ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ​ស្នើឲ្យ​​​គណ​បក្ស​ទាំង​ពីរ​ជួប​សន្ទនា​គ្នា​​​បញ្ចប់​ជម្លោះ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ​ ដោយ​ទទូច​ស្នើ​ឲ្យ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ជួប​ចរចា​គ្នា​ ដើម្បី​ពន្លត់​ភ្លើង​ជម្លោះ​នយោបាយ​ដែល​កំពុង​ឆាបឆេះ​ឡើង​សន្សឹមៗ​ ហើយ​អាច​រីកធំ ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សង្គម​កម្ពុជា​ ដែល​ទទួល​បាន​សន្តិភាព​ពេញ​លេញ​មិនទាន់​បាន​២០ឆ្នាំ​ផង​នោះ។

ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​បាន​មើល​ឃើញ​ថា ​របត់​នយោបាយ​នាពេល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​ ដែល​អាច​នាំ​ទៅ​រក​ចលាចល​សង្គម។​

អ្នក​ស្រាវជ្រាវ​ទាំង​នោះ បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទទូច​ស្នើ​ឲ្យ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ជួប​ចរចា​គ្នា​ ដើម្បី​ពន្លត់​ភ្លើង​ជម្លោះ​នយោបាយ​ដែល​កំពុង​ឆាបឆេះ​ឡើង​សន្សឹមៗ​ ហើយ​អាច​រីកធំ ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សង្គម​កម្ពុជា​ ដែល​ទទួល​បាន​សន្តិភាព​ពេញ​លេញ​មិនទាន់​បាន​២០ឆ្នាំ​ផង​នោះ។​

ការ​ថ្លែង​របស់​ពួកគេ​កើត​មាន​ឡើង​ នៅស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ពីការ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​រង​បណ្តឹង​បរិហារ​កេរ្តិ៍​ និង​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​សញ្ចរកម្ម។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ​បាន​បញ្ជាក់​ថា៖​ «គណបក្ស​នឹង​ប្រើ​ប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ក្នុង​ករណី ​ដែល​មាន​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ‍»។​

ពឹ្រត្តិការណ៍​ចាប់​ខ្លួន​លោក កឹម សុខា

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​បើក​ប្រតិបត្តិការ​តាម​ស្វែងរក​លោក​ កឹម សុខា ​នៅ​លើ​ផ្លូវ​នរោត្តម​ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ ដោយ​ឃាត់​រថយន្ត​លោក​ កឹម​ សុខា​ ដែល​មាន​តែ​ភរិយា​របស់​លោក​អង្គុយ​ក្នុង​រថយន្ត​នោះ។

ប្រតិបត្តិ​ការ​នេះ​បាន​បន្ត​ចូល​ទៅ​ដល់​ស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ នៅ​ម៉ោង​ជាង១២​ថ្ងៃ​ត្រង់​ ហើយ​នៅ​មិន​អាច​រក​ឃើញ​លោក​ កឹម សុខា ​ទេ។​ បន្តិច​ក្រោយ​មក​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមាណ​ជា​ជាង​២០នាក់​ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ដកថយ​ទៅ​វិញ​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ។​ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​សារ​តែ​លោក​ កឹម សុខា​ប្រកាន់​ជំហរ​មិន​ចូល​ខ្លួនទៅ​បំភ្លឺ​នៅ​តុលាការ​អំពី​បណ្តឹង​បរិហារកេរ្តិ៍​ និង​ការ​ចោទ​ប្រកាន់​មក​លើ​រូបលោក​ពី​បទ​សញ្ចរកម្ម។ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។​

​ប្រតិបតិ្ត​ការ​តាម​រក​លោក​ កឹម សុខា ធ្វើ​ឡើង​ដោយ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​ ​បាន​ធ្វើ​ឲ្យ​ក្រុមសកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ពុះកញ្រ្ជោល​ ដោយ​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​កាន់ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បីរារាំង​មិន​ឲ្យ​មាន​ការ​ចាប់ខ្លួន។ ​ពួកគេ​មួយ​ចំនួន​បាន​ប្រាប់​ VOA​ ថា​ ពួក​គេ​នឹង​មិន​អនុញ្ញាតឲ្យមាន​ការ​ឃាត់​ខ្លួន​លោក​ កឹម​ សុខា​ ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​នោះ​ទេ។

នយោបាយ​ទ័ល​ច្រក

លោក ​ពូ​ សុវចនា​ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ បាន​ប្រាប់ VOA នៅ​ថ្ងៃ​សុក្រនេះ​ថា​ ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​បាន​នាំឲ្យ​មាន​ការ​បែកបាក់​សាមគ្គី​ជាតិ​យ៉ាង​ខ្លាំង​ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស​ជាតិ។

