​ពេល​សព្វថ្ងៃ​នេះ គឺ​អ្វីដែលហៅ​ថា ​យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ី​ហ្វិក ដែលត្រូវបានបង្កើត​ដោយ​សហរដ្ឋ​អាមេរិក»។

លោក​ Lavrov បាន​ថ្លែង​ថា ​«ទាំង​អស់​នេះធ្វើ​តាមខ្សែ​បន្ទាត់នាំឱ្យ​រេច​រឹល​ទម្រង់​សាកលក្នុង​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក​ដែល​មានច្រើន​ទសវត្សរ៍​មក​ហើយ ក្រោម​ការឧបត្ថម្ភ​របស់សមាគមអាស៊ាន»។

ការ​រិះគន់​របស់​លោក Lavrov ទាំងនេះ ​កើតឡើងនៅ​ពេលដែលទី​ភ្នាក់ងារព័ត៌មាន Tass ​របស់រដ្ឋាភិបាលរុស្សី បានរាយការណ៍​អំពី​កង​នាវា​ចម្បាំងនិង​នាវា​មុជ​ទឹក​បានធ្វើ​ដំណើរទៅ​កាន់មហាសមុទ្រ​ឥណ្ឌា​ដើម្បី​ដាក់ពង្រាយ​ជា​អចិន្ត្រៃយ៍​មួយ​ ដែល​ជា​ផ្នែកនៃកង​នាវា​ចម្បាំងរុស្ស៊ី​ក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិក​។

លោក Lavrov មានការ​គាំទ្រនៅ​ក្នុងប្រទេសម៉ាឡេស៊ីដែល​នៅ​ទី​នោះ រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Hishammuddin Hussein បាន​និយាយ​ប្រាប់​សភា​ម៉ាឡេស៊ី​ថា​ AUKUS «ក៏​អាចបង្ក​ឱ្យ​មហាអំណាច​ឯទៀតៗ​ធ្វើ​សកម្មភាព​គឃ្លើន​ជាង​មុនក្នុង​តំបន់​នេះ​ដែរ ជា​ពិសេស​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov (កណ្តាល) ថតរូប​ជុំគ្នា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និង​តំណាង ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នៅ​សិង្ហបុរី កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov (កណ្តាល) ថតរូប​ជុំគ្នា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និង​តំណាង ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នៅ​សិង្ហបុរី កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

លោក Hussein បានថ្លែង​ថា​ ការ​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​សមាគម​អាស៊ានដែល​កំណត់នឹង​ធ្វើក្នុងប្រទេស​ប៊្រុយណេនៅ​ខែ​វិច្ឆិកា​ ត្រូវ​រំពឹង​ថា នឹង​ពង្រឹងកិច្ចសហប្រតិបត្តិការ​ខាង​ការ​ការពារក្នុង​តំបន់​ដោយសារ​វត្តមាន​របស់​អង្គការ AUKUS តែក្រុម​អ្នក​វិភាគមិនជឿថា ​រុស្ស៊ីមានកម្លាំង​យោធា​ ប្រាក់​កាស ​ឬ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​ឱ្យ​ខ្លួន​មានឥទ្ធិពលក្នុង​តំបន់នោះ​ទេ​ ក្រៅ​ពី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​វៀតណាម។

លោក Ian Storey នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបូរី បាន​និយាយ​ថា​ «ប្រទេស​រុស្ស៊ីយល់​ឃើញថា ​ខ្លួន​ជា​ប្រទេស​មហាអំណាច​មួយ»។

