ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក អឺរ៉ុប ស្នើ​ឲ្យ​មាន​ការ​​ចរចា​នយោបាយ​ដើម្បី​បញ្ចប់​ភាព​តានតឹង​«ដ៏​គ្រោះថ្នាក់‍»


រូបឯកសារ៖ ក្បួនដង្ហែញតិ្ត​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​ថ្វាយ​​ព្រះមហាក្សត្រ​​ត្រូវ​បាន​រារាំង​ដោយ​ការ​បិទផ្លូវ​​មួយ​សន្ទុះ​ធំ​ មុនពេលអនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ពី​សំណាក់​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ក្បួនដង្ហែញតិ្ត​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​ថ្វាយ​​ព្រះមហាក្សត្រ​​ត្រូវ​បាន​រារាំង​ដោយ​ការ​បិទផ្លូវ​​មួយ​សន្ទុះ​ធំ​ មុនពេលអនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ពី​សំណាក់​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)

សភា​ជាតិ​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨រូប ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បាន​បោះឆ្នោត​ផ្តល់​ការ​យល់​ព្រម​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​ចាត់​ការ​សំណុំរឿង​លោក​ កឹម សុខា​ ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរកម្ម។​

បន្ទាប់​ពី​សភាជាតិ​ដែល​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្តល់​សេចក្តី​យល់​ព្រម​ឲ្យ​ស្ថាប័ន​តុលាការ​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បន្ត​រឿង​ក្តី​លោក​ កឹម​ សុខា​ មក អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​លទ្ធភាព​នៃ​ការ​ជួប​ចរចា​គ្នា​ទេ។

ការ​ជួប​ចរចា​គ្នា​នេះ​ គឺ​ជា​ការ​ចង់​បាន​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ដែល​បាន​សម្តែង​ក្តី​បារម្ភ​ និង​សោក​ស្តាយ​ចំពោះ​ព្រឹត្តិការណ៍​នយោបាយ​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

(កម្រងរូបភាព៖ ក្បួនដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ​ថ្វាយ​ជូនព្រះបាទ​ នរោត្តម សីហមុន្នី កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦)

ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដាក់​ពង្រាយ​កម្លាំង​នៅ​ទី​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រ​ចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង ការណ៍​ បញ្ជាក់​ពី​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​«ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់‍»​ និង​ស្នើ​ឲ្យ​មាន​ការ​ជួប​សន្ទនា​ជា​លក្ខណៈ​ស្ថាបនា ​ដោយ​សន្តិវិធី​រវាង​រដ្ឋ​អំណាច និង​គណបក្ស​ប្រឆាំង​ឲ្យ​បាន​កាន់​តែ​ឆាប់។​ ការ​ស្នើ​ឲ្យ​ជួប​សន្ទនា​គ្នា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ស្រដៀង​គ្នា​នឹង​ការ​ស្នើ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

​លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ពុំ​ទាន់​មាន​មន្ត្រី​នៃ​គណបក្ស​ជំទាស់​មក​ទំនាក់ទំនង​ជាមួយ​មន្ត្រី​គណបក្ស​កាន់​អំណាច និង​ស្នើ​ឲ្យ​មាន​ការ​ចរចា​នោះ​ទេ។​

លោក​បញ្ជាក់​ថា​ លទ្ធភាព​នៃ​ការ​ជួប​សន្ទនា​គ្នា​ជា​បន្ទាន់​រវាង​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​ ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ​ ដោយសារ​តែ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ត្រៀម​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ កំពុង​ចុះ​ពង្រឹង​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​នា​នា​ក្នុង​ប្រទេស។​ លោក​មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​នៃ​ការ​ចាក​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។

លោក​ សុខ​ ឥសាន បញ្ជាក់​ថា៖

«ទោះ​ស្នើ​មក​ក៏​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ ក៏​ដូច​ជា​រដ្ឋាភិបាល​កំពុង​តែ​ជាប់​រវល់​ ព្រោះ​ស្អែក​នេះ​ ព្រលឹម​[ឡើង] ​សម្តេច​ ហ៊ុន​ សែន​ គាត់​ទៅ​ម៉ាឡេ​ ប្រជុំ​ពីរ​ថ្ងៃ​ បី​ថ្ងៃ។​ សម្តេច​ ស​ ខេង​ លោក​នៅ​នេះ​ លោក​ចុះ​មូលដ្ឋាន​ទាំង​អស់​ ទៅ​ព្រៃវែង​ផង​ ទៅ​បាត់ដំបង​ផង​ អីចឹង​មាន​ពេល​ពីណា។​ អាហ្នឹង​ យើង​មិន​ទាន់​និយាយ​ដល់​ខ្លឹមសារ​ផង។​ បើ​និយាយ​ខ្លឹមសារ​មិន​ត្រូវ​ទៀត​ អា​ហ្នឹង​វា​កាន់​លែង[ចេញ]។

លោក​ អេង​ ឆៃអ៊ាង​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ថា​ ក្រុម​ការងារ​គណបក្ស​ត្រៀម​ជានិច្ច​ដើម្បី​ចរចា​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា តែ​មិន​បាន​ឲ្យ​ដឹង​ពី​តម្រុយ​ណាមួយ​សម្រាប់​ការ​ជួប​ចរចា​គ្នា​នោះ​ទេ។

លោក​ អេង​ ឆៃអ៊ាង​ អ្នកតំណាងរាស្ត្រ​គណបក្ស​ជំទាស់​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈពេល​ដែល​លោក ​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​កំពុង​ស្ថិតនៅ​ក្នុង​ដីការ​សាកសួរ​ពី​សាលា​តំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣១ ខែ​ឧសភា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)
លោក​ អេង​ ឆៃអ៊ាង​ អ្នកតំណាងរាស្ត្រ​គណបក្ស​ជំទាស់​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈពេល​ដែល​លោក ​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​កំពុង​ស្ថិតនៅ​ក្នុង​ដីការ​សាកសួរ​ពី​សាលា​តំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣១ ខែ​ឧសភា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)

លោក​បាន​ត្រឹម​តែ​បញ្ជាក់​ពី​ស្ថានភាព​របស់​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ពេល​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

​លោក​ អេង​ ឆៃអ៊ាង ថ្លែង​ថា៖

«លោក​ស្នាក់​នៅ​ទីនេះ។​ ទោះបី​ឥឡូវ​នេះ​ យើង​មិន​ទាន់​ដឹង​ថា​ ស្ថានការណ៍​គេ​នឹង​អាច​ចាប់​ចង​គាត់​ពេលណា​ គឺ​យើង​អត់​ដឹង​ទេ​ គឺ​លោក​ស្នាក់នៅ​ទីនេះ​ ហើយ​នៅ​ទីនេះ​ យើង​ទទួល​ប្រជាពលរដ្ឋ​ហ្នឹង​ ឲ្យ​មក​តាម​ឃ្លាំមើល​ជា​ប្រចាំ​ មាន​រាល់​ថ្ងៃ​ រៀងរាល់​ថ្ងៃ​នៅ​ទីនេះ»។

លោក​ អេង​ ឆៃអ៊ាង​ បាន​លើក​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប ដែល​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រុកគួន​តាម​ផ្លូវ​តុលាការ​ មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ត​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង។

សេចក្តី​ថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រំខាន​ពី​តុលាការ​ទៅ​លើ​ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​ និង​អ្នក​តំណាង​អង្គការ​សង្គម​ស៊ីវិល។​ នៅ​ក្នុង​សំណុំរឿង​លោក​ កឹម សុខា​ នេះ​ មន្ត្រី​សិទ្ធិ​មនុស្ស​បួន​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រង់​ចាំ​ការ​កាត់​ទោស។

(Facebook Live ភាគទី១៖តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​អំពី​អត្ថន័យ និង​គោលការណ៍​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស កាលពី​ថ្ងៃអង្គារ ទី៣១ ខែ​ឧសភា)

លោក សុខ​ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា​ លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ត្រូវ​បាន​យាយី​ដោយ​ស្ថាប័ន​តុលាការ​នោះ​ទេ​ តែ​លោក​ទៅវិញ​ទេ​ដែល​បាន​រំលោភ​ច្បាប់។​ លោក​សង្កត់​ធ្ងន់​ថា​ គ្មាន​ការ​គំរាមកំហែង​ណាមួយ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ធ្វើ​ទៅ​លើ​លោក ​កឹម សុខា​ ហើយ​ក៏​គ្មាន​ការ​ចរចា​ណាមួយ​ដែល​នឹង​អាច​ធ្វើ​ឡើង ​ដើម្បី​ទម្លាក់​ចោល​រឿងក្តី​លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​នោះ​ដែរ។​ លោក​បន្ថែម​ថា​ លោក​ កឹម​ សុខា កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា៖ «អត់​មាន​នរណា​គំរាមកំហែង​គាត់​ ថ្ងៃ​ណា​គេ​ទៅ​ចាប់​ គេ​ទៅ​ចាប់​ហើយ​ ព្រោះ​អាហ្នឹង​វា​បាន​ភ្លើង​ខៀវ​ពី​រដ្ឋសភា​ទៅ​ហើយ​ អញ្ចឹង​វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​យុត្តាធិការ​របស់​តុលាការ»។

សភា​ជាតិ​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨រូប ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បាន​បោះឆ្នោត​ផ្តល់​ការ​យល់​ព្រម​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​ចាត់​ការ​សំណុំរឿង​លោក​ កឹម សុខា​ ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរកម្ម។​ តុលាការ​បាន​កោះហៅ​លោក​ឲ្យ​ទៅ​បំភ្លឺ​ក្នុង​នាម​សាក្សី​ចំនួន​ពីរ​លើក​ តែ​លោក​មិនព្រម​ចូល​ខ្លួន។

នៅ​មុន​ការ​បោះឆ្នោត​របស់​សភា​ដែល​គ្របដណ្តប់​ដោយ​គណបក្ស​កាន់​អំណាច​ឲ្យ​បន្ត​រឿងក្តី​លោក​ កឹម​ សុខា ​នោះ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​នេះ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ញើ​សិខិត ជម្រាប​លោក​ ហេង សំរិន​ ប្រធាន​សភា​ជាតិ​ថា ការ​ប្រព្រឹត្ត​របស់​លោក​ កឹម សុខា​ ដែល​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ តាម​ការ​កោះ​ហៅ​របស់តំណាង​អយ្យការ​ទាំង​ពីរ​លើក​នេះ​ គឺ​ជា​បទ​ល្មើស តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ តាម​មាត្រា​នេះ​ ប្រសិន​បើ​ជនសង្ស័យ ត្រូវ​រកឃើញ​ថា​មាន​ទោស​ ជនសង្ស័យ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​ប្រាំមួយ​ខែ​ និង​ពិន័យ​ជា​ប្រាក់​ ពី​មួយ​សែន​ទៅ​មួយ​លាន​រៀល។

(Facebook Live ភាគទី២៖តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​អំពី​អត្ថន័យ និង​គោលការណ៍​អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្ត្រ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស កាលពី​ថ្ងៃអង្គារ ទី៣១ ខែ​ឧសភា)

ប៉ុន្តែ​ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុន​ ឆ័យ​ បាន​ច្រានចោល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ផង​ដែរ។​ លោក​ថា​ ចៅក្រម​ស៊ើបអង្កេត​សាលាក្តី​ខ្មែរ​ក្រហម​បាន​កោះ​ហៅ​ អ្នក​ដឹក​នាំ​កំពូលៗ​មួយ​ចំនួននៅ​ក្នុង​រដ្ឋាភិបាល​ឲ្យ​ចូល​ខ្លួន​ទៅ​សាលា​ក្តី​ តែ​ពុំ​មាន​ថ្នាក់​ដឹកនាំ​រូប​ណា​ក្នុង​នោះ​រួមមាន លោក​ ហេង​ សំរិន​ និង​លោក​ ហោ ណាំហុង ចូលខ្លួន​ទៅ​តុលាការ​ទេ​ ដោយ​សំអាង​លើ​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ។

​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​ទាន់​អាច​បញ្ជាក់​ថា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​ឃាត់​ខ្លួន​លោក​ កឹម សុខា​ ឬ​យ៉ាង​ណា​នោះ​ទេ។​ លោក​បាន​បង្វែរ​សំណួរ​ទៅ​ស្ថាប័ន​តុលាការ។​ VOA ​ព្យាយាម​ទាក់​ទង​លោក​ លី​ សុផាន់ណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ កឹម​ សុខា​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ស្ថិតនៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស្ថានភាព​គំរាម​កំហែង៕

XS
SM
MD
LG