ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ ភូមិសាស្រ្ត​នយោបាយ​នៅ​តែ​ជះ​ឥទ្ធិពល​ដល់​របាយការណ៍​ជួញ​ដូរ​មនុស្ស


ក្រុម​មន្រ្តី​មីយ៉ាន់ម៉ា និង​អង្គការ​សហប្រជាជាតិ​ឈរ​នៅ​លើ​ទូក​មួយ​ដែល​ប្រើ​សម្រាប់​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ប្រុងប្រៀប​បញ្ចេញ​ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំនៃ​ការ​ខំ​ប្រឹង​ប្រែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ របស់​រដ្ឋាភិបាល​បរទេស​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ក្រុម​សកម្មជន ​កំពុង​សម្តែង​នូវការ​ព្រួយ​កង្វល់​ថា ភូមិសាស្រ្ត​នយោបាយ ​បាន​បន្ត​ជះ​ឥទ្ធិពល​ដល់​ចំណាត់​ថ្នាក់​របស់​ប្រទេស​នីមួយៗ។

ការ​យក​ចិត្ត​ទុកដាក់​ភាគ​ច្រើន ​បាន​ផ្តោត​អារម្មណ៍​លើ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រភេទTier 3​ ទៅកាន់​ប្រភេទ Tier 2 ​ក្នុង​បញ្ជី​ឃ្លាំមើល​ក្នុង​របាយការណ៍​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​ហៅ​កាត់​ថា (TIP)។

ប្រទេស​ថៃ ស្ថិត​នៅ​ចំណុច​កណ្តាល​ក្នុង​តំបន់​ពោរពេញ​ដោយ​ក្រុម​ជួញដូរ​មនុស្ស​ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មន្រ្តី​រួម​គំនិត​និង​ពុករលួយ។ លោកស្រី Kristen Abrams ​នាយិកា​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​បញ្ចប់​ទាសភាព​និង​ការ​ជួញ​ដូរ​មនុស្ស ឬ (ATEST) ​បាន​មាន​ប្រសាសន៍​ថា «ស្ថានភាព​កំពុង​កាន់​តែ​អាក្រក់​ឡើងៗ​នៅ​ក្នុង​ប្រទេស​ថៃ​សម្រាប់​កម្មករ​ចំណាក​ស្រុក។​ នៅ​ប្រទេស​នោះ​នៅ​តែ​មាន​ភាព​ល្បីល្បាញ​ពី​ការ​ជិះ​ជាន់​កម្លាំង​ពលកម្ម ​ជាពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ‍។ យើង​ជឿជាក់​ថា ​ប្រទេស​ថៃ​ត្រូវ​តែ​ស្ថិត​ក្នុង​ប្រភេទ Tier 3»។

របាយការណ៍​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ (TIP) ​ផ្តល់​ចំណាត់​ថ្នាក់​ដល់​ប្រទេស​នានា​ផ្អែក​លើ​ប្រព័ន្ធ​ដែល​មាន​៣ថ្នាក់​ឬTier 3។ Tier 1 រួម​មាន​ប្រទេស​ដែល​រដ្ឋាភិបាល​អនុវត្ត​បាន​ពេញលេញ​ទៅ​តាម​បទដ្ឋាន​អប្បរមា។ Tier 2 គឺ​ជា​ប្រទេសដែល​មិន​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅ​តាម​បទដ្ឋាន​អប្បរមា​ ក៏ប៉ុន្តែ ​កំពុង​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​អនុវត្ត​តាម។

​ចំណាត់​ថ្នាក់​ទាប​បំផុត​គឺ Tier 3 ​ដែល​រួមមាន​ប្រទេស​នានា​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​នោះ ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ទៅ​តាម​បទដ្ឋាន​អប្បរមា​ហើយ​មិន​បាន​ប្រឹងប្រែង​អនុវត្ត​ទាល់​តែ​សោះ។ ចំណាត់​ថ្នាក់ Tier 3 ​អាច​បណ្តាល​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហើយ​ទទួល​បាន​ជំនួយ​មាន​កម្រិត​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត៕

XS
SM
MD
LG