លោក Storey​ បានថ្លែង​ថា រុស្សីគ្រប​ដណ្តប់​លើសហភាព​សេដ្ឋកិច្ច​អឺរ៉ុប និង​អាស៊ី ​ហើយមាន«ឥទ្ធិពលខ្លាំងនិង​ផល​ប្រយោជន៍ច្រើនក្រាស់ក្រែល​ក្នុង​ក្រុមពហុជាតិ​ដូច​ជា​ក្រុម​ប្រឹក្សា​អាទិក Arctic Council ដែល​ជាអង្គការអន្តរ​រដ្ឋាភិបាលមួយ​មាន​មូលដ្ឋាន​ក្នុងប្រទេសន័រវ៉ែស​មាន​គោលដៅផ្ចុង​ផ្តើមកិច្ច​សហការក្នុង​តំបន់​អាទិក អង្គការ BRICS នៃពួ​ក​ប្រទេសមានសេដ្ឋកិច្ចលេច​ធ្លោ​ គឺ​ប្រទេស​ប្រេស៊ីល រុស្សី​ ឥណ្ឌា​ ចិន​ និងប្រទេស​អាហ្វិក​ខាង​ត្បូង និងអង្គការកិច្ច​សហប្រតិបត្តិការ Shanghai ដែល​ជា​អង្គការពហុភាគីខាងសន្តិសុខ និងការអភិវឌ្ឍ​ មានរួម​បញ្ជូល​ប្រទេស​ចិន ឥណ្ឌា​ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ី​ស្ថាន រុស្ស៊ី ប៉ាគីស្ថាន​ តាហ្ស៊ីគីស្ថាន​ និង​អ៊ូសបេគីស្ថាន។

លោក Storey​ បានពោល​ថា ​«រុស្ស៊ី ចង់​ឱ្យ​មានកន្លែង​អង្គុយ​មួយនៅ​តុ​ចរចា​។ ​រុស្ស៊ីចាត់ទុកថា ​ខ្លួន​មាន​សិទ្ធិបែបនេះ​ដោយ​ស្វ័យប្រវត្តិ​ពី​កំណើត​ តែ​រុស្សី​មិនចូលចិត្តស្ថាប័នពហុភាគី​ទេ ​លើកលែងតែ​ខ្ឡួន​មានឥទ្ធិពល​ខ្លាំង​ណាស់ទៅ​លើ​ស្ថាប័ន​ទាំង​នេះ»។ លោកបានបន្ថែម​ថា រដ្ឋាភិបាល​មូស្គូ មិន​មាន«ឥទ្ធិពល​ខ្លាំង»បែប​នេះ​ទេ​ក្នុង​សមាគម​អាស៊ាន ​ឬ​ក្នុងសន្និសីទ​កំពូលអាស៊ី​ខាងកើត។​

ការ​ផ្សព្វផ្សាយ ​និង​ការ​ពិត

ឥទ្ធិពល​ជា​ប្រពៃណី​របស់​រុស្ស៊ីក្នុង​សមាគម​អាស៊ានមានកម្រិត​ត្រឹមការ​លក់​អាវុធ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា ​និង​វៀតណាម។ លោក Murg បាន​និយាយ​ថា «វៀតណាម​ បាន​និយាយច្បាស់លាស់​ថា ខ្លួន​សហការ​ជា​មួយ​រុស្ស៊ិ ខុសពីជាមួយ​ប្រទេស​ដទៃ» ​ដោយសារ​កេរដំណែល​នៃ​ចំណង​ទាក់ទង​ជិតស្និទ្ធ​របស់ប្រទេស​ទាំង​ពីរ​នេះ​ នៅ​អំឡុងសង្គ្រាមត្រជាក់។

លោក Storey យល់ស្រប​អំពី​រឿងនេះ។ លោក​បាន​កត់សម្គាល់​ថា រុស្ស៊ី«ធ្វើពាណិជ្ជកម្ម​ក្នុង​វិស័យខ្លះ​តែប៉ុណ្ណោះ​» ​ហើយ​ថា ប្រទេស​ឯ​ទៀតៗ​ដូចជាចក្រភព​អង់គ្លេស​ជា​ដើម ធ្វើ​ពាណិជ្ជកម្ម​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជាង​រុស្ស៊ី​។​

ឧទាហរណ៍​ ពាណិជ្ជកម្មទ្វេភាគីរវាង​រុស្ស៊ី និង​អាស៊ាន​មុនការរាត្បាត​នៃ​ជំងឺកូវីដ១៩​មាន​ទឹកប្រាក់​ប្រមាណ​២០​ពាន់​លានដុល្លារ​ក្នុង​មួយឆ្នាំ។ ចំណែកឯពាណិជ្ជកម្ម​របស់​អាស៊ាន​កាលពី​ឆ្នាំ២០១៩ ជា​មួយអង់គ្លេសមាន​ទឹកប្រាក់ ​៥២ពាន់ លាន​ដុល្លារ​ និង​មាន​ចំនួន​ ៩៣​ពាន់ លាន​ដុល្លារជា​មួយអូស្ត្រាលី​ មាន​ ៣៦២ពាន់ ​លាន​ដុល្លារ​ជា​មួយសហរដ្ឋ​អាមេរិក និងមាន​ ៦៤៤​ពាន់ លានដុល្លារ​ជា​មួយប្រទេស​ចិន។

