រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទនេះដើម្បីចូលរួមជំនួបថ្នាក់រដ្ឋមន្ត្រីរបស់ក្រុម Quad ដើម្បីធ្វើឲ្យជឿនលឿននូវកិច្ចសហប្រតិបត្តិការលើបញ្ហានានា រួមទាំងសន្តិសុខផ្លូវនាវាចរណ៍និងសន្តិសុខប្រព័ន្ធកំព្យូទ័រ ស្រប ពេលជំរុញឱ្យទប់ទល់ប្រឆាំងនឹង«ភាពគគ្លើននិងការបង្ខំ»នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្រុម Quad សំដៅដល់ការសន្ទនាខាងសន្តិសុខដែលទាក់ទិននឹងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុននិងសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអូស្ត្រាលីពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីនោះ បន្ទាប់ពីភាពជាដៃគូនៃសន្តិសុខត្រីភាគីដែលគេហៅថា AUKUS ដែលរួមមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីខែកញ្ញាឆ្នាំទៅ។ កិច្ចព្រមព្រៀងនោះ រួមមានកិច្ចព្រមព្រៀងដើម្បីស្ថាបនានាវាមុជទឹកដែលប្រើឋាមពលនុយក្លែអ៊ែសម្រាប់ប្រទេសអូស្ត្រាលី ដែលមិនមែនជាសមាជិកក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេបំផុត៧ហៅថា G-7 ដែលជាផ្នែកមួយនៃការកំញើញប្រឆាំងនឹងការវាតទីរបស់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «លោករដ្ឋមន្ត្រីការបរទេស Blinken នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison លោកស្រីរដ្ឋមន្ត្រីការបរទេស Marise Payne រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតដើម្បីពិភាក្សាបញ្ហាអាទិភាពទ្វេភាគីនិងសាកល»។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកបានប្រាប់វីអូអេក្នុងអំឡុងសន្និសីទកាសែតតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «ផ្នែកមួយនៃការពិភាក្សាក្នុងអំឡុងនៃជំនួបរដ្ឋមន្ត្រីការបរទេស Quad នៅក្នុងទីក្រុង Melbourne នឹងទាក់ទិនបញ្ហាប្រឈមនានាដែលបណ្តាលមកពីប្រទេសចិន»។
នៅក្នុងទីក្រុងប៉េកាំងវិញ ក្រុមមន្ត្រីចិនបានសម្តែងនូវភាពប្រយ័ត្នប្រយែងអំពីក្រុម Quad និង AUKUS។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា គម្រោងការងារនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាមួយ «មិនត្រូវផ្តោតលើភាគីទី៣ណាមួយទេ» នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលរបស់មេដឹកនាំ Quad កាលពីខែកញ្ញាឆ្នាំមុន។ លោក Zhao បានហៅសន្ធិសញ្ញា AUKUS ថា «គ្មានការទទួលខុសត្រូវ»៕
បញ្ហាចិនរីកកាន់តែធំឡើងខណៈអ្នកការទូតកំពូលអាមេរិកធ្វើដំណើរទៅអូស្ត្រាលីនិងកោះហ្វ៊ីជី
វ៉ាស៊ីនតោន —