លោក​បញ្ជាក់​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ មាន​អង្គ​ព្រះ​មហាក្សត្រ​អាច​មាន​ព្រះ​រាជ​តួនាទី ​ក្នុង​ការ​សម្រប​សម្រួល​បញ្ចប់​ជម្លោះ​ ដូច​ដែល​ព្រះរាជ​បិតា​របស់​ទ្រង់​ធ្វើ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។ នៅ​គ្រានោះ​គឺ​ព្រះ​បរមរតន​កោដ្ឋ​ព្រះ​បាទ​នរោត្តម​ សីហនុ​ បាន​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ។​

«ខ្ញុំ​ថា​ ព្រះ​ករុណា​សព្វ​ថ្ងៃ​ហ្នឹង ​ក៏​លោក ​បើ​លោក​មាន​ឆន្ទៈ ​ហើយ​លោក​មាន​ការ​យល់​ដឹង​អញ្ចឹង​ គួរ​តែ​ហៅ​អ្នក​ដឹកនាំ​ទាំង​ពីរ​ហ្នឹង​ឲ្យ​អង្គុយ​និយាយ​គ្នា​ ពិភាក្សា​គ្នា​ ហើយ​យោគ​យល់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​យើង​បម្រើ​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា ​ព្រោះ​ឥឡូវ​ហ្នឹង​ការ​បែកបាក់​កាន់​តែ​ខ្លាំង»។

លោក​ មាស​ នី​ អ្នក​សិក្សាស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA​ ថា​ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​ កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ទាល់​ច្រក​ដូចគ្នា ដោយ​ម្ខាង​ត្រៀម​ខ្លួន​ចាំឲ្យ​គេ​វាយ​ខ្នោះដៃ​ និង​នាំ​ទៅ​ពន្ធនាគារ​ ឯ​ម្ខាង​ទៀត​ដែល​មាន​អំណាច​ពេញ​ទី មាន​តែការ​ប្រើ​សារ​ព្រមាន​ ការ​គំរាម​ និង​ការ​ចាប់​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ។​

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​រូប​នេះ​ បន្ត​បញ្ជាក់​ថា​ នៅ​ក្នុង​កាលៈទេសៈ​នេះ​ គណបក្ស​ទាំងពីរ​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​និយាយគ្នា​ ដើម្បី​បញ្ចប់​អរិភាព​រវាង​គ្នា​នោះទេ​ ប្រសិន​បើអ្នក​នយោ​បាយ​គិត​ដល់​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ។​

«បើ​សិន​ជា​អ្នកដឹក​នាំ​ហ្នឹង​យល់​ថា​ អ្វីដែល​ខ្លួន​ឯង​ធ្វើ​ហ្នឹង​ជា​រឿង​ត្រូវ​ ទោះបី​ជាវា​មាន​ប៉ះពាល់​ទៅ​ដល់​ស្ថិរភាព​សង្គម ប៉ះពាល់​ទៅដល់​កិត្តិយស ​ឬ​ក៏​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ គេ​មិន​ខ្វល់​ អាហ្នឹង​ខ្ញុំ​គិត​ថា ពិបាក​ដែរ។ ប៉ុន្តែ​បើ​គេ​យល់​ថា​ គិត​ថា អា​ហ្នឹង​ធ្វើ​ទៅ​ប៉ុណ្ណឹង​បាន​ហើយ​ ល្មម​ឈប់​ហើយ​ អាច​វិល​មក​កន្លែង​ដើម្បី​ផ្សះផ្សារ​ជាតិ​គ្នា​វិញ ធ្វើការ​ជាមួយ​គ្នា​វិញ​ អា​នេះ​វា​ជា​រឿង​មួយ​ដែល​ល្អ​ដែរ​ ហើយ​ខ្ញុំ​ធ្លាប់​ឃើញ​ពី​ដើម​មក​ក៏​អញ្ចឹង​ដែរ​ តឹងទៅៗ ​ប៉ុន្តែ​អាច​រក​កន្លែង​បន្ធូរ​មក​វិញ​ឃើញ​ដែរ»។​

លោក ​មាស នី ​បន្ថែម​ថា​ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ ដែល​អ្នក​នយោបាយ​យក​រឿង​អាស្រូវ​ស្នេហា​នេះ​ មក​បង្ក​ជា​រឿង​ធំ​ ប្រៀបដូច​នឹង​គ្រួសារ​មួយ​ដែល​ឳពុក​ម្តាយ​ឈ្លោះ​ទាស់​ទែង​ ដោយ​បញ្ហា​តូច​មួយ​ តែ​នាំ​ដល់​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​ក្នុង​ផ្ទះ​ និង​មុខ​មាត់​គ្រួសារ។ លោក​ថ្លែង​ថា ​បើ​ងាក​មក​មើល​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​វិញ​ សង្គម​ខ្មែរ​នឹង​មិន​អាច​ជួប​ភាព​សុខសាន្ត​បាន​យូរ​អង្វែង​នោះ​ឡើយ។

វប្បធម៌​សន្ទនា​ជា​ដំណោះស្រាយ?

