ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅតែ​ថា​ខ្លួន​លោក​គ្មាន​ទោស ទោះបី​មាន​សក្ខីកម្ម​ប្រឆាំង​នឹង​លោក​ក៏​ដោយ


ប្រធានាធិបតី​ Donald Trump ស្តាប់​កិច្ច​ប្រជុំ​​មួយ​ក្នុង​បន្ទប់គណៈរដ្ឋមន្រ្តីនៃ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០១៩។
ប្រធានាធិបតី​ Donald Trump ស្តាប់​កិច្ច​ប្រជុំ​​មួយ​ក្នុង​បន្ទប់គណៈរដ្ឋមន្រ្តីនៃ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ក្នុង​ប្រទេស​អ៊ុយក្រែន។ ជម្លោះ​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១ ម៉ឺន ៣ ពាន់​ស្លាប់​បាត់បង់​ជីវិត។

នេះ​គឺ​ជា​សាវតារ​ចំពោះ​ចម្ងល់​ដែល​ថា​តើ​លោក​ប្រធានាធិបតី Donald Trump បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន ជា​ថ្នូរ​នឹង​ការ​ឲ្យ​អ៊ុយក្រែន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

កាល​ពី​សប្ដាហ៍​មុន សាក្សី​មួយ​ចំនួន​បាន​ផ្ដល់​សក្ខីកម្ម​ថា សម្ព័ន្ធមិត្ត​របស់​លោក Trump ដែល​នោះ​គឺ​លោក Rudy Guiliani មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump និង​លោក Gordon Sondland ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប បាន​អនុវត្ត​យុទ្ធនាការ​ដាក់​សម្ពាធ​របស់​លោក Trump លើ​ប្រទេស​អ៊ុយក្រែន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អ្នកស្រី Fiona Hill អតីត​អ្នក​ជំនាញ​កំពូល​ផ្នែក​កិច្ចការ​ប្រទេស​រុស្ស៊ី​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​រៀបរាប់​ថា អ្នកស្រី​មាន​ការ​ខក​ចិត្ត​ចំពោះ​លោក Sondland កាល​ពី​ខែ​កក្កដា នៅ​ពេល​ដែល​លោក Sondland ព្យាយាម​ឲ្យ​មន្ត្រី​អ៊ុយក្រែន​ជួប​ជាមួយ​នឹង​មន្ត្រី​សេតវិមាន ជា​ថ្នូរ​នឹង​ការណ៍​ឲ្យ​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden។

អ្នកស្រី Hill និយាយ​ថា៖ «លោក Sondland ជា​អ្នក​ប្រឡូក​ក្នុង​បេសកកម្ម​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក។ ហើយ​ពួក​យើង​ជា​អ្នក​ប្រឡូក​ក្នុង​គោល​នយោបាយ​ការបរទេស​សន្តិសុខ​ជាតិ។ រឿង​ទាំង​ពីរ​នេះ​បាន​ដើរ​ខុស​គន្លង​របស់​ខ្លួន»។

អ្នកស្រី Hill ក៏​បាន​រិះគន់​ផង​ដែរ​លើ​ការ​លើក​ឡើង​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ពេល​ដែល​ពួកគេ​ការពារ​កិច្ច​ប្រឹងប្រែង​របស់​លោក Trump នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ការ​លើក​ឡើង​របស់​គណបក្ស​សាធារណរដ្ឋ​នោះ​គឺ​ថា រដ្ឋាភិបាល​អ៊ុយក្រែន មិន​មែន​រដ្ឋាភិបាល​រុស្ស៊ី​ទេ ដែល​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​រឿង​ប្រឌិត​ដែល​ប្រព្រឹត្តិ​ឡើង និង​ផ្សព្វផ្សាយ​ដោយ​ផ្នែក​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី​ផ្ទាល់។ ការ​ពិត​ជា​អកុសល​គឺ​ថា ប្រទេស​រុស្ស៊ី​គឺ​ជា​មហា​អំណាច​បរទេស​ដែល​វាយ​ប្រហារ​ជា​ប្រព័ន្ធ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៦‍»។

ស្រប​ពេល​នេះ​ដែរ លោក Trump នៅតែ​បន្ត​បញ្ជាក់​សារ​ឡើង​វិញ​នូវ​សារ​ដ៏​សំខាន់​របស់​លោក។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ពាក្យ​ចុង​ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ខ្ញុំ​មិន​ចង់​បាន​អ្វី​ទាំង​អស់‍»។

លោក Trump ចង់​សំដៅ​លើ​សក្ខីកម្ម​របស់​លោក Sondland កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​រៀបរាប់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ ដែល​នៅ​ក្នុង​ការ​សន្ទនា​នោះ លោក Trump បាន​ប្រាប់​លោក Sondland ថា លោក ‍«មិន​ចង់​បាន​ការ​ដោះដូរ​ប្រយោជន៍‍» ណា​មួយ​ទេ។ ចំណុច​នេះ​គឺ​ជា​អ្វី​ដែល​លោក Trump និង​សម្ព័ន្ធ​មិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​បាន​ផ្ដោត​លើ​នៅ​ក្នុង​សវនាការ​កន្លង​មក។

អ្នកស្រី Jennifer Victor ដែល​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ George Mason បាន​និយាយ​ថា៖ «ពួកគេ​ផ្ដោត​ខ្លាំង​លើ​ពាក្យ​នោះ ទោះបីជា​សាក្សី​ភាគ​ច្រើន​ដែល​ផ្ដល់​សក្ខីកម្ម​រៀបរាប់​នូវ​ការ​ដោះដូរ​មួយ ដែល​ជា​ការ​ដោះដូរ​ប្រយោជន៍​ក៏​ដោយ។ ស្រប​ពេល​នោះ​ដែរ ពួកគេ​ថា ទោះបីជា​មាន​ការ​ដោះដូរ​នេះ​ក៏​ដោយ ក៏​នេះ​មិន​មែន​ជា​ការ​ដោះដូរ​ប្រយោជន៍​នោះ​ទេ។ ពួកគេ​លើក​ឡើង​ដូច​នេះ ហាក់​ដូចជា​ពាក្យ​ថា ដោះដូរ​ប្រយោជន៍​នេះ​គឺ​ជា​លក្ខខណ្ឌ​សម្រាប់​សម្រេច​លើ​ថា​តើ​ករណី​នេះ​គឺ​ត្រឹមត្រូវ​ឬ​ក៏​អត់​នោះ ដូច្នេះ​បើ​តាម​ហេតុ​ផល​ត្រឹមត្រូវ យើង​ឃើញ​ថា វា​មិន​ស៊ីមេទ្រី​គ្នា​នោះ​ទេ‍»។

លោក Sondland បាន​រំឭក​ឡើង​វិញ​ថា លោក​បាន​សន្ទនា​រឿង​នេះ​ជាមួយ​នឹង​លោក Trump កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា គឺ​នៅ​ចំ​ថ្ងៃ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ប្រកាស​ថា​ពួកគេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​ផ្អឹប​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន។ ករណី​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា លោក Trump មាន​បំណង​មិន​ចង់​ឲ្យ​ខ្លួន​លោក​ជាប់​ទោស​ណា​មួយ​នៅ​ក្នុង​ការ​សន្ទនា​នោះ។ ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ប្រហែល​ជា​មិន​ខ្វល់​អំពី​ព័ត៌មាន​លំអិត​ដូច​នេះ​ទេ។

លោក Hans Noel នៃ​សាកល​វិទ្យាល័យ Georgetown និយាយ​ថា៖ «នេះ​គឺ​ជា​រឿង​លំបាក​មួយ។ តើ​លោក Trump គាំទ្រ​អ៊ុយក្រែន ឬ​ក៏​ប្រឆាំង​អ៊ុយក្រែន? តើ​អ្វី​ឲ្យ​ពិត​ប្រាកដ​ដែល​កំពុងតែ​កើត​ឡើង? នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែង​យល់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ស្វែង​រក​ប្រភព​ទុក​ចិត្ត​ឲ្យ​ជួយ​បកស្រាយ​រឿង​ទាំង​នេះ។ អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ស្វែង​រក​ប្រភព​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នឹង​ស្វែង​រក​ប្រភព​ខាង​គណបក្ស​សាធារណរដ្ឋ‍»។

កន្លង​មក ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ទាំង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា អ្វី​ដែល​ពួកគេ​ឮ​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​លោក Trump ពី​តំណែង​នេះ នឹង​មិន​អាច​កែប្រែ​ចិត្ត​របស់​ពួកគេ​បាន​ទេ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ឬ​ក៏​ពាក់ព័ន្ធ​នឹង​លោក​ប្រធានាធិបតី Trump នោះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG