ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចោទ​រុស្ស៊ី​ថា​បាន​បណ្ដេញ​ជនជាតិ​អ៊ុយក្រែន​ដោយ​បង្ខំ​


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​Antony Blinken ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ បាន​បណ្តេញ​ជនជាតិ​អ៊ុយក្រែន​រាប់​សែន​នាក់​ចេញ​ពី​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​នៅ​ភាគ​ខាងកើត ​និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន​ ទៅ​ប្រទេស​រុស្ស៊ី។ ​

លោក​ Blinken ​បាន​និយាយ​ថា ​ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ​ពី​ ៩០ ​ម៉ឺន​ទៅ​ ១​ លាន ​៦​ សែន​នាក់ ​រួមទាំង​កុមារ​ ២៦​ ម៉ឺន​នាក់​ ត្រូវបាន​សួរ​ចម្លើយ ​ឃាត់​ខ្លួន ​និង​និរទេស​ពី​ផ្ទះ​របស់​ពួកគេ​ ទៅ​កាន់​ប្រទេស​រុស្ស៊ី ​ រួមទាំង​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​នៅ​ចុង​បូព៌ា​ តាម​រយៈ​ប្រតិបត្តិ​ការ​ចម្រោះ។ ​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃទី ​១៣​ ខែ​កក្កដា​ លោក​ Blinken​ បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ប្រតិបត្តិការ​ទាំង​នេះ ​ដែល​លោក​បាន​និយាយ​ថា ​រំលោភ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ។​

លោក ​Blinken ​បាន​និយាយ​ថា៖ «ការ​ផ្ទេរ​ និង​និរទេស​មនុស្ស​ដែល​ត្រូវ​ការពារ​ គឺជា​អំពើ​ខុស​ច្បាប់​និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ ទី ៤ ​ស្តីពី​ការ​ការពារ​ជនស៊ីវិល​ ហើយ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម»។​

លោក​ Blinken​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ប្រតិបត្តិការ​ចម្រោះ​មាន​ការ​បំបែក​ក្រុម​គ្រួសារ​ រឹបអូស​លិខិត​ឆ្លង​ដែន​អ៊ុយក្រែន​ និង​ចេញ​លិខិត​ឆ្លងដែន​រុស្ស៊ី​«ដែល​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ច្បាស់​ក្រឡែត​ ដើម្បី​ផ្លាស់​ប្តូរ​ប្រជាសាស្រ្ត​ផ្នែក​ខ្លះ​នៃ​ប្រទេស​អ៊ុយក្រែន»។​

លោក​Blinken ​បាន​និយាយ​ថា ​មនុស្ស​ដែល​ត្រូវ​បាន​ «ច្រោះចេញ»​ រួមមាន​ជនជាតិ​អ៊ុយក្រែន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ កំពុង​គំរាម​កំហែង​ដោយសារ​តែ​ទំនាក់​ទំនង​ជា​សក្តានុពល​របស់​ពួកគេ​ជាមួយ​យោធា​អ៊ុយក្រែន ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​រដ្ឋាភិបាល ​និង​ក្រុម​សង្គម​ស៊ីវិល។​

លោកក៏​បាន​ដក​ស្រង់​របាយ​ការណ៍​របស់​សាក្សី​រួចពី​សេចក្តី​ស្លាប់​ដែល​បាន​និយាយ​ថា​ អាជ្ញាធរ​រុស្ស៊ី​បាន​ដឹក​ជញ្ជូន​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅ​កាន់​កន្លែង​ឃុំឃាំង​នៅ​ទីក្រុង ​Donetsk​ ដែល​គ្រប់គ្រង​ដោយ​ពួក​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ ​ជា​កន្លែង​មនុស្ស​ជាច្រើន​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ រង​ទារុណកម្ម។ លោក​បាន​បន្ត​ថា ​ មាន​របាយ​ការណ៍​ដែល​ថា​បុគ្គល​មួយ​ចំនួន​ដែល​ជា​គោលដៅ​សម្រាប់​ការ​ចម្រោះ​នេះ​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ភ្លាមៗ។​

លោក​និយាយ​ថា​ ផែនការ​ចម្រោះ​នេះ​ហាក់​ដូចជា​ត្រូវ​បាន​គ្រោង​ទុក​ ហើយ​ត្រូវគ្នា​នឹង​ប្រតិបត្តិ​ការ​ស្រដៀង​គ្នា​ ដែល​រុស្ស៊ី​បាន​ធ្វើ​នៅក្នុង​សង្រ្គាម​ផ្សេង​ទៀត ​រួមទាំង​នៅ ​ឆេឆេនី​ផង​ដែរ។ ​លោក​បន្ថែម​ថា រុស្ស៊ី​ត្រូវតែ​ទទួល​ខុស​ត្រូវ។​

លោក​ Antony Blinken បាន​និយាយ​ថា៖ «នេះ​ជាមូល​ហេតុ​ដែល​យើង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​អ៊ុយក្រែន ​និង​អន្តរជាតិ​ក្នុង​ការ​ប្រមូល​ ចងក្រង​ឯកសារ​ និង​រក្សា​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ»។ ​

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​សន្និសីទ ​នៅ​ទីក្រុង​ឡាអេ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន​សម្រាប់​ការ​ទទួល​ខុសត្រូវ​នៅ​អ៊ុយក្រែន ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Agence France-Presse)

XS
SM
MD
LG