ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការជាង​៤០នៅ​កម្ពុជា​ស្នើ​ផ្តល់​សច្ចាប័ន​​លើ​អនុសញ្ញា​ ILO ​ស្តី​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​ និង​ការ​បៀត​បៀន


ក្រុមអង្គការសង្គមស៊ីវិលរៀបចំសន្និសីទសារព័ត៌មាន«យុទ្ធនាការ១៦ថ្ងៃ» ដើម្បី«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការបៀតបៀនក្នុងពិភពការងារ» នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ក្រុមអង្គការសង្គមស៊ីវិលរៀបចំសន្និសីទសារព័ត៌មាន«យុទ្ធនាការ១៦ថ្ងៃ» ដើម្បី«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការបៀតបៀនក្នុងពិភពការងារ» នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​ជាង​៤០​ស្ថាប័ន​ស្នើ​ឱ្យរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​ជា​អាទិភាព​លើ​អនុ​សញ្ញា​ពលកម្ម​អន្តរ​ជាតិ​(ILO)ស្តីពី​«ការ​លុប​បំបាត់​អំពើ​ហិង្សា និង​ការ​បៀត​បៀន​ក្នុង​ពិភព​ការងារ» ដោយ​ហេតុថា​ពលរដ្ឋ​កម្ពុជា ជាពិសេស​កម្មការិនី​នៅ​តែ​រង​អំពើ​ហិង្សា និង​ការ​បៀត​បៀន ខណៈ​ការ​អន្ត​រាគមន៍​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត។

ការស្នើសុំ​នេះ​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ​នៃ​ខួបទី​៣២ ​ស្តីពីការ​«រួមគ្នា​លុប​បំបាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​និង​ការ​បៀត​បៀន​ក្នុង​ពិភព​ការងារ​» នៅឆ្នាំ​២០២៣​នេះ ដែល​ចាប់ផ្តើមពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ​ដល់​ថ្ងៃទី១០ ​ខែធ្នូ ឆ្នាំ​២០២៣។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤១​ស្ថាប័ន​នោះ ​រួម​មាន ​គណៈ​កម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់នៃ​ការរើសអើង​គ្រប់រូបភាព​លើ​ស្រ្តី ​(NGO-CEDAW) អង្គការ​អាក់សិន​អេត​កម្ពុជា​(ActionAid) អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ ដើម្បី​កម្ពុជា (GADC) ​អង្គការ​ឃែរ​កម្ពុជា (CARE) ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ហៅថា ​IDEA សហភាព​ចលនា​កម្មករ​កម្ពុជា និងសមា​គមមួយចំនួនទៀត។

នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ក៏​បាន​រៀបចំ​សន្និសីទ​សារព័ត៌​មាន ស្តីពី​យុទ្ធនា​ការ​១៦ថ្ងៃ ស្តីពី​«រួមគ្នាលុបបំបាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការបៀតបៀន​ក្នុង​ពិភព​ការងារ»​នៅ​ការិយាល័យ​អង្គការ​ខុមហ្រ្វែល ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ជា​សមាជិក​សហជីព និង​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​១០០​នាក់។

ក្នុងសន្និ​សីទ​សារព័ត៌មាន​នោះ ពួកគេ​លើក​ឡើង​ថា​មិន​មែនមាន​តែស្ត្រី​ទេ​ដែល​រង​ការ​បៀត​បៀន គឺ​បុរស​ក៏ការរង​ការ​បៀតបៀន និង​អំពើហិង្សា​គ្រប់​ទម្រង់​ផងដែរ ហើយ​សកម្មភាព​ទាំង​នោះ​នៅ​តែបន្ត​កើត​មាន​គ្រប់​ទី​កន្លែង។

