ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ​ប្រឈម​មុខ​នឹង​ការ​វិនិច្ឆ័យ​សង្គម​និង​ការ​ធ្លាក់​ទឹក​ចិត្ត​បន្ទាប់​ពី​លែងលះ


របាយការណ៍នៃការសិក្សាដែលមានចំណងជើងថា «ផ្លូវបំបែក» បានដាក់តាំងចំណោមរបាយការណ៍ផ្សេងទៀតនៅលើធ្នើរតាំងមួយនៅក្នុងការិយាល័យ អង្គការក្លាហាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤។ (សើ ដាវី/ វីអូអេខ្មែរ)
របាយការណ៍នៃការសិក្សាដែលមានចំណងជើងថា «ផ្លូវបំបែក» បានដាក់តាំងចំណោមរបាយការណ៍ផ្សេងទៀតនៅលើធ្នើរតាំងមួយនៅក្នុងការិយាល័យ អង្គការក្លាហាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤។ (សើ ដាវី/ វីអូអេខ្មែរ)

«គាត់​វាយ​អាក្រក់​ណាស់​។ នឹក​ឃើញចង់​ហូរ​ទឹក​ភ្នែក​ឱ្យ​តែ​នឹក​ឃើញ​រឿង​ហ្នឹង​។ គេ​វាយ​ គេ​ច្របាច់​ក​។​ ពេល​នៅ​ជាមួយ​គាត់​ខ្ញុំ​គិត​ច្រើន​ណាស់​ ណា​គិត​កូន​ ណា​គិត​គ្រួសារថា​ទៅ​មុខ​ទៀត​រក​ស៊ី​មិច​ មាន​មិច​ ត្រូវ​ធ្វើ​អី​។ គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់»។ នេះ​ជា​សម្តីរបស់​អ្នកស្រី ថាច ចន្ទី ស្រ្តី​ម្នាក់​ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ពី​អតីត​ស្វាមី​របស់​ខ្លួន។

នៅ​ពី​មុខ​ផ្ទះ​ឈើ​មួយ​ខ្នង​ក្នុង​ខេត្ត​កំពង់​ចាម​ ស្រ្តី​ម្នាក់​កំពុង​តែ​មមាញឹក​ធ្វើ​ការ​ងារ​ផ្ទះ​ព្រោះ​គាត់​មាន​ពេល​ទំនេរតែ​ថ្ងៃ​ចុង​សប្តាហ៍ប៉ុណ្ណោះ អ្នកស្រី ថាច​ ចន្ទី ដែល​មាន​មាឌ​ស្តើង​ កម្ពស់​ប្រមាណ​ ១ ម៉ែត្រ ៦០​ បាន​រំឭក​ពី​ជីវិត​របស់​ខ្លួន​កាល​ដែល​រស់​នៅ​ជាមួយ​អតីតប្តី​ ដោយ​អ្នកស្រី​បាន​រៀបរាប់​ជាមួយ​ទឹក​មុខ​ស្រពាប់​ស្រពោន​ថា​៖ «​នឹក​ឃើញ​ចង់​ហូរ​ទឹក​ភ្នែក​ឱ្យ​តែ​នឹក​ឃើញ​រឿង​ហ្នឹង»។​

ស្រ្តី​វ័យ ៣៥ ឆ្នាំ ដែល​ដើរ​តួ​ជា​ម្តាយ​ផង​ និង​ជា​ឪពុក​ផង​ រែក​អំរែក​គ្រួសារ​នេះ​តែ​ម្នាក់​ឯងបន្ទាប់​ពី​លែង​លះ​ជាមួយ​អតីតប្តី​។ អ្នកស្រី​ត្រូវ​រ៉ាប់​រងនូវ​រាល់​ការ​ចំណាយ​ទាំង​អស់​រួម​មាន​ការ​ឧបត្ថម្ភ​ការ​សិក្សា​ដល់​កូនៗ​ទាំង​ពីរ ការ​ចំណាយម្ហូប​អាហារ និង​របស់​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ និង​ការ​ចំណាយ​ចាំ​បាច់​ផ្សេង​ទៀត។ អ្នកស្រី​ត្អូញ​ត្អែរ​ថា​ ប្រាក់​ខែ​ដែល​បាន​មកពី​ការ​ធ្វើ​ការក្នុង​រោងចក្រ​មិន​មាន​ច្រើន​សម្រាប់​នាង​ក្នុង​ការ​ចំណាយ​សព្វ​សារពើ​នោះ​ទេ។

ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​លែង​លះ អ្នកស្រី ចន្ទី​ តែង​ទទួល​នូវ​ពាក្យ​ប្រមាថ​មាក់ងាយ​ពី​សំណាក់​មជ្ឈដ្ឋាន​រស់​នៅ​របស់​ខ្លួន​ រួម​មាន​ការ​ចំអក​ឡកឡឺយ​ថា​អ្នកស្រី​ជា​ស្ត្រី​មេម៉ាយជា​ដើម។​ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​មាន​ការ​ជួយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ពី​សំណាក់​គ្រួសារ​របស់​អ្នកស្រី។

អ្នកស្រី​និយាយ​ទាំងមុខ​ស្ងួត​ថា​៖​« ដំបូង​ខ្ញុំ​ចិត្ត​អត់​ដាច់​ចិត្ត​ ព្រោះ​អាណិត​កូន​។​ អ្នក​ផ្សេង​គេ​និយាយ​ពី​ខ្ញុំ​ ចេះ​ចុះ​ តែ​ខ្ញុំ​មាន​ប្អូន​ វា​ឧស្សាហ៍​និយាយ​មួយ​ខ្ញុំ​វា​និយាយ​ជួយ​លើក​ទឹក​ចិត្ត​ចេះ​មួយ​ចុះ​មួយ​ ម៉ែ​គាត់​ចេះ​ជួយ​និយាយ​លួង​លោម​យើង​កុំ​ឱ្យ​យើង​គិត​ច្រើន​ ទាំង​ប៉ា​ ទាំង​អី​»។

រឿង​នេះ​មិន​ត្រឹម​តែ​កើត​ឡើង​លើ​ អ្នកស្រី ចន្ទី​ តែ​ម្នាក់​ប៉ុណ្ណោះ​ទេ។ របាយ​ការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គ​ការ​ក្លាហាន​ កាល​ពី​ចុង​ឆ្នាំ​ ២០២៣ ​បានរក​ឃើញ​ថា​ ស្ត្រី​តែង​ប្រឈម​នូវ​បញ្ហា​ច្រើន​ជាង​បុរស​ក្រោយ​ការ​លែង​លះ​ រួម​មាន​ទាំង​បញ្ហា​ផ្លូវ​ចិត្ត​ និង​ហិរញ្ញ​វត្ថុជា​ដើម។​ របាយការណ៍​នេះ​សង្កត់​ធ្ងន់​ថា​ ស្រ្តី​ទាំង​នោះ​ច្រើន​ទទួល​រង​នូវ​ការ​វិនិច្ឆ័យ​ និង​ការ​មាក់ងាយ​ពី​សង្គម​។

របាយ​ការណ៍​របស់​ ក្រសួង​ស្ថិតិ​កម្ពុជា​ សហការ​ជាមួយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ កាលពី​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​រក​ឃើញ​ថា​ ២០​%​ នៃ​ស្រី​កម្ពុជា​ប្រឈម​នូវ​ហិង្សា​ផ្លូវ​កាយ​ ឬ​ផ្លូវ​ភេទ​ពី​សំណាក់​ដៃ​គូរ​ជិត​ស្និទ្ធ​ រួម​មាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ជាដើម។​ មួយ​ភាគ​បី​នៃ​ស្រ្តី​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ផ្នែក​អារម្មណ៍​ និង​មាន​ករណី​ស្តួច​ស្តើង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រាយ​ការណ៍ ហើយ​ជារឿយ​ៗ ក្មេង​ដែល​ជា​កូន​មាន​វត្ត​មាន​នៅក្នុង​ ឬ​អំឡុង​ពេល​ហិង្សា​ក្នុង​គ្រួសារកើត​មាន​។​ នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នេះ។

ភាព​ខុស​គ្នា​នៃ​យេនឌ័រ​បន្ទាប់​ពី​ការ​លែង​លះ

ការ​សិក្សាដែល​មាន​ចំណង​ជើង​ថា​ «ផ្លូវ​បំបែក» របស់​អង្គ​ការក្លាហាន​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០២៣ និង​ដាក់​ចេញ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០២៣​ មាន​ការ​ចូល​រួម​ស្ទង់​មតិ​អន​ឡាញ​ពី​ស្រ្តី និង​បុរស សរុប​ប្រមាណ​៤០​នាក់​មក​ពី​រាជ​ធានី​ភ្នំពេញ និង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​រតន​គិរី​ និង​ខេត្ត​កែប។ អ្នក​ចូលរួម​២២​នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ស្ទង់​មតិ​ទាំង​៤០​នាក់​ជា​ស្រ្តី​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លែង​លះ។

