ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញថា ការប្រើភាសាត្រឹមត្រូវអាចបន្ថយការរើសអើងនិងអំពើហិង្សាលើពលករចំណាកស្រុក


អ្នកជំនាញផ្នែកយេនឌ័រនិងពលករចំណាកស្រុក កំពុងពិភាក្សាអំពីការប្រើប្រាស់ពាក្យពេចន៍ពាក់ព័ន្ធនឹងពលករចំណាកស្រុកដោយត្រឹមត្រូវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកជំនាញផ្នែកយេនឌ័រនិងពលករចំណាកស្រុក កំពុងពិភាក្សាអំពីការប្រើប្រាស់ពាក្យពេចន៍ពាក់ព័ន្ធនឹងពលករចំណាកស្រុកដោយត្រឹមត្រូវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកជំនាញ​ផ្នែក​ស្រ្តី​ និង​យេនឌ័រ​លើកឡើងថា ការប្រើប្រាស់ពាក្យពេចន៍ពាក់ព័ន្ធនឹង​ពលករ​ចំណាក​ស្រុក​ដោយត្រឹមត្រូវ​ អាច​ជួយ​កាត់បន្ថយការ​រើសអើង និងអំពើហិង្សា​លើ​ពួកគេ។​

ការ​លើកឡើង​របស់​អ្នកជំនាញ​ពាក់ព័ន្ធនឹងការ​ប្រើ​ពាក្យពេចន៍អំពី​ពលករ​ចំណាកស្រុក​នេះ​ ធ្វើ​ឡើងក្នុង​ពិធី​សម្ពោធ​កម្រង​សន្ទានុក្រម​វាក្យសព្ទ​ស្តីអំពីទេសន្តរប្រវេសន៍​សម្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយផ្តោត​លើ​ពលករ​ទេសន្តរ​ប្រវេសន៍​ជាស្រ្តី និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣។​ សន្ទានុក្រម​នេះ​ចងក្រង​ដោយ​កម្មវិធី​សុវត្ថិភាព និង​យុត្តិធម៌​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ទីភ្នាក់ងារ​សហប្រជាជាតិ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្រ្តី (UN Women)​។

លោកស្រី Deepa Bharathi ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​ការិយាល័យ​ប្រចាំ​តំបន់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ថ្លែង​ក្នុង​ពិធីសម្ពោធ​នោះថា ​ពលករ​ចំណាក​ស្រុក​មាន​ឯកសារ​មានប្រមាណជា​ ១១,៦ លាន​នាក់​នៅ​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក។ ក្នុង​នោះ ពលករ​ជា​ស្ត្រី​ចំនួន៥,២លាននាក់។

លោកស្រី Deepa Bharathi ​បន្ថែម​ថា ពលករ​ចំណាក​ស្រុក​តែង​ប្រឈម​មុខ​នឹង​ការរើសអើង អំពើហិង្សា និងការយាយី​ក្នុង​ប្រទេសដើម និង​ប្រទេស​គោលដៅ​របស់​ពួកគេ ខណៈដែល​ពាក្យ​ពេចន៍ ឬភាសា​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ពួកគេ​ប្រសើរឡើង ឬ​កាន់តែ​ទាញ​ទម្លាក់ពួកគេ។

សន្ទានុក្រមវាក្យសព្ទ​ស្តីពី​ទេសន្តរប្រវេសន៍សម្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ មាន​៤៦​ទំព័រ និង​មាន​៨២​ពាក្យ ត្រូវ​បាន​បកប្រែ​ជាភាសាខ្មែរ មកពីច្បាប់​ដើម​ជា​ភាសា អង់គ្លេស​។ សន្ទានុក្រម​នេះ​ប្រើ​ជា​មគ្គុទេសន៍​សម្រាប់​អ្នកសារ​ព័ត៌មាន អ្នកស្រាវជ្រាវ អ្នកបណ្តុះ​បណ្តាល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ ឬសរសេរ​អត្ថបទ​អំពី​ទេសន្តរ​ប្រវេសន៍​ការងារ​របស់​ស្រ្តី និង​សម្រាប់​អ្នកដែល​សរសេរ​អត្ថបទអំពីអំពើ​ហិង្សា​លើស្រ្តី ក្នុង​បរិបទ​ទេសន្តរប្រវេសន៍​ ឬ​ចំណាក​ស្រុក។​ នេះ​បើ​តាម​សេចក្តីផ្តើម​ក្នុងសន្ទានុក្រម​។​

អ្នកស្រី ឃុន សុភា អ្នកសម្របសម្រួល​កម្មវិធី​ថ្នាក់ជាតិនៃ​ UN Women ប្រចាំ​កម្ពុជាថ្លែងក្នុង​កម្មវិធីនោះ​ថា ពាក្យ​ពេចន៍​ដែល​បុគ្គលម្នាក់ៗប្រើ មាន​ឥទ្ធិពល​ដល់​ផ្នត់គំនិត​របស់​បុគ្គល និង​សង្គម​ជាវិជ្ជមាន ឬអវិជ្ជមាន​។​ អ្នកស្រីថា ទាំងអស់គ្នា ជាពិសេស​អ្នកសារព័ត៌មាន និង​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម គួរ​តែ​ប្រើ​ពាក្យពេចន៍ ឬភាសា​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមានសម្រាប់​សង្គម ពិសេស​ក្នុង​បរិបទពលករ​ចំណាក​ស្រុក។​

អ្នកស្រី​បន្ថែម​ថា៖ «បងប្អូន​ពលករ​ចំណាក​ស្រុក​ជាស្រ្តី​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេងចំពោះ​សេដ្ឋកិច្ច​របស់ទាំងប្រទេស​គោលដៅ ក៏ដូចជាប្រទេស​របស់​ខ្លួន​ ប្រទេស​ដើម។ អ៊ីចឹងគឺឃើញ​ថា​ចាំបាច់​ដែល​ត្រូវមានការ​ទទួល​ស្គាល់ គឺ​ការ​ចូលរួម​ចំណែក​របស់​ពួកគាត់ ជាពិសេស​គឺ​ទិដ្ឋភាព​អំពើ​ហិង្សា​លើ​ស្រ្តី ក៏​ដូចជា អំពើ​ហិង្សា​លើ​យែនឌ័រ​ទៅទៀត​នោះ គឺរិត​តែសំខាន់​ទៅទៀត​ក្នុងការ​ប្រើប្រាស់នូវពាក្យពេចន៍ទាំងឡាយ​ណា​ដែល​មិនកាន់តែធ្វើ​ឱ្យស្រ្តី​ពលករ​ចំណាក​ស្រុក​ហ្នឹង​ ​ត្រូវ​បានរើសអើង​បន្ថែម​មួយ​ជាន់លើទៀត»។

រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។
រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

បើតាម​អ្នកស្រី ឃុន សុភា សន្ទានុក្រម​នេះ​នឹងផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ពាក្យដែល​ងាយ​ស្រួលប្រើ​ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលរបស់ពាក្យ​នីមួយៗទៅ​លើ​ពលករ​ចំណាក​ស្រុក។

ក្នុង​សន្ទានុក្រម​វាក្យសព្ទ​ស្តីពី​ទេសន្តរប្រវេសន៍សម្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ មាន​ការ​បញ្ជាក់​អំពីពាក្យ​មួយចំនួន​ដែល​គួរ​ប្រើ និង​ចៀសវាងប្រើ ដូចជា ចៀសវាង ប្រើ​ពាក្យ​ជន​ចំឡែកឬជន​ក្រៅ​ភព ដោយគួរប្រើពាក្យ​ថា​ពលករ​ទេសន្តរប្រវេសន៍ ឬ​ពលករ​ចំណាក​ស្រុក។ ចៀសវាង​ការប្រើ​ពាក្យ​អ្នកជួយ​ការងារ​ផ្ទះ ឬ​ឈ្នួល​បម្រើ មកជាពាក្យ អ្នក ឬកម្មករធ្វើការ​តាម​ផ្ទះ និង​ជៀសវាង​ការ​ប្រើពាក្យ​ជនរងគ្រោះ មកជា​ពាក្យ​អ្នកដែល​រស់រាន​ពី​អំពើហិង្សា​ជាដើម។

បើតាម​របាយការណ៍​របស់ក្រសួង​ការងារ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០២២ ពលករចំណាក​ស្រុកមាន​ឯកសារដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មានចំនួន​ជាង១លាន​៣សែននាក់ ក្នុង​នោះ​ពលករ​ជាស្រ្តី​មាន​ប្រមាណជា​៤០​ភាគ​រយ។

លោកស្រី ញាណ សុចិត្រា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃក្រសួងកិច្ចការនារី​លើក​ឡើងថា ពលករ​ចំណាក​ស្រុក​ពីកម្ពុជា​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ​ហើយ​ពលករជាស្រ្តី​ក៏​មានការ​កើនឡើង​ផង​ដែរ។ អ្នកស្រី​ថា ពួកគេ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​ប្រទេស​កំណើត និង​ប្រទេស​គោលដៅ ព្រមទាំង​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​ថា ពួកគេ​បែរ​ជាត្រូវ​បាន​ផ្តល់តម្លៃ​ទាប​ទៅវិញ។​

លោកស្រី ញាណ សុចិត្រា បន្ថែម​ថា អ្នកសារព័ត៌មាន​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​រាយការណ៍​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​ក្នុង​ចំណោម​សាធារណជនអំពី​សារៈសំខាន់​នៃការទប់ស្កាត់ការ​ជួញដូរ​មនុស្ស និង​ការការពារ​ពលករ​ចំណាក​ស្រុក។ ​

លោកស្រីថ្លែងថា៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បង​ប្អូន​ដែល​ជា​អ្នកសារព័ត៌មាន ​សូមមេត្តា​អាន​នូវក្រម​សីលធម៌​ហ្នឹង ថាតើ​ ក្នុងនាម​យើង​ជាអ្នកផ្តល់​សារជូន​ប្រជាជន យើង​ផ្តល់​សារ​មាន​ន័យ​ថា​យើង​ចង់​ផ្តល់​ព័ត៌មាន និង​ចំណេះ​ដឹងជូនប្រជាជន អ៊ីចឹង​គួរ​តែ​អាន​សារ ត្រូវ​តែអាន​សារ​ហ្នឹង ​ហើយ​គោរពការ​សរសេរ​សារព័ត៌មាន​របស់​យើង​ហ្នឹង»។

ក្នុងរបាយការណ៍​របស់​អង្គការសហប្រជាជាតិចេញកាលពីខែសីហា ឆ្នាំ២០២១​ ការធ្វើ​ចំណាក​ស្រុកអាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់ខែខ្ពស់ និង​ជាប្រភព​ចំណូលដ៏​សំខាន់​សម្រាប់​ស្ត្រី។ ប៉ុន្តែ​ស្ត្រី​ជា​ពលករ​ចំណាក​ស្រុកក៏ប្រឈម​នឹងការរើសអើង​ជាលក្ខណៈ​ប្រព័ន្ធ ហើយ​បញ្ហា​ប្រឈម និង​ឧបសគ្គ​ជាច្រើន បាន​រា​រាំង​ពួកគេ​មិន​ឱ្យ​ស្វែង​រក​ជំនួយ ​ទាំង​តាមរយៈ​បណ្តាញផ្លូ​វការ និង​ក្រៅផ្លូវការ ថែមទាំងមិនដឹង​ថា ត្រូវស្វែងរកសេវាកម្មដែលមានការគាំទ្រ​នៅ​ទីណា​ជាដើម។ របាយការណ៍​បន្ថែម​ថា ការរើសអើងនេះបង្កជាគ្រោះថ្នាក់ ជាពិសេស​នៅ​ពេល​ប្រែ​ទៅ​ជា​អំពើ​ហិង្សាដែលនឹងធ្វើឱ្យ ប៉ះពាល់ដល់ សេដ្ឋកិច្ច សង្គម និងបុគ្គល​៕​

XS
SM
MD
LG