ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ថា​ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក


បាតុករ​ម្នាក់​ដែល​រក្សា​គម្លាត​ពី​បាតុករ​ដទៃ​ទៀត​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កាន់​បដា​ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​ច្បាប់​ប្រឆាំង​ភេរវកម្ម​នៅ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។
បាតុករ​ម្នាក់​ដែល​រក្សា​គម្លាត​ពី​បាតុករ​ដទៃ​ទៀត​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កាន់​បដា​ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​ច្បាប់​ប្រឆាំង​ភេរវកម្ម​នៅ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​កំពុង​ទទូច​ឲ្យ​ពិភពលោក​យក​សិទ្ធិមនុស្ស​ជាអាទិភាពនិង​សំខាន់​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ងើប​ពី​វីរុស​កូរ៉ូណា​ដើម្បី​សម្រេច​បាន​អនាគត​ល្អ​ប្រសើរ​សម្រាប់​ពល​រដ្ឋ​របស់​ខ្លួន។​

នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លោក​អគ្គលេខាធិការ​អ.ស.ប.​ Antonio Guterres ​បាន​និយាយ​ថា​ជំងឺ​រាតត្បាត​កូវីដ១៩មាន​ផលប៉ះពាល់​ច្រើន​ជាង​គេ​លើ​ក្រុម​ងាយ​រងគ្រោះ​រួម​មាន​ បុគ្គលិក​ជួរមុខ​ មនុស្ស​ចាស់​ ជនពិការ​ស្ត្រី​និង​ក្មេងស្រីហើយនឹង​ជនជាតិ​ភាគតិច។​

លោក ​Guterres ​បាន​និយាយ​ថា៖​ «វីរុស​នេះ​បាន​រីកលូតលាស់​តាមរយៈ ​ភាពក្រីក្រ​វិសមភាព​ការរើសអើង​ការបំផ្លាញ​បរិស្ថាន​ធម្មជាតិ​ហើយ​បរាជ័យ​ខាង​សិទ្ធិ​មនុស្ស​ដទៃទៀត​បាន​បង្កើត​ឱ្យ​មាន​ភាពផុយស្រួយ​នៅ​ក្នុង​សង្គម​របស់​យើង»។​ លោក​ថ្លែង​ដូច្នេះ​ជា​ការឆ្លើយតប​នឹង​វិធានការ​គាប​សង្កត់​របស់​មេដឹកនាំ​ដែល​យក​វីរុស​ជា​លេស​ដាក់​វិធានការ​សន្តិសុខ​ធ្ងន់ដៃ​និង​ប្រើ​វិធានការ​គាបសង្កត់​រឹតត្បិត​សេរីភាព​ពលរដ្ឋ​និង​សេរីភាព​សារព័ត៌មាន។​

នៅ​ក្នុង​សុន្ទរកថាកាលពី​ថ្ងៃពុធ​នៅ​ទីក្រុង​ហ្សឺណែវ​លោកស្រី​ Michelle Bachelet ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិបាន​និយាយ​ថាបរាជ័យ​របស់​ប្រទេស​ជាច្រើន​មិន​បាន​ចាត់វិធានការ​ប្រឆាំងវីរុស​នេះ​ឲ្យ​ច្បាស់​លាស់និងឆាប់​រហ័ស​ដើម្បី​បង្ការ​ការរីករាលដាល​វីរុស​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​នៅជុំវិញ​ពិភពលោក​រួមទាំង​សេដ្ឋកិច្ច​សិទ្ធិ​ពលរដ្ឋនិង​សិទ្ធិ​នយោបាយ។​

លោកស្រី​ Bachelet ​បាន​មាន​ប្រសាសន៍​ថា៖ ​«ការយក​ជំងឺ​រាតត្បាត​ធ្វើ​នយោបាយ​តាម​វិធី​នេះ​គឺមិន​អាច​ទទួល​យក​បាន​ទេ​ហើយគួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។​ភស្តុតាង​និង​ដំណើរការ​ខាង​វិទ្យាសាស្ត្រ​មិន​ត្រូវ​បាន​គេអើពើ​ហើយ​ទ្រឹស្តី​ឃុបឃិតគ្នា​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ត្រូវ​បាន​គេ​សាបព្រួស​និង​អនុញ្ញាត​ឲ្យ​ឬលើក​ទឹកចិត្ត»៕

XS
SM
MD
LG