ស្រ្តី​បន្ទាប់​ពី​លែង​លះ​ច្រើន​តែ​ប្រឈម​ជាមួយ​ការ​វាយ​តម្លៃ​ពី​មនុស្ស​ចាស់ និង​ងាយ​ទទួល​រង​នូវ​សម្ពាធ​ជាង​បុរស​ដែល​ជា​អតីត​ស្វាមី។ ៨៧%​នៃ​អ្នក​ស្ទង់​មតិ​ជឿ​ថា​ស្ត្រី​រង​នូវ​ភាព​អាម៉ាស់ និង​ការ​វិនិច្ឆ័យ​ច្រើន​ជាង​បុរស​បន្ទាប់​ពី​លែង​លះ។

របាយ​ការណ៍​ដដែលបង្ហាញ​ថា អ្នក​ស្ទង់​មតិប្រមាណ​ ៤៨​% ជឿ​ថាបន្ទាប់​ពី​លែង​លះ​ស្រ្តី​ដែល​មក​ពី​តំបន់​ដាច់​ស្រយាល​ច្រើន​ជួប​ប្រទះ​នូវ​ការ​វិនិច្ឆ័យ​ និង​ការ​មាក់ងាយ​ពីសង្គម​ច្រើន​ជាង​ស្រ្តី​ដែល​រស់​នៅ​ទីក្រុង​។

អ្នក​ស្រី​ ម៉ៅ​ ម៉ាប់ នាយិកា​ប្រតិបត្តិ​អង្គ​ការ​ក្លាហាន​ ប្រាប់​វីអូអេ​ថា​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​លែង​លះនិង​អ្នក​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​លែង​លះ​គ្នា។ ការ​សិក្សា​នេះ​ជា​ចំណែកមួយ​ដែល​អាច​ជួយ​ដល់​ស្ត្រី​ដែល​មាន​បញ្ហា​ ក្រោយ​ការ​លែង​លះ។

អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន កំពុងធ្វើការក្នុងការិយាល័យ អង្គការក្លាហាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេខ្មែរ)
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន កំពុងធ្វើការក្នុងការិយាល័យ អង្គការក្លាហាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤។ (សើ ដាវី/វីអូអេខ្មែរ)

នាយិកា​ប្រតិបត្តិ​រូប​នេះមើល​ឃើញ​ថា ​ទស្សនៈ​ដែល​តែង​ស្ថិតក្នុង​ផ្នត់​គំនិត​ប្រជា​ជន​ខ្មែរ​គឺ ក្នុង​មួយ​ជីវិតស្ត្រី​អាច​រៀប​ការ​បាន​តែ​ម្តង​គឺ​នៅ​តែ​កើត​មាន​ ហើយ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ទស្សនៈ​ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់។

អ្នក​ស្រី ម៉ៅ​ ម៉ាប់ យល់​ឃើញ​ថា ដើម្បី​ឱ្យ​ស្ត្រី​ដែល​មាន​បញ្ហា​ក្នុង​ការ​លែងលះ​ទទួល​បាន​នូវ​ភាព​ប្រសើរ​ឡើង​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធពិសេស​ពី​សំណាក់​រដ្ឋាភិបាល។ អ្នកស្រី​ថា រដ្ឋាភិបាល​គួរ​បង្កើត​ឱ្យ​មាន​នីតិវិធី​ដែល​អាច​ជួយ​ពន្លឿន​ការ​លែង​លះ​កាត់​បន្ថយ​នីតិ​វិធី​ផ្សះ​ផ្សា​ដោយ​តុលា​ការ ពង្រីក​យន្ត​ការ​គាំ​ពារ​ផ្នែក​សុខ​ភាព​ស្រ្តី​ និង​លុប​បំបាត់​វប្ប​ធម៌​បន្ទោស​ជន​រង​គ្រោះ​ពី​អ្នក​អនុវត្ត​ច្បាប់។

