ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ថែម​ប្រទេស​៨​ទៀត​ទៅ​ក្នុង​បញ្ជី​ដែល​មាន​ក្រុម​ជួញដូរ​មនុស្ស​យ៉ាង​អាក្រក់​បំផុត


លោក ចន ឃែរី រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​កាន់​របាយការណ៍​ជួញ​ដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០១៦ ក្នុង​ពិធី TIP Heroes នៅ​ក្រសួង​ការបរទេស​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
លោក ចន ឃែរី រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​កាន់​របាយការណ៍​ជួញ​ដូរ​មនុស្ស​សម្រាប់​ឆ្នាំ២០១៦ ក្នុង​ពិធី TIP Heroes នៅ​ក្រសួង​ការបរទេស​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

ក្រុម​ជួញដូរ​មនុស្ស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ​ក្នុង​ប្រទេស​ស៊ីរីដែល​នាង Angela រស់នៅ ដើម្បី​រក​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ការ​តាម​ភោជនីយដ្ឋានក្នុង​ប្រទេស​លីបង់។ នាង Angela ដែល​ជា​ជនរងគ្រោះ​ម្នាក់​បាន​យល់​ព្រម​ចាកចេញ​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​របស់​នាង ប៉ុន្តែ​នាង​បែរ​ជា​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ ជាមួយ​នឹង​ក្មេង​ស្រី​រាប់​សិប​នាក់​ផ្សេង​ទៀត​ទៅ​វិញ។ ក្មេង​ស្រី​ទាំង​នោះ​ត្រូវ​បាន​គេ​ចាក់​សោរ​ទុក​ក្នុង​សណ្ឋាគារ​ ហើយ​ពេលខ្លះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​ភ្ញៀវ​២០​នាក់​ជា​រៀងរាល់​ថ្ងៃ។ ក្រុម​ជួញដូរ​មនុស្ស​ទាំង​នោះ​ក៏​ចាប់​រំលោភ​និង​ធ្វើ​ទារុណកម្ម​ទៅ​លើក្មេង​ស្រី​ទាំង​នោះ​ដែរ។

ករណី​របស់​នាង ​Angela គឺ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ផ្សេងៗ​ទៀត​ដែល​បាន​បរិយាយ​នៅ​ក្នុង​របាយការណ៍​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​ឆ្នាំ​២០១៦ ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​នានា ដូចជាបញ្ហា​ទាសភាព​សម័យ​ទំនើប ការ​យក​កុមារ​ធ្វើ​ជា​ទាហាន ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​បង្ខំឲ្យ​ធ្វើ​ជាទាសករ​ក្នុង​ផ្ទះ​ជាដើម។ របាយការណ៍​នោះ​ក៏​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៃ​ប្រទេសនិង​ដែនដី​ចំនួន​១៨៨​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ដែល​ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក​ផង​ដែរ។ ​

របាយការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​ចំនួន​៨​ទៀត​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​ចាត់​វិធានការ​ការពារ​ពី​ការ​ជួញដូរ​មនុស្ស​ដ៏​អាក្រក់​បំផុត​ ដែលគេ​ហៅ​ថា បញ្ជី​ចំណាត់​ថ្នាក់​ទី​៣។ ប្រទេស​ថ្មីៗ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នោះ​រួម​មាន ប្រទេស​អ៊ូសបេគីស្ថាន ដែល​ជា​អតីត​ប្រទេស​ក្នុង​សហភាព​សូវៀត ប្រទេស​តួកម៉េនីស្ថាន និង​បណ្តា​ប្រទេស​ដែល​ចាប់​ផ្តើម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដូច​ជា​ប្រទេស​មីយ៉ាន់ម៉ា ហៃទី ជីប៊ូទី ប៉ាពូញូ​ហ្គីណេ ស៊ូដង់ និង​ប្រទេស​សូរីណាម។ ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៣​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​នានា ដែល​ដាក់​កម្រិត​ទៅ​លើ​ការ​ទទួល​បាន​ជំនួយ​របស់​អាមេរិក​និង​ស្ថាប័ន​អន្តរជាតិ​នានា។

ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក៏​ដោយ ក៏​មនុស្ស​រាប់​លាន​នាក់​ប្រឈម​នឹង​ការបង្ខិតបង្ខំ​ផ្លូវ​ចិត្ត ផ្លូវ​កាយ និង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ហើយ​ដែល​ពួកគេ​ត្រូវ​បាន​ក្រុម​ជួញដូរ​មនុស្ស​លួង​លោម ដែល​ក្រុម​ជួញ​ដូរ​មនុស្ស​ទាំង​នោះ​កេងប្រវ័ញ្ច​លើ​ភាព​ទន់ខ្សោយ​របស់​ពួកគេ​ដើម្បី​ចំណេញ​ខ្លួន​ឯង។

ដោយ​បាន​ហៅ​ការ​ជួញដូរ​មនុស្ស​ថា​ជា​ឧស្សាហកម្ម​មួយ​ដែល​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ លោក ចន ឃែរី រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ទាសភាព​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ នៅ​តែ​ធ្វើ​ឲ្យ​មាន​ជនរងគ្រោះ​ជាង​២០​លាន​នាក់ ហើយ​ជនរងគ្រោះ​ទាំង​នោះ​គឺ​ជា​មនុស្ស ពួកគេ​មាន​ឈ្មោះ និង​ក្រុមគ្រួសារ»៕

XS
SM
MD
LG