ក្នុង​បំណង​ឈាន​ដល់​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួនថា ​នឹង​«បន្ត​យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្តារ​ស្ថាន​ការណ៍​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​នាឆ្នាំ​២០១៧-២០១៨​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌»។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

ការ​ប្រកាស​ប្រើ​វប្បធម៌សន្ទនា​នេះ​ត្រូវ​គេ​ដឹង​ថា​ មិនមែន​ជា​លើក​ទីមួយទេ ហើយ​ក៏​តែង​តែ​ត្រូវ​បាន​ស្វាគមន៍​ដោយ​គណបក្ស​គ្រប់​គ្រង​ប្រទេស។​ ប៉ុន្តែ​វប្បធម៌​នេះ​នៅ​តែ​មិន​អាច​ជា​មធ្យោបាយ​បន្ទន់​ភាព​ខ្លាំង​របស់​អ្នក​នយោបាយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ឲ្យ​មក​ជួប​ចរចា។ អ្នក​នាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស បាន​បញ្ជាក់​ជារឿយៗ​ថា​ គោល​បំណងចង់​ជួប​ចរចា​របស់​គណបក្ស​ប្រឆាំង​ គឺ​រមែង​តែ​មាន​ភ្ជាប់​នឹង​ការ​ចង់​ឲ្យ​ដោះ​លែង​សកម្មជន​ និង​មន្ត្រី​គណបក្ស​របស់​ខ្លួន​ ដែល​កំពុង​ជាប់​ឃុំ​តែ​ប៉ុណ្ណោះ។

ការណ៍​ដែលគណបក្ស​ទាំង​ពីរ​នេះ​មិន​ព្រម​ជួប​សន្ទនា​គ្នា ហើយ​បន្តការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ បាន​ធ្វើ​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ​មើល​ឃើញ​ពី​ការវិល​មក​វិញ​នៃ​អំពើ​ហិង្សា​នយោបាយ​ ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ទសវត្សរ៍​១៩៩០។​

លោក​ ហេង ស្រៀង​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ បានប្រាប់ VOA ​អំពី​ហេតុការណ៍​ហិង្សា​នយោបាយ​ដែល​បាន​កើត​នៅ​អំឡុង​ទសវត្សរ៍​១៩៩០​យ៉ាង​ដូច្នេះ​ថា៖​

«ស្រុក​ខ្មែរ​ពេល​បច្ចុប្បន្ន​ វា​ហាក់​ដូចជា​ប្រហាក់​ប្រហែល​គ្នា​ទៅ​ហ្នឹង​នៅ​ឆ្នាំ​១៩៩០​ នៅ​ស្រុក​ខ្មែរ​ ដូច​ជា​១៩៩៦​ ឆ្នាំ​១៩៩៧​ និង​ឆ្នាំ​១៩៩៨​ហ្នឹង​ ហាក់​ដូចជា​មាន​ភាព​ក្តៅ​គគុក​ គឺ​មាន​ចលនា​ពលរដ្ឋ​បាតុកម្ម​ មាន​ការ​ចាប់​ចង​អ្នក​បាតុករ​ មាន​ការ​ចាប់​ចង​ មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​យុវជន​ ទៅ​លើ​កម្មករ​ ឬ​ក៏​ចាប់​ចង​ទៅ​លើ​អ្នក​នយោបាយ​ហ្នឹង​ វា​ប្រហាក់​ប្រហែល​គ្នា។ អញ្ចឹង​ ស្រុក​ខ្មែរ​២០ឆ្នាំ​កន្លងមក​ហ្នឹង​ ហាក់​ដូចជា​អត់​មាន​ភាព​ប្រសើរអី​នោះ​ទេ បើ​យើង​វិភាគ​មើលទៅ»។

