ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា រុស្ស៊ី​បាន​សម្លាប់​មនុស្ស​១៥​នាក់ ក្នុង​ការ​វាយ​ប្រហារ​លើ​អគារ​លំនៅដ្ឋាន


ក្រុម​អ្នក​ជួយ​សង្គ្រោះ​យក​សាកសព​ចេញ​ពី​អគារ​លំនៅដ្ឋាន​មួយ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី ចំពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​ក្នុង​ក្រុង Chasiv Yar តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២២។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​យក​សាកសព​ចេញ​ពី​អគារ​លំនៅដ្ឋាន​មួយ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី ចំពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​ក្នុង​ក្រុង Chasiv Yar តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២២។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​មនុស្ស​យ៉ាងហោច​ណាស់​១៨​នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​ដោយរ៉ុក្កែត​របស់​រុស្សី​ទៅ​លើ​អគារ​លំនៅដ្ឋាន​កម្ពស់​ប្រាំជាន់​នៅ​ក្នុង​ទីក្រុង ​Chasiv Yar ​ប្រទេស​អ៊ុយក្រែន​ ហើយ​មនុស្ស​ជាង​២០​នាក់​ទៀត​អាច​ជាប់​នៅ​ក្នុង​គំនរ​បាក់បែក។​

ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​នៅ​យប់​ថ្ងៃ​សៅរ៍​គឺ​ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ជន​ស៊ីវិល​ស្លាប់​យ៉ាង​ច្រើន ទោះ​ជា​យ៉ាងណា​រុស្ស៊ី​ជំទាស់​ថា​ ខ្លួន​វាយ​ប្រហារ​ទៅ​លើតែ​កន្លែង​ប្រតិបត្តិការ​យោធា​របស់​អ៊ុយក្រែន​ប៉ុណ្ណោះ។ ​ការ​វាយ​ប្រហារ​លើ​ទីក្រុង​ Chasiv Yar​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៩​នាក់​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង ​Kremenchuk ​នៅចុង​ខែ​មិថុនា ​និង​ស្លាប់​២១ ​នៅ​អគារ​លំនៅដ្ឋាន​ និង​កន្លែង​កំសាន្ត​នៅ​តំបន់ ​Odesa ​នៅ​ភាគ​ខាង​ត្បូង​ក្នុង​ខែ​នេះ។

ទីក្រុង​ Chasiv Yar ​នៅ​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ​Kramatorsk​ ដែល​គេ​រំពឹង​ថា​ ជា​គោល​ដៅ​សំខាន់​របស់​កងកម្លាំង​រុស្ស៊ី ​នៅ​ពេល​ពួកគេ​រុល​ចូល​ទៅ​ភាគ​ខាងលិច​ចូលទៅ​ក្នុង​ខេត្ត​ Donetsk​ បន្ទាប់ពី​ប្រកាស​ជ័យ​ជម្នះ​កាលពី​មួយ​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត ​Luhansk ​ដែល​នៅ​ជាប់​គ្នា​នោះ។ ​លោក ​Pavlo Kyrylenko ​អភិបាល​តំបន់​ Donetsk ​ដែល​រួមមាន​ទីក្រុង​ Chasiv Yar​ បាន​និយាយ​ថា​ ទីប្រជុំ​ជន​ដែល​មាន​មនុស្ស​ប្រហែល​១ម៉ឺន​២ពាន់​នាក់​នេះ ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​រ៉ុក្កែត ​Uragan ​ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​ដឹក​តាម​រថយន្ត។​ ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​បាន​និយាយ​ថា ​ក្រុម​អ្នកជួយ​សង្គ្រោះ​បាន​ធ្វើការ​ទាក់​ទង​តាម​សំឡេង​ជាមួយ​មនុស្ស​យ៉ាងហោច​ណាស់​បី​នាក់​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារផ្ទះ​ល្វែង។​

អ៊ុយក្រែន​ក៏​បាន​រាយ​ការណ៍​ពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​និង​រ៉ុក្កែត​របស់​រុស្ស៊ី​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍។ ​អភិបាល​ក្រុង​ Kharkiv ​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​លើ​ទីក្រុង​នៅ​ភាគ​ឦសាន​នេះ​បាន​ធ្វើ​ឱ្យ​ជនស៊ីវិល​បីនាក់​រង​របួស ​ ទោះ​ជា​យ៉ាងណា​ការវាយ​ប្រហារ​ចម្បង​របស់​រុស្ស៊ី​បាន​ផ្តោត​ទៅ​លើ​តំបន់​ឧស្សាហ​កម្ម​ Donbas ​នៅ​ភាគ​ខាង​កើត​ដែលរួម​មាន​ខេត្ត ​Luhansk ​និង​ Donetsk។​

