ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋអ៊ុយក្រែនកំពុង «ប្រយុទ្ធដើម្បីជោគវាសនារបស់ខ្លួន»។ លោកថ្លែងដូច្នេះ នៅចំពេលទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែននិងចំពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនបានរយៈពេល ៦ ខែ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយពីទីលានឯករាជ្យក្នុងរដ្ឋធានីកៀវថា ប្រទេសអ៊ុយក្រែននឹងប្រយុទ្ធដើម្បីទឹកដីរបស់ខ្លួន «រហូតដល់ទីបំផុត» និងថាបើទោះបីជានៅពេលចុងបញ្ចប់នៃសង្គ្រាមនឹងមានសន្តិភាពក៏ដោយ ក៏ឥឡូវនេះអ៊ុយក្រែនចង់បានជ័យជម្នះ។
លោក Zelenskyy បញ្ជាក់ដូច្នេះថា៖ «យើងនឹងលើកដៃរបស់យើងឡើងលើតែម្ដងគត់ ដែលនោះគឺនៅពេលដែលយើងប្រារព្ធជ័យជម្នះរបស់យើងនៅទូទាំងប្រទេសអ៊ុយក្រែន ដោយហេតុថាយើងមិនដោះដូរទឹកដីនិងប្រជាពលរដ្ឋរបស់យើងនោះទេ។ សម្រាប់យើង ប្រទេសអ៊ុយក្រែនគឺរួមមានទឹកដីទាំងអស់របស់អ៊ុយក្រែន ដែលនោះគឺតំបន់ទាំង ២៥ របស់អ៊ុយក្រែន ដោយមិនមានការធ្វើសម្បទានឬក៏ការសម្រុះសម្រួលណាមួយឡើយ»។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែននឹងដណ្ដើមកាន់កាប់មកវិញនូវតំបន់ Donbas នៅភាគខាងកើត ក៏ដូចជាតំបន់ Crimea ផងដែរ។
កន្លងមក កងទ័ពរុស្ស៊ីបានបង្វែរការផ្ដោតរបស់ខ្លួនទៅលើតំបន់ Donbas បន្ទាប់ពីបានបរាជ័យនៅក្នុងការវាយប្រហារសំដៅឆ្ពោះទៅកាន់រដ្ឋធានីកៀវកាលពីលើកដំបូងៗ។ ក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីបានវាយប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Donbas តាំងពីឆ្នាំ ២០១៤ មក។ នៅឆ្នាំដដែលនោះ រុស្ស៊ីបានដណ្ដើមភ្ជាប់យកតំបន់ Crimea ដែលជាទង្វើមួយដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។
លោក Zelenskyy បានលើកឡើងបន្ថែមថា៖ «ប្រសិនបើអ្នកមិនចង់ឱ្យទាហានរបស់អ្នកស្លាប់ អ្នកត្រូវដោះលែងទឹកដីរបស់យើង។ ប្រសិនបើអ្នកមិនចង់ឱ្យម្ដាយរបស់អ្នកយំ អ្នកត្រូវដោះលែងទឹកដីរបស់យើង។ ទាំងនេះគឺពាក្យសាមញ្ញនិងច្បាស់លាស់របស់យើង»។
ការប្រារព្ធទិវាឯករាជ្យនៅថ្ងៃពុធនេះត្រូវបានផ្អាកនៅក្នុងរដ្ឋធានីកៀវ ដោយសារតែថ្នាក់ដឹកនាំអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីបានបង្កើនកិច្ចប្រឹងប្រែងដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអាគារនានារបស់រដ្ឋាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។