​លោក​ ហេង​ ស្រៀង​ យល់ថា​ ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សកម្មភាព​ហិង្សា​នេះ​ មិនអាច​អាស្រ័យ​លើ​អង្គ​ព្រះមហាក្សត្រ​នោះ​ឡើយ ដោយ​ហេតុ​ថា​ ទ្រង់​មិនមាន​ឥទ្ធិពល​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរនេះ បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ ខណៈ​ដែល​គណបក្ស​ទាំងពីរ​កំពុង​ប្រកែក​យក​ត្រូវ​រៀងៗ​ខ្លួន។ លោក​នៅ​តែ​ឲ្យ​តម្លៃ​ដល់​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ក្នុងការ​សម្របសម្រួល​បន្ធូរភាព​តានតឹង​នយោបាយ​នេះ។

បក្ស​ប្រឆាំង​រក​ដំណោះស្រាយ​ពី​ព្រះ​មហាក្សត្រ ខណៈ​តុលាការ​កាន់តែ​ដាក់​សម្ពាធ

យ៉ាង​ណា​ក៏ដោយ​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃគណបក្ស​ប្រឆាំង​ទាំង​៥៣រូប​ បាន​សេរសេរ​លិខិត​ផ្ញើ​ជូន​ទៅ​ព្រះ​មហាក្សត្រ​ ក្នុង​បំណង​សុំ​ព្រះរាជ​អន្តរាគមន៍​ពីទ្រង់។ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ ព្រះ​មហាក្សត្រ​ពុំបាន​ឆ្លើយតប​ទៅ​នឹង​លិខិត​នោះ​ទេ។

រូបឯកសារ៖ ព្រះបរមរតនកោដ្ឋ (ឆ្វេង) និង ព្រះបាទ​ នរោត្តម សីហមុនី ក្នុង​ព្រះរាជពិធី​មួយ​នៅ​ព្រះ​បរមរាជវាំង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។
រូបឯកសារ៖ ព្រះបរមរតនកោដ្ឋ (ឆ្វេង) និង ព្រះបាទ​ នរោត្តម សីហមុនី ក្នុង​ព្រះរាជពិធី​មួយ​នៅ​ព្រះ​បរមរាជវាំង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

នៅស្របពេល​ដែល​ព្រះមហាក្សត្រ​ពុំមាន​ការ​ឆ្លើយតប​ ស្ថាប័ន​តុលាការ​បាន​បើក​យុទ្ធនាការ​ ចេញ​ដីកា​កោះ​ហៅ​ លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ជំទាស់​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា។

មកដល់​ថ្ងៃ​សុក្រ​ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៦នេះ​ ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ញើ​លិខិត​ជូន​ លោក ហេង​ សំរិន ប្រធាន​សភាជាតិ​ រៀបរាប់ពី​វិធានការ​របស់​តុលាការ​ ប្រឆាំង​នឹង​ការ​មិន​ព្រម​ចូល​ខ្លួន​របស់​លោក​ កឹម សុខា។ លិខិត​នោះ​បាន​បញ្ជាក់​ថា​ លោក កឹម ​សុខា បាន​ប្រព្រឹត្ត​បទល្មើស​ នៅគ្រា​ដែល​លោក​មិន​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ​ចំនួន​ពីរ​លើក។​

នៅ​ក្នុង​ផ្នែកមួយ​នៃ​ការ​សន្និដ្ឋាន​របស់​ខ្លួន ​ដែល​បាន​សរសេរនៅ​ក្នុង​លិខិតនោះ បាន​បង្ហាញថា​ អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ពិនិត្យ​ឃើញថា​ លោក​ កឹម សុខា «ជា​តំណាងរាស្ត្រ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ស្របតាម​ខ្លឹមសារ​មាត្រា៨៦​នៃ​ក្រម​នីតិ​វិធីព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ចែង​ពី​និយមន័យ​នៃ​បទឧក្រិដ្ឋ​ ឬ​មជ្ឈឹម​ជាក់ស្តែង»។

ដើម្បី​គាំទ្រ​ការ​សនិ្នដា្ឋន​របស់​ខ្លួន​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​ច្រានចោល​ការ​ពន្យល់​របស់លោក កឹម សុខា​ អំពី​មូលហេតុ​ដែល​លោក​មិន​អាច​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ ប៉ុន្តែ​មិន​បង្ហាញ​ថា​ លោក​ កឹម​ សុខា ​បញ្ជាក់​ពី​មូលហេតុ​យ៉ាងណា​នោះ​ឡើយ។

នៅ​ក្នុង​បរិបទ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ថ្លែង​ថា សង្គម​កម្ពុជា​ដែល​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​នយោបាយ​កាល​ពី​អតីតកាល​ កំពុង​ជួប​ការ​ប្រេះឆា​ផង​ដែរ​ ដោយសារ​ការ​បកស្រាយ​ច្បាប់​មានភាព​ខុសគ្នា​ និង​មិន​ច្បាស់លាស់​ឡើយ៕

XS
SM
MD
LG