ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអត់ឱន​របស់​​ចិន​ដល់​រុស្ស៊ី​​នាំ​ឱ្យ​មាន​ការ​បង់ខាត​ដល់​ទំនាក់ទំនង​​​ជាមួយ​សហភាព​អឺរ៉ុប


រូប​ឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី Ursula von der Leyen ចូល​រួម​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប-ចិន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី Ursula von der Leyen ចូល​រួម​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប-ចិន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២។

នៅ​ក្នុង​ការ​ប្រជុំ​មួយតាមវីដេអូ​កាលពី​ថ្ងៃទី​១​មេសា ពួក​មេដឹកនាំ​សហភាព​អឺរ៉ុបបាន​សុំ​ដល់ប្រទេស​ចិនឱ្យ​តឹងរ៉ឹង​ជាង​មុន​ជាមួយរដ្ឋាភិបាលម៉ូស្គូ ដែល​នាំ​ឱ្យ​មានការ​រអាក់រអួល​ថែម​ទៀត​ដល់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន។

ពួកអ្នក​វិភាគ​និយាយថា ការ​អត់ធ្មត់​របស់​ចិន​ជាមួយ​ប្រទេស​រុស្ស៊ីអំពីសង្គ្រាម​នៅ​អ៊ុយក្រែនបាន​ធ្វើឱ្យ​មានការ​ថយ​ក្រោយ​នៃ​ចំណង​ទាក់ទង​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប ទោះ​ជាមានការ​ចម្រើនខ្លះកាល​ពីឆ្នាំ​ទៅ​ក៏​ដោយ។

នៅក្នុង​សន្និសីទ​កំពូលលើកទី​មួយរវាងសហភាព​អឺរ៉ុប​និង​ប្រទេស​ចិន​ក្នុង​ពេល​ជិត​ពីរ​ឆ្នាំ​នៅ​ថ្ងៃទី១​ខែ​មេសា សហភាព​អឺរ៉ុប​បាន​ព្រមាន​ចិនប្រឆាំង​នឹងការគាំទ្រដល់​សង្គ្រាម​របស់​រុស្ស៊ីក្នុងប្រទេស​អ៊ុយក្រែន​ឬជ្រៀតជ្រែកជាមួយ​ការដាក់​ទណ្ឌកម្ម​អន្តរជាតិប្រឆាំង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។ នៅ​ក្នុង​ការប្រជុំ​ពីរ​ម៉ោង​តាម​វីដេអូ ពួក​មន្ត្រី​សហភាព​អឺរ៉ុប​បានសុំ​ដល់​ប្រទេស​ចិន​ដែល​ជាសមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ឱ្យ​ជំរុញ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម​នេះ។

ចិនចាត់ទុក​ខ្លូន​ឯង​ថា​ជា​ប្រទេស​អព្យាក្រឹត​មួយ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នេះ នៅពេល​រក្សា​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច​និង​ខាងយុទ្ធសាស្ត្រ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។

លោក Alan Chong ដែល​ជាសាស្ត្រាចារ្យ​ជំនួយ​នៅ​ឯមហាវិទ្យាល័យ​សិក្សាអន្តរជាតិ S. Rajaratnam នៅ​ប្រទេស​សិង្ហបូរីបាននិយាយថា«ការណ៍​នេះ​នាំ​ឱ្យមាន​ការមួម៉ៅ​របស់​សហភាព​អឺរ៉ុបប្រឆាំង​នឹង​ចិនដែល​បាន​គាំទ្រអ្វី​ដែលដូចជា​ការរំលោភ​ជាក់ស្តែង​លើច្បាប់​អន្តរជាតិ។់

រុស្ស៊ី​បានចាប់ផ្តើម​លុកលុយប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី២៤កុម្ភៈហើយ​បាន​បន្ត​វាយ​ប្រហារ​ប្រទេស​ជិត​ខាងនេះ​យ៉ាង​ខ្លាំង​ ទោះ​ជាមាន​កិច្ច​ចរចាគ្នានិង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូក៏​ដោយ។

