ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី៣នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិកដែលប្រឈមការបើកការស៊ើបអង្កេតសវនាការប្តឹងដកហូតប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃពុធ។
ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានកោះហៅសាក្សីសំខាន់២រូបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមពន្យល់ទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងថា លោកប្រធានាធិបតីត្រាំ បានប្រើបំពានអំណាចដោយដាក់ការគាបសង្កត់ដល់ប្រទេសអ៊ុយក្រែនឲ្យផ្តល់ព័ត៌មានដែលនឹងជួយលោកខាងនយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
អ្នកការទូតអាមេរិក២នាក់ដែលផ្តល់កសិណសាក្សីជាសាធារណៈលើកដំបូងពីការចោទប្រកាន់ថា លោកត្រាំផ្ទេរគោលនយោបាយការបរទេសនៅអ៊ុយក្រែនទៅឲ្យ Rudy Guiliani មេធាវីផ្ទាល់ខ្លួនលោកដើម្បីប្រយោជន៍ខាងនយោបាយរបស់លោក។
លោកឯកអគ្គរដ្ឋទូត William Taylorបានថ្លែងថា៖ «ខ្ញុំឃើញពីការរៀបចំវក់វីនិងខុសប្រក្រតីចំពោះគោលនយោបាយអាមេរិកដល់អ៊ុយក្រែន។គោលនយោបាយមាន២។មួយមានភាពប្រក្រតី មួយទៀតមិនប្រក្រតី»។
លោកTaylor និងលោកGeorge Kentជាមន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស ប្រាប់សភាថា លោកត្រាំ គិតតែឲ្យអ៊ុយក្រែនជួយស៊ើបអង្កេតលោក Bidenនិងកូនប្រុសលោកដែលជាគូប្រជែង ជាងការបញ្ចេញប្រាក់ជំនួយយោធា៤រយលានដុល្លារឲ្យអ៊ុយក្រែន។
លោកAdam Schiffប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាតំណាងថ្លែងថា៖«ចំណុចសំខាន់នៃការស៊ើបអង្កេតនេះគឺថា តើលោកត្រាំ មានបានដាក់សម្ពាធលើអ៊ុយក្រែនហើយឲ្យអ៊ុយក្រែនជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់យើងដែរឬទេ?ថាតើលោកត្រាំ ស្វះស្វែងដាក់លក្ខខណ្ឌលើអ៊ុយក្រែនឲ្យធ្វើតាមសេតវិមានដើម្បីទទួលបានជំនួយយោធាអាមេរិកដោយជួយការស៊ើបអង្កេត២ដែលនឹងជួយឲ្យលោកជាប់ឆ្នោតម្តងទៀតដែរឬទេ?ហើយតើប្រធានាធិបតី បានធ្វើដែរឬទេ? ថាតើការរំលោភអំណាចរបស់ប្រធានាធិបតីស្របទៅនឹងការកាន់ដំណែងរបស់លោកដែរឬទេ»។
លោកត្រាំ និយាយថា គ្មានរឿងអ្វីសំខាន់ទេ។
លោកប្រធានាធិបតីត្រាំ បានថ្លែងថា៖ «ខ្ញុំមើលឃើញថា ពួកគេកំពុងប្រើមេធាវីដែលជាមេធាវីសម្តែងតាមទូរទស្សន៍»។លោកត្រាំសំដៅដល់ក្រុមប្រឹក្សាច្បាប់គណបក្សប្រជាធិបតេយ្យដែលចាត់ចែងសួរសាក្សីខ្លះ។លោក Daniel Goldman នៃក្រុមប្រឹក្សាច្បាប់ខាងគណបក្សប្រជាធិបតីសួរថា៖«លោកបានបម្រើយោធានិងការទូតអស់រាប់ទសវត្សរ៍ដែលតំណាងឲ្យអាមេរិកនៅជុំវិញពិភពលោក តើលោកមានបានឃើញជំនួយបរទេសដាក់លក្ខខណ្ឌដើម្បីប្រយោជន៍បុគ្គលឬនយោបាយរបស់ប្រធានាធិបតីអាមេរិកដែរទេ?»។លោកឯកអគ្គរដ្ឋទូត William Taylor និយាយថា៖ «លោក Goldman ខ្ញុំមិនដែលឃើញទេ»។
ពួកសាធារណរដ្ឋ ក៏ប្រើមេធាវីដើម្បីសួរសាក្សីដែរ។ក៏ប៉ុន្តែ ការជំទាស់ប្រឆាំងការប្តឹងទម្លាក់ប្រធានាធិបតីបានធ្វើឡើងដោយសម្ព័ន្ធមិត្តប្រធានាធិបតីនៅក្នុងសភា។ លោកJim Jordan សមាជិកសភាខាងគណបក្សសាធារណរដ្ឋថ្លែងថា៖ «ប្រធានាធិប តី Zelinskiy ត្រូវតែសន្យាស៊ើបអង្កេតគ្រួសារលោកBidenមុនការផ្តល់ជំនួយនោះ ហើយលោក មិនបានសន្យាស៊ើបអង្កេតទេ»។
លោកឯកអគ្គរដ្ឋទូតTaylor ថ្លែងថា៖ «លោកJordan។ខ្ញុំមិនបានបំផ្លើសអំពីអ្វីដែលខ្ញុំ បានប្រាប់លោកនិងអ្វីដែលខ្ញុំបានឮនោះទេ»។
លោក Jordan បាននិយាយថា៖ «នេះជាបញ្ហា។អ្វីដែលលោកបានឮនោះ មិនបានកើតមានទេ។វាមិនបានកើតមានទេ»។
ការគាំទ្ររបស់ពលរដ្ឋក្នុងការស្ទង់មតិបានកើនឡើងក្នុងការប្តឹងទម្លាក់លោកត្រាំពីតំណែងជាអ្វីដែលពួកប្រជាធិបតេយ្យសង្ឃឹមថា នឹងមានក្នុងសវនាការសាធារណៈនេះ។
លោកស្រី Susan Low Blochនៅសាកលវិទ្យាល័យ Georgetown និយាយថា៖ «ការ ប្តឹងទម្លាក់ប្រធានាធិបតី ជាដំណើរការនយោបាយ។រដ្ឋធម្មនុញ្ញបានដាក់វាក្នុងផ្នែកនយោបាយ។ការណ៍នេះមានសារៈសំខាន់ បើសភាតំណាងរាស្រ្ត នឹងប្តឹងចោទប្រកាន់នោះ។ព្រឹទ្ធសភាជាអ្នកកាត់ទោស ក៏ប៉ុន្តែ សាធារណៈជននៅពីក្រោយគេ»។
គណៈកម្មាធិការ នឹងធ្វើសវនាការសាធារណៈជាមួយសាក្សី៩នាក់ទៀតរហូតដល់សប្តាហ៍ក្រោយ។សភាតំណាងរាស្រ្តត្រូវគេរំពឹងនឹងបោះឆ្នោតលើបទចោទប្រកាន់នៅចុងឆ្នាំនេះហើយព្រឹទ្ធសភា នឹងត្រូវសម្រេចថាតើលោកត្រាំ នឹងត្រូវដកចេញពីតំណែងដែរឬទេ។