ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ ៣ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន


រូប​ឯកសារ៖ អ្នកស្រុក​ម្នាក់​ស្វែង​រក​វត្ថុ​ផ្ទាល់​ខ្លួន​ពី​ក្នុង​​គំនរ​អគារ​បែកបាក់ ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​អ៊ុយក្រែន​និង​ទាហាន​រុស្ស៊ី​នៅ​ទី​ក្រុង Borodyanka ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។
រូប​ឯកសារ៖ អ្នកស្រុក​ម្នាក់​ស្វែង​រក​វត្ថុ​ផ្ទាល់​ខ្លួន​ពី​ក្នុង​​គំនរ​អគារ​បែកបាក់ ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​អ៊ុយក្រែន​និង​ទាហាន​រុស្ស៊ី​នៅ​ទី​ក្រុង Borodyanka ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ដ៏​ធំ​បំផុត​មិន​ដែល​មាន​ពី​មុន​មក​ដល់​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ គឺ​ក្នុង​រយៈពេល ៦ ខែ​គត់​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។

ជំនួយ​លើក​នេះ​មាន​ទឹក​ប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ជំនួយ​សរុប​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ជូន​ដល់​អ៊ុយក្រែន​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​រយៈពេល ៦ ខែ​នេះ​មក​កើន​រហូត​ដល់​ចំនួន ១៣.៦០០ លាន​ដុល្លារ។

ផ្ទុយ​ពី​កញ្ចប់​ជំនួយ​កាលពី​លើក​មុនៗ​ដែល​ដោះស្រាយ​តម្រូវការ​ភ្លាមៗ​ផ្នែក​យោធា កញ្ចប់​ជំនួយ​លើក​នេះ​ផ្ដោត​លើ​ជំនួយ​យោធា​រយៈពេល​មធ្យម​និង​រយៈពេល​វែង ដែល​នឹង​ត្រូវការ​ពេល​រាប់​ខែ​ឬ​ក៏​អាច​រាប់​ឆ្នាំ​ដើម្បី​ផ្ដល់​ជូន។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​ប្ដេជ្ញាចិត្ត​រយៈពេល​យូរ​ចំពោះ​អ៊ុយក្រែន​នៅ​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន ដូច​ដែល​អ៊ុយក្រែន​បាន​ធ្វើ​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក​នេះ»។

អ្នកស្រី​បាន​បន្ថែម​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ឯ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់ (NATO) កាលពី​ចុង​ខែ​មិថុនា លោក Biden បាន​លើកឡើង​ថា ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន​នឹង​បន្ត «រហូត​មិន​ថា​ដល់​ពេល​ណា​នោះ​ទេ»។ កាលពី​ថ្ងៃ​ពុធ សេតវិមាន​បាន​បញ្ជាក់​ថា ការ​អះអាង​របស់​លោក Biden នេះ​គឺ​នៅតែ​ពិត។

លោក John Kirby អ្នក​សម្របសម្រួល​ផ្នែក​ទំនាក់ទំនង​យុទ្ធសាស្ត្រ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​នឹង​បន្ត​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ [ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន] និង​គាំទ្រ​អ៊ុយក្រែន​រហូត​មិន​ថា​ដល់​ពេល​ណា​នោះ​ទេ»។

លោក Kirby បាន​បន្ថែម​ថា៖ «យើង​នឹង​បន្ត​កៀរគរ​បណ្ដា​ប្រទេស​សេរី ជំរុញ​ទឹកចិត្ត​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​ឱ្យ​គាំទ្រ​អ៊ុយក្រែន នៅ​ពេល​ដែល​អ៊ុយក្រែន​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ប្រឆាំង​នឹង​ការ​ឈ្លានពាន​បន្ថែម​ទៀត​នេះ​របស់​រុស្ស៊ី»៕

XS
SM
MD
LG