អ្នកស្រី វុន សម្ភស្ស អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅថា IDEA ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី««យុទ្ធនាការ១៦ថ្ងៃ» នៅការិយាល័យខុមហ្វ្រែល ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី វុន សម្ភស្ស អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅថា IDEA ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី««យុទ្ធនាការ១៦ថ្ងៃ» នៅការិយាល័យខុមហ្វ្រែល ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី វុន សម្ភស្ស អគ្គលេខា​ធិការ​នៃសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ហៅថា IDEA​ ដែលជាវាគ្មិនមួយ​រូប ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា​អំពើ​ហិង្សា ​និង​ការបៀត​បៀនមិន​មាន​ការ​ថម​ថយ​នោះ​ទេ ទាំង​នៅ​កន្លែង​បំពេញ​ការងារ នៅ​តាម​ផ្ទះ​ ​និង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

អ្នកស្រី​ថ្លែង​ថា៖​«ទាក់​ទង​អំពើ​ហិង្សា ​និង​ការ​បៀត​បៀន​ មិន​ទាន់​មាន​ការ​ថម​ថយ​ទេ​។ ហើយ​យើង​ឃើញ​ថា​ឥឡូវនេះបៀតបៀន​កំពុង​តែពេញ​និយម​ខ្លាំង នៅតាម​បណ្តាញ​ព័ត៌មាន​សង្គម ​Social Media ទាក់​ទង​ជាមួយ​ហ្នឹង​ពាក្យ​សម្តី ទាក់ទង​ជាមួយ​ហ្នឹង​ ឥរិយាបទ​មិន​សមរម្យ ទៅ​លើSocial Media ផ្សេងៗ។​ ប៉ុន្តែ​សម្រាប់​យើង​ យើង​មើល​ឃើញ​ចំណាត់​ការរបស់​អាជ្ញាធរ​ ​ដូច​អត់​ទាន់​មាន​ចំណាត់​ការ​អ្វី វា​មើល​ទៅ​ថា​ឱ្យ​យើង​ទុកចិត្ត​»។

អ្នកស្រី​បន្ថែម​ថា​ប្រព័ន្ធ​យុត្តិ​ធម៌​ក៏​មិន​ទាន់​បាន​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​ពលរដ្ឋ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តែ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា និង​ការ​បៀត​បៀន​គ្រប់​រូបភាព។

អ្នកស្រី កេន ឆេងឡាង ​អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ដែល​ជា​វាគ្មិន​មួយ​រូប​ទៀតក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ យល់​ថា​ការ​បណ្តុះ​បណ្តាល​ពលរដ្ឋ​ឱ្យ​យល់​ដឹងពី​ការ​បៀត​បៀន និង​ហិង្សា ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​សកម្មភាព​ទាំង​នោះ។

អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«យុទ្ធនាការ១៦ថ្ងៃ» នៅការិយាល័យខុមហ្វ្រែល ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«យុទ្ធនាការ១៦ថ្ងៃ» នៅការិយាល័យខុមហ្វ្រែល ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​ថ្លែងថា៖ ​«បើ​សិន​ជា​យើង​ចង់​ឱ្យការ​បៀត​បៀន​ហ្នឹង​ថយ​ចុះ​ ឬមួយ​មាន​ប្រសិទ្ធភាព លុះត្រា​យើង​ផ្តល់វគ្គ​បណ្តុះ​បណ្តាល​ហ្នឹង​ឱ្យ​បាន​ច្រើន​មែន​ទែន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អ៊ីចឹង​មាន​តែ​តាម​រយៈការ​បណ្តុះបណ្តាលទេ​ ដែល​ធ្វើ​ឱ្យគាត់​បាន​យល់ ​[គឺ]យល់ទាំង​អ្នក​ដែល​គេត្រូវ​បៀត​បៀន ​យល់​ទាំង​អ្នក​ដែល​បៀត​បៀន​គេ»។

អ្នកស្រី​ស្នើ​ឱ្យរដ្ឋា​ភិបាល​បង្កើត​យន្តការ​ដោះស្រាយ​ការ​បៀត​បៀន ដោយ​ដាក់​ទោសអ្នក​ប្រព្រឹត្ត​ឱ្យ​បាន​ធ្ងន់ធ្ងរ។ អ្នក​ស្រី​ឱ្យដឹងថា​ ក្រុមអង្គការ​សង្គម​ស៊ីវិល​ពិត​ចង់ឃើញ​រដ្ឋា​ភិបាល​អាណត្តិទី៧​នេះ​ ផ្តល់​សច្ចាប័ន​លើអនុសញ្ញា​ILO​ លេខ​១៩០​ ស្តីពី​ «​ការ​លុបបំបាត់​អំពើហិង្សា​ និងការ​បៀតបៀន​ក្នុង​ពិភព​ការងារ» ដើម្បី​ការពារ​ពលរដ្ឋ​គ្រប់​រូប​ និង​ដើម្បី​ក្លាយ​ជា​ប្រទេស​ទី​៣៧​នៃ​ការ​ផ្តល់​សច្ចាប័ននៃ​អនុសញ្ញា ILO​ លេខ​១៩០។

អ្នកស្រី​ថ្លែង​ថា៖ «រដ្ឋា​ភិបាល​គួរតែ​ពិចារណា ហើយ​ក៏​គួរតែ​ផ្តល់សច្ចាប័ន​ទៅ​លើ​អនុ​សញ្ញា​ហ្នឹង ព្រោះ​វាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​បងប្អូនយើងដែលកំពុងធ្វើការ​ ព្រោះ​អនុសញ្ញាហ្នឹង គេ​ផ្តោត​ទៅអ្នក​ដែល​នៅ​កន្លែង​ធ្វើការ​ មិន​ថា​ធ្វើការ​នៅ​កន្លែង​ណា​ទេ តាម​ផ្ទះ តាម​សាលា តាម​អ្វីក៏ដោយ គ្រប់​វិស័យ​ទាំង​អស់»។

ក្រៅពីនេះ ​ក្រុមអង្គការ​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សមភាព​យេនឌ័រ ដោយការ​លើក​កម្ពស់​តួនាទី​ស្ត្រីនៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍមូលធន​មនុស្ស និងត្រួត​ពិនិត្យ​លើ​និយាម​អន្តរជាតិ ILO បង្កើត​យន្តការ​ដាក់​ពាក្យ​បណ្តឹង និង​រៀបចំ​សកម្មភាព​ដើម្បីដោះស្រាយ​សម្រាប់ករណី​ហិង្សា​លើស្រ្តី និង​ឆ្លើយ​តប​នឹង​អនុសញ្ញា​ស៊ី-ដ (CEDAW) ដែល​ពួកគេ​ថា​អាជ្ញាធរ​មិនទាន់​អនុវត្ត​បាន​គ្រប់ជ្រុង​ជ្រោយនៅ​ឡើយ។ នេះបើ​តាម​អ្នកស្រី កេន ឆេងឡាង។

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រុមអង្គការ​ទាំង​នោះ​ក៏បាន​យកញត្តិរួម ​ស្តីពីការ​«រួមគ្នា​លុប​បំបាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការបៀតបៀន​ក្នុង​ពិភព​ការងារ​» ទៅដាក់នៅ​ក្រសួង​កិច្ចការនារី ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​ស្ថាប័ន​ពាក់ព័ន្ធ ​ដោយ​ស្នើ​ឱ្យស្ថាប័នរដ្ឋ​ទាំង​នោះ​ផ្តល់សច្ចាប័ន​ជា​អាទិភាព​លើ​អនុ​សញ្ញា​ILO ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សាលើស្ត្រីនៅ​តាម​មូលដ្ឋាន និងកន្លែង​ការងារ។

ក្នុងញត្តិ​នោះ ​អង្គការ​លើកឡើង​ថា​ស្ថានភាព​នៃ​អំពើហិង្សា និង​ការ​បៀតបៀន​ក្នុង​ពិភព​ការងារ រឹតតែ​ធ្ងន់ធ្ងរ​ចំពោះ​កម្មការិនី​ក្នុងវិស័យ​សេវា​កម្សាន្ត ទេស​ចរណ៍ សិល្បៈ​ និងវិស័យ​សារព័ត៌​មាន​ជាដើម​។

ទន្ទឹម​នឹងនេះ ផ្នត់​គំនិត​សង្គម​ដែល​មាន​លក្ខណៈ​រើស​អើង​លើ​ស្ត្រី​ ប្រភេទ​ការងារ​របស់​ស្ត្រី និង​វប្បធម៌​នៃ​ការ​ស្តី​បន្ទោស​ស្ត្រី​រង​គ្រោះ​នៅ​តែ​បន្ត​កើត​មាន​ពី​សំណាក់​មន្ត្រី អ្នក​ផ្តល់​សេវា​ផ្លូវ​ច្បាប់ និង​សេវា​ពាក់ព័ន្ធ​នានា។ ពួកគេ​បន្ថែម​ថា ជា​ញឹកញាប់ ​នៅ​ពេល​ដែល​ស្រ្តី​រង​គ្រោះ​រាយ​ការណ៍​ករណី​របស់​ខ្លួន ត្រូវ​បាន​ស្តីបន្ទោស​ថា​ករណីនោះ​កើត​មក​ពី​ខ្លួន​ស្រ្តី​ផ្ទាល់ ​និង​បន្ទោស​ថា​មិន​មក​ប្តឹង​ភ្លាម បន្ទាប់​ពី​កើត​ហេតុ ឬក៏​គ្មាន​ភាព​ជឿជាក់​លើ​យន្តការ​ផ្នែកច្បាប់​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង និង​ទាមទារ​យុត្តិធម៌ ទាំង​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ ​និង​ក្នុង​ប្រព័ន្ធ​តុលាការ។

ញត្តិ​បញ្ជាក់​ថា៖ «មានករណី​ខ្លះ ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត​ ជា​ហេតុ​ធ្វើឱ្យ​ស្ត្រីរង​គ្រោះ​ ភ័យ​ខ្លាច និង​បាន​បោះ​បង់​ចោល​នូវ​ការ​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ទៅ​វិញ តាម​រយៈ​ការ​បន្លាច​ស្ត្រី​រង​គ្រោះ​អំពី​កាតព្វកិច្ច​ធ្វើត្រាប់​ឡើង​វិញ ឬការ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ក្រុមគ្រួសារ ឬ​អាជ្ញាធរ ភូមិ ឃុំ ដែលនឹង​ធ្វើឱ្យ​បែក​ការណ៍​សម្ងាត់​របស់​ស្ត្រី​ជាដើម»។

អង្គការ​ទាំង​នេះ​បាន​យោងរបាយការណ៍​របស់​អង្គការ​ឃែរ​កម្ពុជា ឆ្នាំ២០១៧ និង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​ឆ្នាំ​២០១៨​ថា ​កម្មការិនី​យ៉ាង​ហោច​ណាស់​១​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​អំពើ​ហិង្សា និង​ការ​បៀតបៀន​ពី​សំណាក់​អ្នក​គ្រប់គ្រង និង​អ្នករួម​ការងារ​ជាមួយ។

​វីអូអេ​មិន​ទាន់អាច​សុំការ​អត្ថា​ធិប្បាយ​ពីលោក កត្តា អន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារបាន​នៅឡើយ​ទេ។

អ្នក​ស្រី ស ស៊ីណែត ​អ្នកនាំពាក្យក្រសួង​កិច្ច​ការ​នារី​ ប្រាប់​វីអូអេថា ​កន្លងទៅ ​ក្រសួង​ពាក់ព័ន្ធ​ ​និង​អង្គការ​មួយ​ចំនួនបានពិភាក្សាគ្នាអំពី​អនុ​សញ្ញា​ILO​ លេខ​១៩០នេះ។ អ្នកស្រី​បន្ថែមថា​ក្រសួងការងារ​បាន​សុំ​ពេល​វេលា​ ដើម្បី​សិក្សាពីប្រទេសជិត​ខាង ​មុននឹង​ធ្វើសេចក្តី​សម្រេច​៕

XS
SM
MD
LG