កាលពីខែ​តុលា​ឆ្នាំ​មុន ប្រធានាធិបតី​ចិន​លោកXi Jinpingបាននិយាយ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អឺរ៉ុប​ពីរ​នាក់​ដើម្បី​កែលម្អទំនាក់ទំនង។ ទោះ​ជាភាគី​ទាំង​ពីរមិន​បាន​សម្រេច​កិច្ចព្រមព្រៀងជា​ដុំ​កំភួន​ក៏​ដោយ ក៏​ពួក​គេបាននិយាយ​គ្នា​ដោយ​រាក់ទាក់​នៅ​ក្រោយអឺរ៉ុប​បាន​បង្កកកិច្ចព្រមព្រៀង​វិនិយោគ​មួយជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងកាល​ពីដើម​ឆ្នាំ ២០២១និង​បាន​បញ្ជូន​គណៈប្រតិភូសភា​មួយ​ទៅកោះ​តៃវ៉ាន់។ ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ថា​ជាផ្នែក​មួយ​នៃដែនដី​របស់ផង​ខ្លួន។

ពួកអ្នក​វិភាគ​បាននិយាយប្រាប់​វីអូអេកាលពី​ឆ្នាំ​ទៅ​មិញថា ចិន​សង្ឃឹម​ថា​នឹងធ្វើ​ឱ្យ​មានចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម​និង​ខាង​វិនិយោគ​ជាមួយ​ប្រទេស​អឺរ៉ុបនិមូយៗ​នៅ​ពេល​ដែល​មហា​អំណាច​អាស៊ី​នេះមាន​ភាព​ជូរ​ចត់កន្លះ​ទសវត្សរ៍​មក​ហើយ​ជាមួយ​គូ ប្រជែង​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ គឺ​សហរដ្ឋ​អាមេរិក។

លោក Chong បាន​និយាយ​ថា​ ចំណង​ទាក់ទង​រវាងចិននិងអឺរ៉ុបបាន​ល្អ​ប្រសើរជាងមុន​«បន្តិច​បន្តូច»​នៅ​ក្រោយ​ព្រឹត្តិការណ៍​កាលពី​ខែ​តុលា ហើយ​ចិន​បានចាត់ទុកសហភាព​អឺរ៉ុបថា​ជាមុខមាត់​«អាច​ទទួល​យក​បាន»​នៃ​ក្រុម​ប្រទេស​លោក​ខាង​លិច បើ​ប្រៀបធៀប​ជា​មួយ​អាមេរិក។ លោក​បានថ្លែង​ថា​មេដឹកនាំ​ខ្លះក្នុង​សហភាព​អឺរ៉ុបដែលមាន​ប្រទេស២៧​ជា​សមាជិក​«គិតតែពីសាច់ការ»​ជាង​មុន​ចំពោះ​ប្រទេស​ចិន។

លោក Sean King ជាអនុប្រធាន​ជាន់ខ្ពស់​នៃអង្គការ​ពិគ្រោះ​យោបល់​ខាង​នយោបាយ​ Park Strategies មានមូលដ្ឋាន​នៅ​បូរី New York។ លោក​បាន​និយាយថា​ សង្គ្រាម​របស់​ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការថយ​ក្រោយដល់​ការស្វែង​រក​មិត្តដោយ​ចិន​ក្នុងអឺរ៉ុប។ លោក​បានថ្លែង​ថា៖ «នេះ​ជាថ្ងៃ​ថ្មី​មួយ​ក្នុង​អឺរ៉ុបហើយ​មិនមែន​ជា​ថ្ងៃ​ស្វាគមន៍​មួយ​ដល់​លោកPutin និង Xi ដែលជាអ្នក​កាន់​អំណាចផ្តាច់ការទេ»។

ការ​កាត់​បន្ថយ​ពាណិជ្ជកម្មរបស់​ចិនប្រឆាំង​នឹង​ប្រទេស​លីទុយអានី​បាន​កើតមានជាថ្មី ជាបញ្ហារកាំរកូស​មួយ​រវាង​ចិន​និង​សហភាព​អឺរ៉ុបនៅ​ថ្ងៃ​ទី​១​មេសា ​ហើយ​ការចូល​របស់​ក្រុមហ៊ុនអឺរ៉ុបក្នុង​ទីផ្សារ​ចិន​ក៏​ជាបញ្ហា​មួយទៀត​ដែរ។

​ប្រទេស​លីទុយអានី​ដែល​ជា​សមាជិកសហភាព​អឺរ៉ុបបាន​ធ្វើឱ្យរដ្ឋាភិបាល​ប៉េកាំង​អន់ចិត្តដោយសារ​បានឱ្យកោះ​តៃវ៉ាន់ប្រើ​ឈ្មោះ​ខ្លួននៅ​ក្នុងស្ថានទូតតាម​ព្រឹត្តន័យនៅ​ក្នុ​ងប្រទេស​អឺរ៉ុប​នេះ។

លោក Stephen Nagy ជា​សាស្ត្រាចារ្យជំនួយ​ជាន់​ខ្ពស់ខាង​ការសិក្សា​នយោបាយនិងការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យគ្រឹស្តសាសនាអន្តរជាតិនៅតូក្យូ។ លោកបាន​និយាយថា ពួក​មេដឹកនាំ​អឺរ៉ុប​យល់​ឃើញថាសកម្មភាព​នេះ​របស់ប្រទេស​ចិន​ប្រឆាំង​នឹង​ប្រទេស​លីទុយអានីជា​ការបំផ្លាញឯកភាព​ជា​ប្លុក​របស់​ពួក​គេហើយ​«នាំ​ឱ្យ​មានការ​បង់​ខាតដល់តម្លៃថ្លៃថ្នូរ»ដូច​ជា​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ចិន​បាន​តបត​ប្រឆាំង​នឹង​សាធារណរដ្ឋឆែកកាលពី​ឆ្នាំ២០២០ ដោយសារចំណង​ទាក់ទង​ជិតស្និទ្ធ​របស់​ខ្លួន​ជាមួយកោះ​តៃវ៉ាន់។

លោក Nagy បាន​ថ្លែងថា៖ «ការបង្ខិត​បង្ខំ​ខាង​សេដ្ឋកិច្ចប្រឆាំង​នឹងប្រទេស​លីទុយអានីនិង​សាធារណរដ្ឋឆែ​ក​ជា​ឧទាហរណ៍​នៃ​ការសម្លុត​ពួក​រដ្ឋជា​សមាជិកសហភាព​អឺរ៉ុបពិតប្រាកដ​។

នៅក្នុង​សន្និសីទ​កំពូល​នោះ ពួកមេដឹកនាំ​សហភាព​អឺរ៉ុបបានលើក​ឡើងជា​ថ្មី​បញ្ហានៃ​ការ​ប្រព្រឹត្តិ​របស់​ប្រទេស​ចិនដល់ក្រុម​ជន​ភាគ​តិចរបស់​ខ្លួន​ផ្ទាល់ ដោយ​មាន​រួមបញ្ចូល​ទាំង​ក្រុម​ជន​អំបូរ Uyghurs ក្នុង​តំបន់ Xinjiang ផង​ដែរ។

ខាងវិស័យ​សេដ្ឋកិច្ច​វិញ លោក Charles Michel ប្រធានក្រុម​ប្រឹក្សា​អឺរ៉ុប​បាននិយាយ​នៅ​ក្រោយសន្និសីទ​កំពូលកាលពីថ្ងៃទី១មេសា​អំពី​ការធ្វើឱ្យ​ទំនាក់ទំនង​របស់​ពួក​គេ «មានយុត្តិធម៌​ជាងមុន» ការបង្កើត​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា» និងការធ្វើឱ្យ​មានតុល្យភាព​ជា​ថ្មី​ដល់​«ពាណិជ្ជកម្មទ្វេភាគីនិងទំនាក់ទំនងខាង​វិនិយោគ»។

លោក Jayant Menon អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់នៅឯ​ផ្នែកសិក្សាស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​តំបន់​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak។ លោកបាននិយាយថា​ពួក​មេដឹកនាំ​អឺរ៉ុប​តូច​ចិត្ត​នឹង​ភាគ​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ក្រុមហ៊ុន​ធំៗនិង​ការផ្តល់​ជំនួយ​ប្រាក់កាសបន្ថែម​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ។

លោក Menon បានថ្លែង​ថា៖ «ទាំង​នេះ​ជា​អ្វីដែល​ខ្ញុំយល់​ថាជា​ការ​នាំ​ឱ្យ​គេ​ចាត់ទុក​ចិន​ថា​ជាបញ្ហានៅ​ក្នុងពាណិជ្ជកម្មពិភពលោក ហើយ​ខ្ញុំគិត​ថា​ពួក​អឺរ៉ុប​ក៏​យក​បញ្ហា​នេះ​មក​និយាយដែរ»។

ប្រទេសចិន​នៅ​តែ​ជាដៃគូ​ពាណិជ្ជកម្ម​លេខ១​របស់​សហភាព​អឺរ៉ុបនិង​ជា​ប្រភព​នៃ​វិនិយោគ​ដោយ​ផ្ទាល់​រាប់ពាន់​លានដុល្លារក្នុង​មួយ​ឆ្នាំៗ។ លោក Chen Yi-fan ជា​សាស្ត្រាចារ្យជំនួយខាង​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Tamkang ក្នុង​កោះ​តៃវ៉ាន់។ លោក​បាននិយាយ​ថា តែបញ្ហារបស់​ពួក​គេបាន​«ជាប់គាំង»​ក្រោយ​ការ​ចរចា​គ្នា​៨​ឆ្នាំ​ដើម្បីឱ្យ​មាន​កិច្ចព្រមព្រៀង​ទូលំទូលាយរវាងសហភាព​អឺរ៉ុបនិង​ចិន​អំពី​ការ​បណ្តាក់ទុន។ កិច្ចចរចា​គ្នាបាន​គាំងកាល​ពី​ឆ្នាំ​ទៅ​មិញទៀត។

កិច្ចព្រម​ព្រៀង​នេះអាចដោះស្រាយ​ការបើក​ចំហទី​ផ្សារនិង​ការផ្ទេរ​បច្ចេក​វិទ្យា​ដោយយកក្រុម​អ្នកវិនិយោគអឺរ៉ុប​ជា​ទី​ដៅ។

ចិនហាក់​ដូច​ជាមានការ​សម្របសម្រួលក្រោយ​សន្និសីទ​កំពូល​កាល​ពី​សប្តាហ៍ចុង​ក្រោយ​នៃ​ខែ​មីនា។ ទីភ្នាក់ងារព័ត៌មាន​ស៊ីនហួ​ផ្លូវការ​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ផ្សាយកាលពី​ថ្ងៃ​ចន្ទ​ថា សហភាព​អឺរ៉ុប​និង​ប្រទេស​ចិន​ត្រូវ​តែ​«នាំមុខ​គេ​ក្នុង​ការការពារ​ប្រព័ន្ធអន្តរជាតិដោយ​មាន​អ.ស.ប.​ជា​ស្នូលនៃ​ប្រព័ន្ធ​នេះ»និង​ព្រម​តាម​ច្បាប់​អន្តរជាតិ​ផង​ដែរ។ Xinhua បានបន្ថែម​ថា ប្រទេស​ចិន «នឹងប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅនិងបើក​ចំហ​ថែមទៀត»នូវ​ទី​ផ្សារ​របស់​ខ្លួន ដោយ​ដក​ស្រង់ពាក្យសម្តីប្រធានាធិបតី Xi៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG