ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋសភា​ចេញ​ដីកា​ឲ្យ​មេធាវី​លោក Trump បង្ហាញ​ឯកសារ ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


លោក Adam Schiff ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​លោក Joseph Maguire ប្រធាន​ស្តី​ទី​នៃ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ផ្តល់​សក្ខីកម្ម នៅ​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​ដំណើរការ​ទៅ​មុខ​នូវ​ការ​ស៊ើប​អង្កេត​របស់​ពួកគេ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។ ពួកគេ​បាន​ចេញ​ដីកា​ឲ្យ​លោក Mike Pompeo ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump និង​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ផ្ដល់​នូវ​ឯកសារ​មួយ​ចំនួន ហើយ​ពួកគេ​នឹង​រៀបចំ​សវនាការ​មួយ​ចំនួន​ក្នុង​សប្ដាហ៍​នេះ​ជាមួយ​នឹង​អតីត​មន្ត្រី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​អ៊ុយក្រែន។

ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​កិច្ចការ​បរទេស គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​របស់​រដ្ឋសភា បាន​ទុក​ពេល​ឲ្យ​លោក Mike Pompeo រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ដើម្បី​ផ្ដល់​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ដែល​បាន​ធ្វើ​ឡើង បន្ទាប់ពី​អ្នក​បញ្ចេញ​ព័ត៌មាន​ម្នាក់​បាន​ប្ដឹង​ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា លោក Trump «បាន​ប្រើ​អំណាច​នៃ​ការ​ដឹកនាំ​របស់​លោក​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ ខាង​មុខ​នេះ»។

លោក Eliot Engel លោក Adam Schiff និង​លោក Elijah Cummings ដែល​ជា​មេដឹកនាំ​នៃ​គណៈកម្មាធិការ​ខាង​លើ​នេះ ក៏​បាន​ចេញ​ដីកា​មួយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឲ្យ​លោក Rudy Guiliani ដែល​ជា​មេធាវី​របស់​លោក Trump ឲ្យ​ផ្ដល់​នូវ​ឯកសារ​មួយ​ចំនួន​នៅ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​តុលា​ខាង​មុខ​នេះ។

សមាជិក​រដ្ឋសភា​ទាំង​នេះ​បាន​សរសេរ​ដូច្នេះ​ថា៖ «ព័ត៌មាន​សាធារណៈ​កាន់តែ​ច្រើន​នានា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​លើក​ឡើង​ផ្ទាល់​ខ្លួន​របស់​អ្នក​ផង​ដែរ បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី រួម​ទាំង​រូប​អ្នក និង​អ្នក​ដទៃ​ទៀត មើល​ទៅ​បាន​ជំរុញ​រដ្ឋាភិបាល​អ៊ុយក្រែន​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ពីរ​ករណី​ដែល​មាន​លក្ខណៈ​នយោបាយ។ ករណី​ទី​មួយ​គឺ​ការ​កាត់ទោស​ជនជាតិ​អ៊ុយក្រែន​ដែល​ផ្ដល់​ភស្តុតាង​ប្រឆាំង​នឹង​ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump គឺ​លោក Paul Manafort ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស។ ករណី​ទី​ពីរ​ទាក់ទង​ទៅ​នឹង​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joseph R. Biden Jr. ដែល​ជា​គូ​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ខាង​មុខ»។

អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ដែល​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Trump ពី​តំណែង​នេះ បាន​ចោទ​ប្រកាន់​ថា លោក Trump ចង់​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ជួយ​ជជីក​រក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​អំពី​លោក Biden និង​កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter Biden ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្ដី​រំពឹង​របស់​លោក Biden នៅ​ក្នុង​ការ​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​បេក្ខជនប្រធានាធិបតី និង​នៅ​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG