ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​កុមារ​ជិត​៥០០​លាន​នាក់​មិន​អាច​រៀន​ពី​ចម្ងាយ​បាន


សិស្ស​បឋមសិក្សាពាក់ម៉ាស់ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ក្នុងទីក្រុង Godley​ រដ្ឋ Texas កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២០។
សិស្ស​បឋមសិក្សាពាក់ម៉ាស់ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ក្នុងទីក្រុង Godley​ រដ្ឋ Texas កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២០។

ខណៈ ដែល​ចំនួន​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​សរុប​លើស​២៤​លាន​នាក់ ដោយ​រួម​មាន​អ្នក​ស្លាប់​ជាង​៨២៤.០០០ផង​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​សីហា​ អង្គការ​មូលនិធិ​កុមារ​UNICEF របស់​អង្គការ​សហប្រជាជាតិ​បាននិយាយ​ថា ជិត​១​ភាគ​៣​នៃ​សិស្ស​សាលា​ទាំង​អស់មិន​មាន​លទ្ធភាព​រៀន​ពី​ចម្ងាយ​បាន​ទេ។​

របាយការណ៍​មួយរបស់​ UNICEF ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ក្នុង​ចំនួន​កុមារ​១.៥០០​លាន​នាក់​ដែល​មិន​អាច​ចូល​រៀន​នៅ​តាម​ថ្នាក់​រៀន​បាន មាន​៤៦៣​លាន​នាក់​ដែល​មិន​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​បន្ត​ការ​សិក្សា​តាម​ទូរទស្សន៍​វិទ្យុ ឬ​អ៊ីនធឺណិត​បាន។

អង្គការ ​UNICEF ថា​ជិត​ពាក់​កណ្តាល​នៃ​កុមារ​នៅ​តំបន់​តំបន់​ភាគ​ច្រើន​នៃទ្វីប​អាហ្វ្រិក​មិន​អាច​រៀន​ពី​ចម្ងាយ​បាន​ទេ ហើយចំណែក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​មាន​កុមារ​ប្រមាណ​២០០​លាន​នាក់​មិន​មាន​លទ្ធភាព​រៀនសូត្រ​នៅ​ក្រៅ​ថ្នាក់រៀន​បាន។

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ដាក់​រដ្ឋ Rakhine នៅ​ភាគ​ពាយ័ព្យ​ប្រទេសឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បិទ​សកម្មភាព​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​មាន​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩។

ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ជាង​១០០​ករណី​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ ករណី​ភាគ​ច្រើន​ចេញ​ពី​រដ្ឋ​ Rakhine ដែល​មាន​ប្រជាជន​៣​លាន​នាក់ និង​ប្រព័ន្ធ​សុខាភិបាល​ទន់​ខ្សោយ។

រដ្ឋ​ Rakhine ​ក៏​ជា​រដ្ឋ​កំណើត​របស់​ជនភៀស​ខ្លួន​ជនជាតិ Rohingya រាប់​សែន​នាក់​ដែល​បាន​រត់​គេច​ពីការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​មីយ៉ាន់ម៉ា​និង​ក្រុម​កម្លាំង​ឧទ្ទាម​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ៕

XS
SM
MD
LG