ស្ត្រី​ម្នាក់​អង្គុយ​នៅ​ខាង​មុខ​អគារ​របស់​អ្នកស្រី​ដែល​មួយ​ផ្នែក​ត្រូវ​បាន​បំផ្លាញ បន្ទាប់​ពី​កាំជ្រួច​របស់​រុស្ស៊ី​បាន​បាញ់​ប្រហារ​លើ​អគារ​លំនៅដ្ឋាននៅ​ក្រុង Chasiv Yar នៃ​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
ស្ត្រី​ម្នាក់​អង្គុយ​នៅ​ខាង​មុខ​អគារ​របស់​អ្នកស្រី​ដែល​មួយ​ផ្នែក​ត្រូវ​បាន​បំផ្លាញ បន្ទាប់​ពី​កាំជ្រួច​របស់​រុស្ស៊ី​បាន​បាញ់​ប្រហារ​លើ​អគារ​លំនៅដ្ឋាននៅ​ក្រុង Chasiv Yar នៃ​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

មន្ត្រី​អ៊ុយក្រែន​បាន​រាយ​ការណ៍​ពី​ការ​វាយ​ប្រហារ​ទាំង​នៅ​ក្នុង​ទីក្រុង ​Luhansk ​និង​ Donetsk​ រីឯ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​កំពុង​យក​កងកម្លាំង​បម្រុង​ពី​ទូទាំង​ប្រទេស​រុស្ស៊ី​ មក​ជិត​ប្រទេស​អ៊ុយក្រែន។​ ការផ្អាក​ប្រតិបត្តិការ​ដែល​បាន​ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​រុស្ស៊ី​នោះ​ មិន​ទាន់​ចូល​ជាធរមាន​នៅ​ឡើយ​ទេ។ នេះបើ​តាម​មន្ត្រី​អ៊ុយក្រែន​នៅ​ទីក្រុង ​Donbas។ ​លោក​ Kyrylenko ​បាន​និយាយ​តាម​ Telegram ​ថា កាំជ្រួច​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​ទីក្រុង​ Druzhkivka ​ដែល​នៅពី​ក្រោយ​សមរភូមិ​មុខ ហើយ​លោក​បាន​រាយ​ការណ៍​ពី​ការ​បាញ់​ផ្លោង​លើ​តំបន់​ប្រជាជន​រស់​នៅ​ផ្សេង​ទៀត។​

អភិបាល​ក្រុង ​Luhansk ​លោក ​Serhiy Haidai ​បាន​និយាយ​តាម​ Telegram ​ថា ​កង​កម្លាំង​រុស្ស៊ី​កំពុង«បាញ់​តាម​បណ្តោយ​សមរភូមិ​មុខ​ទាំងមូល» ​ទោះ​ជា​យ៉ាងណា​ការ​វាយ​បក​របស់​អ៊ុយក្រែន​ជា​បន្ត​បន្ទាប់​លើ​ឃ្លាំង​អាវុធ​ និង​គ្រាប់​រំសេវ​របស់​រុស្ស៊ី​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ផ្អាក​ការ​វាយ​លុក។​ នៅភាគ​ខាង​ត្បូង ​បណ្តាញ​ព័ត៌មាន​ BBC ​បាន​រាយ​ការណ៍​ថា​ កង​កម្លាំង​អ៊ុយក្រែន​កំពុង​ខិតខំ​យ៉ាង​ខ្លាំងក្លា​ការពារ Mykolaiv ​ដែល​ជា​កំពង់​ផែ​ទន្លេ​យុទ្ធសាស្ត្រ​ដែល​ជា​ផ្លូវ​ទឹក​សំខាន់​ទៅ​កាន់ ​Odesa​ ដែល​ជា​មជ្ឈមណ្ឌល​នាំចេញ​ដ៏​សំខាន់​របស់​អ៊ុយក្រែន។​

កងទ័ព​ជើង​ទឹក​រុស្ស៊ី​នៅ​តែរារាំង​មិន​ឱ្យ​អ៊ុយក្រែនដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញ​ពី ​Odesa។​
ឧប​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោកស្រី​ Iryna Vereshchuk​ បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ផ្នែក​នៃ​តំបន់​ Kherson ​និង Zaporizhzhia​ កាន់កាប់​ដោយ​រុស្ស៊ី​ នៅភាគ​ខាង​ត្បូង។ ​ ការ​ព្រមាន​នេះ​បាន​បង្ហាញ​ពី​ផែន​ការ​វាយ​បក​របស់​អ៊ុយក្រែន​បន្ថែម​ទៀត៕​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​របស់​វីអូអេលោក ​Jeff Seldin ​រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ ហើយ​ព័ត៌មានខ្លះ ត្រូវ​បាន​ដក់ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង Reuters។

XS
SM
MD
LG