ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​ជា​របៀបវារៈ​លើ​គេ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ G-20


រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken កំពុង​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី និង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken កំពុង​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី និង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ជា​របៀបវារៈ​លើ​គេ​នៅពេល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken​ ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ផ្សេង​ទៀត​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​២០ ​ឬ ​G-20​ នៅ​ចុង​សប្តាហ៍​នេះ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​ Blinken ​ចាក​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅចូល​រួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​លោក​ក៏​នឹង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក ​Wang Yi​ ផង​ដែរ។ ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​Daniel Kritenbrink ​បាន​និយាយ​ថា​ នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រវាង​អ្នក​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក ​និង​ចិន​ រួមមាន​លទ្ធភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ​សុខាភិបាល​ពិភពលោក ​ការ​ប្រឆាំង​គ្រឿងញៀន ​និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ថា​ សហ​រដ្ឋ​អាមេរិក​ចង់​ចាត់ចែង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​«ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា»​ ហើយ​ចាំបាច់​ត្រូវ​បង្កើត​«របាំង​ការពារ»​ដើម្បី​ចៀសវាង​ជម្លោះ​ដោយ​អចេតនា។ ប្រភព​ការទូត​បាន​ឱ្យ​ដឹង​ថា ​លោក​Blinken ​នឹង​ធ្វើ​កិច្ច​ប្រជុំ​រយៈ​យូរ​ចំនួន​ពីរ​ជាមួយ​លោក​ Wang​ ដោយ​កិច្ច​ប្រជុំ​ទីមួយ​ទំនង​ជា​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេភាគី ​និង​កិច្ចប្រជុំ​ទីពីរ​ផ្តោត​លើ​បញ្ហា​ក្នុង​តំបន់ ​និង​អន្តរជាតិ។​

បន្ទាប់ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ G-20 លោក​ Blinken​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​ដែល​លោក​ត្រូវ​គេ​រំពឹង​ថា​ នឹង​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា។​

លោក ​Kritenbrink ​បាន​និយាយ​ថា ​«ប្រធាន​បទ​អំពី​ប្រទេស​ភូមា​នឹង​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់»​ទាំង​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះ​និង​កិច្ច​ប្រជុំ​ G-20 ​ព្រម​ទាំង​ជំនួប​នៅ​ទីក្រុង​បាងកក។ លោក​បន្ថែម​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​«ថ្កោល​ទោស​ ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ប្រឆាំង​សកម្មភាព​ឃោរឃៅ​របស់​របប​យោធា​ភូមា​ចាប់​តាំងពី​រដ្ឋប្រហារ​មកដែល​បាន​សម្លាប់​មនុស្ស​ជិត​ ២​ពាន់​នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ជាង​៧០​ម៉ឺន​នាក់​ផ្សេង​ទៀត​រត់ចោល​ផ្ទះសម្បែង»។​

កាល​ពី​ចុង​សប្តាហ៍ ​លោក ​Wang​ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​ប្រទេស​នេះ ​ចាប់​តាំង​ពី​យោធា​បាន​ដណ្តើម​អំណាច​កាល​ពី​ឆ្នាំ​មុន៕

XS
SM
MD
LG