អ្នក​ស្រី​ ស​ ស៊ី​ណែត អ្នក​នាំពាក្យ​ក្រសួង​កិច្ចការនារី​ ប្រាប់​វីអូអេ​ខ្មែរថា ​កន្លង​ទៅ​ក្រសួង​ និង​អ្នក​ពាក់ព័ន្ធ​រួម​មាន​រដ្ឋាភិ​បា​ល​បាន​បង្កើត​ឱ្យ​មាន​សេវា​ពិគ្រោះ​យោបល់​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​ ឬ​ក្មេង​ស្រី​ដែល​ទទួល​រង​នូវ​ហិង្សា​គ្រប់​ទម្រង់​ ជា​ពិសេស​ស្ត្រី​ដែល​ស្វែង​រក​ការ​លែង​លះ។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«រាល់​ថ្ងៃ​នេះ​គឺ​ពួក​យើង​ខិត​ខំ​ប្រឹង​ប្រែង​មែន​ទែនដើម្បី​ពន្លឿន​នីតិ​វិធី​ហ្នឹង ដែល​យើង​មាន​ការ​គាំ​ទ្រ​ជា​មេធាវី​ទៅ​ដល់​ជន​រង​គ្រោះ​ដែល​គាត់​មាន​ការ​លែង​លះ​គ្នា​ដោយ​សារ​មូល​ហេតុអំពើ​ហិង្សា​រ៉ាំរ៉ៃ​ ហើយ​ការ​ផ្តល់មេ​ធាវី​ជូន​នេះ​យើង​បាន​ចុះ​ MOU [អនុសារណៈយោគយល់] ជាមួយ​គណៈ​មេធាវី​ដើម្បី​ជួយ​គាំ​ទ្រ​ទៅ​ដល់​ជន​រង​គ្រោះ និង​ការ​ផ្តល់​សេវា​ដល់​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​»។

អ្នក​ស្រី​ ស​ ស៊ី​ណែត​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​វីអូអេ​លម្អិត​តាម​សារ​អេឡិច​ត្រូ​និច​តេឡេក្រាមជុំ​វិញ​ការ​ទទួល​បានសេវា​ពិគ្រោះ​យោបល់​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​ច្បាប់​សម្រាប់​ស្រ្តីឡើយ។

ការ​លែង​លះ​ដែល​បណ្ដាលពី​ភាព​មិន​ស្មោះ​ត្រង់​

ការ​សិក្សា​នៃ​របាយ​ការណ៍​ «ផ្លូវ​បំបែក​» របស់​អង្គ​ការ​ក្លាហាន​ បាន​បង្ហាញ​ថា ការ​ផិត​ក្បត់​គឺជា​កត្តា​ចម្បងសំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​ឈាន​ទៅ​ដល់​ការ​បែក​បាក់​។ ៨១%​ នៃ​អ្នក​ស្ទង់​មតិ​ឆ្លើយ​ថា​ «ការ​ផិត​ក្បត់​ និង​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​» ជា​មូល​ហេតុ​ដែល​ស្ត្រី​ជាច្រើន​ជ្រើសរើស​យក​ការ​លែង​លះ​។ មាន​តែ​ ៦៨%​ ប៉ុណ្ណោះ​ដែល​គិត​ថា​បុរស​ជួប​ប្រទះ​នូវ​បញ្ហា​ដូច​គ្នា​ទៅ​នឹង​ស្ត្រី​។

អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​ម្នាក់​លើក​ឡើង​ថា ប្តី​របស់​ខ្លួន​ចាប់​ផ្តើមមាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រីផ្សេង​នៅពេល​ដែល​ខ្លួន​ទើប​តែ​សម្រាល​កូនថ្មីៗ។ ស្ត្រី​ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​របាយការណ៍​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «​គាត់​ធ្វើ​ហួស​ហេតុ​ពេក​។ គាត់​នាំ​នាង​មក​គេង​នៅ​ផ្ទះ​របស់​ពួក​យើង​។ ចុង​ក្រោយ​ ខ្ញុំ​បាន​សម្រេច​ចិត្តលក់ផ្ទះនោះ​ហើយ​ក៏​លែង​លះគ្នា​ជាមួយ​គាត់​»។

អ្នកស្រី ថាច​ ចន្ទី​ និយាយ​ថា​ អ្នកស្រី​លែង​ខ្វល់​ពី​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​និយាយ​ពាក់ព័ន្ធ​នឹង​ការ​លែង​លះ​របស់​អ្នកស្រី​ទៀតហើយ​ ព្រោះអ្វី​ដែល​នាង​ត្រូវ​ខ្វាយ​ខ្វល់​សំខាន់​ក្នុង​ពេល​នេះ​គឺ​កូនៗ​ទាំង​ ២​ របស់អ្នកស្រី។

អ្នកស្រី ចន្ទី​ ​ប្រាប់​វីអូអេ​ដោយ​ក្តី​សោមនស្ស​ថា​៖ «​ដំបូង​ពេល​គិត​ដល់​ការ​លែង​លះ ខ្ញុំ​យំ​ ហើយ​ពេល​ខ្លះពិបាក​ពេកចង់​តែសម្លាប់​ខ្លូន។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​លែង​ខ្វល់​ហើយ​ ខ្ញុំ​ចង់​រស់​នៅ​ជាមួយ​កូន​ខ្ញុំ​ហើយ​ធ្វើ​អ្វី​ៗគ្រប់​យ៉ាងសម្រាប់​គាត់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG