ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កិច្ចការ​នារី​ចេញ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦​ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រស្រ្តី


ក្រសួង​កិច្ចការ​នារី​ចេញ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦​ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រស្រ្តីនៅ​ថ្ងៃទី​៨ ខែមេសា។(Facebook/ក្រសួងកិច្ចការនារី)
ក្រសួង​កិច្ចការ​នារី​ចេញ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦​ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រស្រ្តីនៅ​ថ្ងៃទី​៨ ខែមេសា។(Facebook/ក្រសួងកិច្ចការនារី)

ក្រសួង​កិច្ចការ​នារី​សម្ពោធ​ផែន​ការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦ ឆ្នាំ​២០២៤-២០២៨ ដើម្បីលើក​កម្ពស់​សម​ភាព​យេនឌ័រ​ក្នុង​បច្ចេកវិទ្យា​ឌីជីថល បង្កើន​សុខុមាលភាព​ និងផ្តល់​តម្លៃ​ឱ្យ​ស្រ្តី និង​ក្មេង​ស្រី​បន្ថែម​ទៀត។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​ការ​ដាក់​ចេញ​ផែនការ​យុទ្ធ​សាស្រ្ត នារីរតនៈ​ទី៦ ឆ្នាំ​២០២៤-២០២៨ ​នៅ​ថ្ងៃទី​៨ ខែមេសា រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងថា ការងារ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​បង្កើន​ភាព​អង់អាច​របស់​ស្រ្តី​ ជា​ការងារ​យូរ​អង្វែង​ ដែល​ទាមទារ​ឱ្យ​មាន​ការចូល​រួម​ពី​គ្រប់​ដៃ​គូ​ទាំង​អស់​ ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន។

រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុង​ពិធីសម្ពោធ​ផែន​ការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦ ឆ្នាំ​២០២៤-២០២៨
រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុង​ពិធីសម្ពោធ​ផែន​ការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី៦ ឆ្នាំ​២០២៤-២០២៨

លោកស្រី​បន្ថែមថា ក្រសួង​កិច្ចការ​នារី​បាន​ដំណើរ​ការ​តាក់​តែង​ «ផែន​ការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៦ ឆ្នាំ​២០២៤-២០២៨​» ដើម្បី​ចូល​រួម​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​ក្រប​ខណ្ឌ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ ដំណាក់​កាល​ទី​១ ព្រម​ទាំង​ធ្វើ​ឱ្យ​ស៊ី​ចង្វាក់​ជា​មួយ​នឹង​ក្រប​ខណ្ឌ​គោល​នយោបាយ​ជាតិ​ និង​កម្ម​វិធី​តាម​វិស័យ​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ និង​ការវិវត្ត​របស់​សង្គម​។

ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៦ ផ្តោត​លើ​យុទ្ធសាស្រ្ត​ស្នូល​មួយ និង​យុទ្ធសាស្រ្ត​សំខាន់ៗចំនួន​៦។ ​យុទ្ធសាស្រ្ត​ស្នូល​គឺ​ការបញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​គោល​នយោបាយ​ និង​កម្មវិធី​អភិវឌ្ឍន៍គ្រប់​វិស័យ​ និង​គ្រប់​កម្រិតដោយ​ប្រើប្រាស់​អភិ​ក្រម​បរិវត្ត​កម្ម​យេនឌ័រ។ ចំណែក​យុទ្ធសាស្រ្ត​សំខាន់​ៗ​ចំនួន​៦​រួមមាន​ ការបង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្រ្តី ការលើក​កម្ពស់​តម្លៃ​សីលធម៌​សង្គម តម្លៃស្រ្តី ​និងគ្រួសារ​ ការ​លើក​កម្ពស់​សុខុមាលភាពស្រ្តី និង​ក្មេងស្រី កិច្ចការពារ​ផ្នែក​ច្បាប់​សម្រាប់​ស្រ្តី និង​ក្មេងស្រី ស្រ្តី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច ស្រ្តី និង​ការ​ប្រែប្រួល​អាកាស​ធាតុ។

ក្នុងពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ផែន​ការ​យុទ្ធសាស្រ្ត​នារី​រតនៈ​ទី​៦ លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​ថ្លែងថា ដើម្បី​ឱ្យ​ផែនការ​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ក្រសួង​ក៏​បាន​រៀប​ចំ​ការ​តាម​ដាន​ និង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​តាម​រយៈ​ការ​រៀប​ចំ​សន្និបាត​ប្រចាំ​ឆ្នាំ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​តាម​អង្គភាព​នីមួយៗ​ តាម​មូលដ្ឋាន​ និងខេត្ត​ ដើម្បី​ពិនិត្យ​មើល​លើ​ការអនុវត្ត។

ផែនការ​យុទ្ធសាស្រ្ត​នារី​រតនៈ​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀងរាល់៥ឆ្នាំ​ម្តង​ ដែល​លើក​ដំបូង​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩។

អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទាំង​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​អនឡាញ​មក​លើ​ស្រ្តី ​និង​កុមារ ​ព្រម​ទាំង​ការ​បៀត​បៀន​លើ​ស្រ្តី​ជា​កម្មករ​និយោជិត ​និង​ស្រ្តី​ក្នុង​វិស័យ​ផ្សេង​ទៀត​នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ។​

ចំណែក​ ក្រុម​ជន​ជាតិដើម​ភាគ​តិច​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ស្រ្តី​មាន​ពិការ​ភាព​ ក៏​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​នៅ​ក្នុង​កម្រិត​ខ្ពស់ ហើយ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ខ្លាំង​ក្លា​ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌​ និង​សំណង​ប៉ះប៉ូវ​ការ​ខូច​ខាត​ផ្សេងៗ។ នេះបើ​តាមរបាយ​ការណ៍​ស្តីពី​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ស៊ីដ (CEDAW) ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ​ ឆ្នាំ ​២០២៣​។

កញ្ញា សង្វា ភួងវីណា ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​បណ្តាញ​នៃ​អង្គ​ការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា (GADC) ប្រាប់​វីអូអេ​ថា​ យុទ្ធសាស្ត្រ​នារី​រតនៈទី៦ មាន​ភាព​លម្អិត​ជាង​មុន​ ប៉ុន្តែ​កញ្ញាថា គួរតែ​កំណត់​ថវិការ​ក្នុង​ការ​រៀបចំ​ផែនការ​នេះ​ឱ្យ​បាន​ច្បាស់​លាស់​ ដើម្បី​ធានាថា សកម្មភាព​នៃ​ការអនុវត្ត​ផែនការ​នេះ​អាច​កើត​មាន​បាន។

កញ្ញា​ថ្លែង​ថា៖ «យុទ្ធសាស្ត្រ​ហ្នឹង​ល្អ​ហើយ ប៉ុន្តែ​ត្រូវ​ការ​ថវិកា​តើ​ថវិកា​ហ្នឹង​បាន​បែង​ចែក​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ហ្នឹង​កើត​ឡើង​ឬ​ក៏​អត់? តើ​ធនធាន​ហ្នឹង​មាន​ដូច​ជា​ធនធាន​មនុស្ស ធនធាន​តាម​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​តើ អាជ្ញាធរ​ហ្នឹង​គាត់​បាន​កសាក​សមត្ថភាព​ ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ដើម្បី​បញ្ជ្រាប​ទាក់ទង​ជា​មួយ​នឹង​រឿង​យេនឌ័រ​ និង​ធ្វើ​សកម្មភាព​នានា​ដើម្បី​ឱ្យ​វា​ឆ្លើយ​តប​ទៅ​យេនឌ័រ​ហ្នឹង​បាន​ហើយ​ឬនៅ»។

កញ្ញា​បន្ថែម​ថា យុទ្ធសាស្រ្ត​ថ្មី​នេះ​ មាន​ភាព​វិជ្ជមាន​ច្រើន​ ហើយ​វា​អាច​ជា​ផ្លូវ​ត្រួស​ត្រាយ​នាំ​ស្ត្រី និង​ក្មេង​ស្រី​អាច​ទទួល​បាន​ការពង្រឹង​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ ប្រសើរ​ជាង​មិន​មាន​ បើ​ទោះបី​ជា​ការចូល​រួម​អនុវត្ត​មិន​សូវ​មាន​សន្ទុះខ្លាំង​ក៏​ដោយ។

ចំណែកអ្នកស្រី ស៊ុន ម៉ាលី ប្រធាន​កម្មវិធី​សិទ្ធិស្ត្រី ​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូអេ​ថា ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈ​មាន​សារៈសំខាន់​ក្នុង​ការចូល​រួម​ចំណែក​គាំពារ​ដល់​ស្រ្តី និង​កុមារ​នៅ​កម្ពុជា ប៉ុន្តែ​អ្នកស្រី​ថា​ តួលេខ​ស្រ្តី​ក្នុង​ជួរថ្នាក់​ដឹកនាំ​បន្ទាប់​ពី​ការបោះឆ្នោត​ថ្មីៗ​នេះ​ នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ។

អ្នកស្រី​បន្ថែម​ដោយជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ​គួរតែ​អនុវត្ត​ទៅ​តាម​ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈ​ដែល​ចង​ក្រង​នោះ ដើម្បី​ឱ្យ​ផែន​ការ​នោះ​កាន់​តែ​មាន​ប្រសិទ្ធភាព។

អ្នកស្រី​ថ្លែងថា៖ «បង​នៅ​តែ​មាន​សង្ឃឹម​ថា ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​សហការ​គ្នា​ដូច​អ្វី​ដែល​តាំង​ចិត្ត ដូច​អ្វី​ដែល​បាន​ចារ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​ផែនការ​នោះ​ ប្រាកដ​ជា​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ ទៅ​លើ​ការជួយ​លើ​ស្រ្តី និង​កុមារ​នៅ​ប្រទេស​កម្ពុជា​»។

ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញកាលពីខែធ្នូ ឆ្នាំ​២០២០​បង្ហាញ​ថា​ នៅ​កម្ពុជា អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ជារឿយៗ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រចនា​សម្ពន្ធ​នៃ​របប​បិតា​ធិបតេយ្យ និង​និយាម​សង្គម​ដែល​នៅ​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​ដូច​ជាការ​កម្រិត​ពី​តួនាទី​យេនឌ័រ ឬ​ទស្សនៈ​ឱ្យ​តម្លៃ​ស្រ្តី​ដែល​ចេះ​ស្តាប់បង្គាប់​។ បញ្ហា​នេះ​អាចនាំ​ឱ្យ​មាន​អំពើ​ហិង្សា​ទាក់ទង​នឹង​យេន​ឌ័រ​នៅ​គ្រប់​ដំណើរការ​នៃ​ជីវិត នៅ​ផ្ទះ សហគមន៍ ឬ​នៅ​កន្លែង​ការងារ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG