ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានរឹបអូសឧបករណ៍អេឡិចត្រូនិកនៅក្នុងការចូលឆែកឆេរកាលពីព្រឹកថ្ងៃពុធនៅឯគេហដ្ឋាននិងការិយាល័យរបស់លោក Rudy Giuliani នៅទីក្រុងញូវយ៉កដែលជាអតីតអភិបាលក្រុងញូវយ៉កដែលបានក្លាយជាមេធាវីផ្ទាល់ខ្លួនរបស់អតីតប្រធានាធិបតី Donald Trump នៅពេលដែលអ្នកស៊ើបអង្កេតធ្វើការស៊ើបអង្កេតសកម្មភាពរបស់លោកGiulianiនៅប្រទេសអ៊ុយក្រែនដែលទាក់ទងទៅនឹងយុទ្ធនាការការបោះឆ្នោតអាណត្តិទីពីររបស់លោកTrumpនៅឆ្នាំ ២០២០។
លោក Robert Costello មេធាវីរបស់លោកGiulianiបានបញ្ជាក់ថា ក្រុមភ្នាក់ងារបានអនុវត្តដីការឆែកឆេរនៅកន្លែងទាំងពីរនេះរបស់លោកGiuliani ប៉ុន្តែលោកបានថ្កោលទោសការឆែក ឆេរនេះ។
លោកCostello បានប្រាប់កាសែតThe New York Timesថា អ្វីដែលគេធ្វើនៅថ្ងៃជានេះជា ការលួចប្លន់តាមផ្លូវច្បាប់។ ហេតុអ្វីគេធ្វើរឿងនេះចំពោះនរណាម្នាក់ កុំថាឡើយចំពោះអ្នកដែលធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីយុត្តិធម៌ មេធាវីសហរដ្ឋអាមេរិក អភិបាលក្រុងញូវយ៉កនិងមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីទី៤៥សហរដ្ឋអាមេរិកក៏ដោយឬ?
ការស៊ើបអង្កេតដ៏យូរអង្វែងដែលធ្វើឡើងដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កផ្តោតលើថា តើលោកGiuliani ដែលជាអ្នកគាំទ្រនយោបាយនិងជាទីប្រឹក្សាដ៏ឆ្នើមរបស់លោកTrumpកាលពីឆ្នាំមុន បានធ្វើសកម្មភាពខុសច្បាប់ក្នុងនាមជាភ្នាក់ងារបរទេសដែលមិនបានចុះបញ្ជី និងបានព្យាយាមប្រើឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែនឬយ៉ាងណា៕