សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន១០០លានដុល្លារអាមេរិកនៅថ្ងៃពុធនេះដល់បណ្តាប្រទេសអាស៊ី និងអាហ្វ្រិកដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ សម្រាប់ទប់ទល់អសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងទៀតនៃភាពក្រីក្រ។
ជំនួយទាំងនេះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលណាដែលបានដាក់សំណើច្បាស់លាស់ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយការផ្តល់មូលនិធិនេះនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងដើមឆ្នាំ២០១៥។
លោកម៉ាយឃើល យ៉ាតស៍ (Michael Yates) នាយកបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID)ប្រចាំតំបន់អាស៊ីមានប្រសាសន៍ក្នុងសន្និសីទកាសែតតាមអ៊ីនធើណែតនៅរសៀលថ្ងៃនេះពីទីក្រុងបាងកកថា មូលនិធិនេះមានចំនួនតិចតួច ប៉ុន្តែអាចជាជំនួយនៅក្នុងការដោះស្រាយគ្រោះធម្មជាតិបាន។
«យើងដឹងហើយថា ទឹកប្រាក់១០០លានដុល្លារជាចំនួនតិចតួចសម្រាប់តំបន់អាស៊ីទាំងមូល។ ប៉ុន្តែយើងក៏ដឹងដែរថា ធនធានទាំងនេះអាចដើរតួជាកាតាលិករយ៉ាងសំខាន់។ ពិតហើយយើងមិនអាចបញ្ចៀសខ្យល់ព្យុះសង្ឃរាឬគ្រោះរញ្ជួយដីបានទេ ប៉ុន្តែយើងអាចធ្វើកិច្ចការប្រសើរជាងមុនដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ប្រជាពលរដ្ឋ»។
លោកម៉ាយឃើល យ៉ាតស៍បានលើកឧទាហរណ៍នៃការឡើងខ្ពស់នៃកម្រិតកម្ពស់ទឹកសមុទ្រនៅប្រទេសបង់ក្លាដេស ដែលជាការគំរាមកំហែងនៃគ្រោះធម្មជាតិមួយ និងគ្រោះរញ្ជួយដីនៅប្រទេសណេប៉ាល់។
«គិតត្រឹមឆ្នាំ២០២៥គឺរយៈពេល១០ឆ្នាំទៀត គេរំពឹងថា ប្រជាពលរដ្ឋនៅតំបន់អាស៊ីជាង៤០០លាននាក់នឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ហើយកត្តានេះនឹងបង្កឲ្យមានភាពក្រីក្រកាន់តែច្រើន ដោយមានការបាត់បង់អចលនទ្រព្យ និងទីជម្រកដោយការកើនឡើងនៃគ្រោះធម្មជាតិ»។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងថា ក្នុងចំណោមប្រាក់ជំនួយសម្រាប់ការអភិវឌ្ឍចំនួនបីដុល្លារមានមួយដុល្លារត្រូវបាត់បង់ទៅលើការចំណាយសម្រាប់វិបត្តិធម្មជាតិជាបន្តបន្ទាប់។ ហើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ទឹកប្រាក់ដែលបាត់បង់ដោយសារគ្រោះធម្មជាតិបានកើនដល់៣,៨ លានលានដុល្លារ (3,8 trillions)។
នាយកបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំតំបន់អាស៊ីនេះកត់សម្គាល់ថា ចំនួនគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុបានកើនឡើងត្រីគុណក្នុងរយៈពេលបីទសវត្សចុងក្រោយនេះដែរ។ ហើយការចំណាយសម្រាប់ដោះស្រាយគ្រោះមហន្តរាយនេះបានកើនដល់២ពាន់លានដុល្លាររៀងរាល់ឆ្នាំ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា លោកម៉ាយឃើល យ៉ាតស៍បញ្ជាក់ថា ប្រទេសកម្ពុជា សង្គមស៊ីវិល ឬស្ថាប័នព័ត៌មានផងដែរ អាចធ្វើសំណើសុំមូលនិធិដោយកំណត់យុទ្ធសាស្ដ្រអំពីការដោះស្រាយគ្រោះធម្មជាតិ។
លោកស្រីអ៊ែល សុធារី ប្រធានកម្មវិធីនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដែលជាភ្នាក់របស់អង្គការមិនមែនរដ្ឋាភិបាលនានា បានសម្តែងស្វាគមន៍ការប្រកាសផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះ។
«វាជាការល្អ ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដើម្បីដោះ ស្រាយនូវការលំបាករបស់ប្រជាជន ជាពិសេសនៅក្នុងកាលៈទេសៈមួយដែលយើងកំពុងជួបនូវបញ្ហាទឹកជំនន់ស្ទើរតែគ្រប់ខេត្ត។ ដូច្នេះគ្រប់ជំនួយមនុស្សធម៌ទាំងអស់គឺយើងសាទរជានិច្ចដើម្បីជួយពង្រឹងនូវគុណភាព និងជីវភាពរស់នៅរបស់ប្រជាជនយើង»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