លោក Storey បាន​ថ្លែងថា «រុស្សីជា​អ្នក​ពាក់ព័ន្ធ​នឹងតំបន់​នោះ​ ​តែ​មិនមែន​ជា​អ្នក​ពាក់ព័ន្ធ​ធំ​មួយ​ទេ»។

លោក Storey បានពោល​ថា «រុស្សីមានវត្តមានយោធាតិចតួច​ក្នុង​តំបន់​នោះ។ លោក​អ្នក​ដឹង​ហើយ​ថា ដៃគូ​ជិតស្និទ្ធ​បំផុតរបស់​រុស្សីក្នុង​តំបន់​នោះ​ គឺ​វៀតណាម ហើយ​រុស្សី​ មិន​បាន​ធ្វើសមយុទ្ធ​យោធាណា​មួយ​ជា​មួយ​វៀតណាម​ទេ​ ឬ​ប្រហែល​មានធ្វើ​ម្តង។ ហើយ​នេះ​ ជាការ​ចម្លែកសម្រាប់​ប្រទេសពីរដែល​មានចំណង​ទាក់ទង​គ្នាខាង​វិស័យ​ការពារប្រទេស​អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ»។

«ការធ្វើសមយុទ្ធប្រហែល​ម្តង»នោះ ជា​ការនិយាយ​យោង​ដល់​សមយុទ្ធ​ហ្វឹកហ្វឺន​រួម​គ្នាមួយ​កាលពី​ឆ្នាំ២០១៩​ទាក់ទិន​នឹង​នាវា​តែ​មួយ​គ្រឿង​សម្រាប់​ចាត់ចែង​ដល់​ការ​ជួយ​សង្គ្រោះនាវាមុជទឹក។​ ក៏ប៉ុន្តែ រុស្ស៊ី ​បាន​ធ្វើ​សមយុទ្ធយោធា​រួមគ្នា​ជា​មួយ​ប្រទេស​លាវក្នុងដែនដី​ Primorsky នាតំបន់​ចុង​បូព៌ារបស់​ខ្លួន។

លោក​ Murg ក៏​បាន​និយាយ​ដែរ​ថា ​រុស្ស៊ីនៅ​តែ​ជិតស្និទ្ធ​ជា​មួយចិន​ពេក ដែល​នាំឱ្យ​គេ​មិនអាច​ចាត់ទុក​រុស្ស៊ីថា ​ជាដៃគូឯករាជ្យ​មួយក្នុង​អាស៊ីអាគ្នេយ៍ទេ។ ក៏​ប៉ុន្តែ​ក្នុងវិស័យ​សេដ្ឋកិច្ច​វិញ​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបស់​ប្រទេស​សិង្ហបូរី និង​វៀតណាមជា​មួយ​សហភាពសេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី អាច​នាំឱ្យ​មានអនាគត​ល្អសម្រាប់ការ​លូតលាស់​សេដ្ឋកិច្ច​។

លោក Murg បាន​ថ្លែងថា «ប៉ុន្តែ ​អ្នក​បណ្តាក់​ទុន​រុស្ស៊ី​ មានការប្រុងប្រយ័ត្ន​គួរសម»។

លោកបាន​ពោល​ទៀតថា «ជា​មួយ​រុស្ស៊ី​ នេះ​ ជា​ឱកាស​ដើម្បី​ថតរូបជា​មួយ​គ្នា ហើយ​ថា​ នៅ​មាន​ការ​ប្រជុំ​គ្នា​ និង​មាន​សេចក្តី​ប្រកាស​ច្រើន​ថែមទៀតអំពីមាគ៌ា​ឆ្ពោះទៅ​កាន់​អនាគត»៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG