ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បង្វែរ​យុទ្ធសាស្ត្រ​ទៅ​ខេត្ត ​Donetsk ​របស់​អ៊ុយក្រែន


ផ្សែង​ហុយ​ចេញ​ពី​តំបន់​មួយ​ក្រោយ​ពី​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​ពី​រុស្ស៊ី នៅ​ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២។
ផ្សែង​ហុយ​ចេញ​ពី​តំបន់​មួយ​ក្រោយ​ពី​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​ពី​រុស្ស៊ី នៅ​ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ខ្លួន​រំពឹង​ថា​ រុស្ស៊ីនឹង​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​ដែល​ខ្លួន​ប្រើ​ដើម្បី​ដណ្តើម​យក​ស្ទើរ​តែ​ទាំងអស់​នៃ​ខេត្ត ​Luhansk ​ភាគ​ខាងកើត​អ៊ុយក្រែន​ ខណៈ​រុស្ស៊ី​ជំរុញ​ការ​កាន់កាប់​ខេត្ត ​Donetsk ​និង​ឈាន​ដល់​គោលដៅ​ដើម្បី​កាន់កាប់​តំបន់​ Donbas ​ទាំងមូល។

ក្រសួង​នេះ​បាន​បញ្ជាក់នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ «សង្គ្រាម​នៅតំបន់ ​Donbas​ ត្រូវបាន​កំណត់​ថា​ មាន​អត្រា​រុលចូល​យឺតៗ​ និង​ការ​បាញ់​របស់​កង​កាំភ្លើង​ធំ​រុស្ស៊ី​ដ៏ច្រើន​ដែល​កំពុង​បំផ្លាញ​ទីក្រុង​នានា។ ​ការ​ប្រយុទ្ធ​គ្នា​នៅតំបន់ Donetsk Oblast ​នឹង​បន្ត​តាម​របៀប​នេះ»។

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​កាល​ពីថ្ងៃ​ចន្ទ​បាន​ប្រកាស​ជ័យ​ជម្នះ​នៅ​ក្នុង​ខេត្ត​ Luhansk ​ខណៈ​កងទ័ព​អ៊ុយក្រែន​បាន​ដកថយ​ពី​បន្ទាយ​ចុង​ក្រោយ​គេនៅ​ក្នុង​ទី​ក្រុង​ Lysychansk ។ ​អ៊ុយក្រែន​បាន​និយាយ​ថា​ កងកម្លាំង​រុស្ស៊ី​ឥឡូវនេះ​កំពុង​ព្យាយាម​រុល​ទៅ​កាន់​ទីក្រុង​ Siversk ក្រុង Fedorivka ​និងក្រុង ​Bakhmut ​ក្នុង​ខេត្ត​ Donetsk​ ដែល​ប្រហែល​ពាក់​កណ្តាល​ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក ​Sergei Shoigu ​បាន​រាយ​ការណ៍​ប្រាប់​លោក ​Putin ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​ទូរទស្សន៍​មួយ​កាលពី​ថ្ងៃចន្ទ​ថា ​កង​កម្លាំង​រុស្ស៊ី​បាន​កាន់កាប់​ខេត្ត ​Luhansk។ ​ជា​ការ​ឆ្លើយ​តប​លោក Putin ​បាន​និយាយ​ថា ​អង្គភាព​យោធា​«ដែល​បាន​ចូលរួម​ក្នុង​សកម្ម​ប្រយុទ្ធ​និង​ទទួល​បាន​ជ័យជំនះ»​ នៅក្នុង​ខេត្ត ​Luhansk ​«គួរតែ​សម្រាក ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ»។

អភិបាល​ខេត្ត ​Luhansk ​របស់​អ៊ុយ​ក្រែន ​លោក ​Serhiy Haidai ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ​The Associated Press ​កាលពី​ថ្ងៃ​ចន្ទ​ថា ​កង​កម្លាំង​អ៊ុយក្រែន​បាន​ដកថយ​ពីទី​ក្រុង ​Lysychansk ​ដើម្បី​ចៀសវាង​ការ​ឡោម​ព័ទ្ធ។​ លោក​ Haidai ​បាន​និយាយ​ថា៖ ​«មាន​ហានិភ័យ​នៃ​ការ​ឡោមព័ទ្ធ ​ជំរុញ​ទីក្រុង Lysychansk»។​ លោក​ពន្យល់​ថា ​ទាហាន​អ៊ុយក្រែន​អាច​នៅ​យូរ​ជាង​នេះ ​ប៉ុន្តែ​អាច​ប្រឈម​គ្រោះថ្នាក់​ស្លាប់​ និង​របួស​ជាច្រើន​នាក់។

លោក ​Haidai​ បាន​និយាយ​ថា៖ ​«យើង​បាន​ចាត់ចែង​ការ​ដក​និង​ជម្លៀស​អ្នក​របួស​ទាំងអស់។ ​យើង​បាន​យក​ឧបករណ៍​ទាំង​អស់​មក​វិញ ​ដូច្នេះ​ចាប់​ពី​ចំណុច​នេះ ​ការ​ដក​ថយ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ»។ ​លោក ​Haidai ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​ថា ​បាត់បង់ ​Lysychansk ​មិន​អ្វី​សំខាន់​ទេ ហើយ​ថា​ អ៊ុយក្រែន​ត្រូវ​ការ​ឈ្នះ​សង្រ្គាម​ទាំងមូល​ មិនមែន​ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​នេះ​ទេ។ ​លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ «​វា​ឈឺ​ចាប់​ណាស់ ​ប៉ុន្តែ​វា​មិនមែន​ជា​ការ​ចាញ់​សង្គ្រាម​ទេ»។

អគ្គសេនាធិការ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ​កងកម្លាំង​រុស្ស៊ី​ក្រៅពី​ការ​រុញ​ច្រាន​ឆ្ពោះទៅ​កាន់​ទីក្រុង ​Siversk ក្រុង Fedorivka ​និង​ក្រុង​ Bakhmut ​ក៏​កំពុង​បាញ់​ផ្តក់​លើ​ទីតាំង​រឹងមាំ​សំខាន់ៗ​របស់​អ៊ុយក្រែន​នៅ​ Sloviansk ​និង Kramatorsk ​ដែលកាន់​តែជ្រៅ​នៅក្នុង​ខេត្ត​ Donetsk។

អាជ្ញាធរ​អ៊ុយក្រែន​បាន​និយាយ​ថា​ កាលពី​ថ្ងៃ​អាទិត្យ​ មនុស្ស​៦​នាក់ ​រួមទាំង​ក្មេងស្រី​អាយុ៩​ ឆ្នាំ​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង​ Sloviansk ​ហើយ​មនុស្ស​១៩​នាក់​ផ្សេង​ទៀត​បាន​រងរបួស។ ​ទីក្រុង ​Kramatorsk​ ក៏ត្រូវ​បាន​បាញ់​ផ្លោង​កាលពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។​

លោក​ Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​របស់​លោក​ត្រូវការ​ជំនួយ​សេដ្ឋកិច្ច​ដើម្បី​ចាប់​ផ្តើម​កសាង​ឡើងវិញ​ ទោះបីជា​ការ​ប្រយុទ្ធ​នៅតែ​បន្ត​ក៏​ដោយ៕ ​


(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters និង​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Agence France-Presse។)

XS
SM
MD
LG