ការប្រយុទ្ធគ្នាចាប់ផ្តើមតាំងពីដើមខែវិច្ឆិការវាងកងទ័ពប្រទេសអេត្យូពី និងកងកម្លាំងរដ្ឋាភិបាលក្នុងតំបន់ Tigray បានបណ្តាលឲ្យជនស៊ីវិលស្លាប់ និងបង្កការខូចខាតផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនឡើង។ សេចក្តីរាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សទ្រង់ទ្រាយធំបានធ្វើឲ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួនដើម្បីសុវត្ថិភាព។
ជនជាតិអេត្យូពីជិត ៣ ម៉ឺននាក់ បានរត់គេចទៅប្រទេសស៊ូដង់ ហើយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា មនុស្សកាន់តែច្រើនកំពុងធ្វើដំណើរ។ ការប្រយុទ្ធគ្នានេះកំពុងកើតឡើងនៅភាគខាងកើតនៃទ្វីបអាហ្វ្រិកក្នុងតំបន់មួយ ដែលត្រូវបានស្គាល់ថា «តំបន់ជ្រោយខាងកើតទ្វីបអាហ្វ្រិក ឬ horn of Africa»។
ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Michelle Bachelet រៀបរាប់ពីស្ថានភាពដែលកាន់តែយ៉ាប់យឺនខ្លាំងក្នុងតំបន់ Tigray។ អ្នកនាំពាក្យរបស់អ្នកស្រី គឺលោក Rupert Colville និយាយថា អ្នកស្រីមានការរំខានចិត្តដោយរបាយការណ៍មួយរបស់អង្គការ Amnesty International ដែលរាយការណ៍ពីការសម្លាប់រង្គាលក្នុងទីក្រុង Mai-Kadra ភាគនិរតីនៃតំបន់ Tigray។
លោកនិយាយថា របាយការណ៍នេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ ហើយអ្នកស្រីឧត្តមស្នងការកំពុងស្នើឲ្យមានការសាកសួរឲ្យបានពេញលេញ ដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើង។
លោក Colville ថ្លែងថា៖ «បើសិនជាត្រូវបានបញ្ជាក់ថា ការសម្លាប់រង្គាលនេះត្រូវបានធ្វើឡើងដោយចេតនាដោយក្រុមមួយក្នុងការប្រយុទ្ធបច្ចុប្បន្ន ការសម្លាប់ជនស៊ីវិលទាំងនេះពិតណាស់នឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម ហើយការស៊ើបអង្កេតឯករាជ្យមួយនិងការទទួលខុសត្រូវពេញទំហឹងនឹងត្រូវធ្វើឡើង។ ទោះយ៉ាងនេះក្តី អាទិភាពដំបូងពេលនេះ គឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នានិងទប់ស្កាត់អំពើឃោរឃៅណាមួយ មិនឲ្យកើតឡើងទៀត»។
អង្គការ Amnesty បាននិយាយថា រូបថតនិងវីដេអូនៅទីតាំងនោះបង្ហាញមនុស្សរាប់រយនាក់ត្រូវបានចាក់ ឬកាប់ដល់ស្លាប់។ អង្គការនោះនិយាយថា ជនរងគ្រោះហាក់ដូចជាកម្មករធ្វើការពេលថ្ងៃ ហើយមិនមានទំនាក់ទំនងជាមួយនឹងប្រតិបត្តិការរបស់យោធាទេ។
លោក Colville និយាយថា អ្នកស្រីឧត្តមស្នងការក៏ទទួលបានរបាយការណ៍ពីការកើនឡើងនៃការវាយប្រហារតាមអាកាស ដោយកងកម្លាំងរបស់រដ្ឋាភិបាលប្រទេសអេត្យូពី និងការប្រយុទ្ធយ៉ាងសាហាវរវាងកងកម្លាំងយោធា។ លោកនិយាយថា អ្នកស្រី Bachelet ក៏ភ្ញាក់ផ្អើលនឹងរបាយការណ៍ស្តីពីកាត់ផ្តាច់ទឹក អគ្គិសនី ក៏ដូចជាមធ្យោបាយប្រាស្រ័យទាក់ទងគ្នាផ្សេងៗទៀតផងដែរ។
លោកនិយាយថា អ្នកស្រី Bachelet កំពុងស្នើសុំជាថ្មីឲ្យភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធគ្នានិងចាប់ផ្តើមធ្វើការចរចា។
លោក Colville ថ្លែងថា៖ «អ្នកស្រីឧត្តមស្នងការកំពុងអំពាវនាវយ៉ាងខ្លាំងក្លា ទៅកាន់ភាគីទាំងសងខាង ដើម្បីឲ្យពួកគេដឹងថា វានឹងមិនមានអ្នកឈ្នះទេក្នុងស្ថានភាពបែបនេះ ហើយអ្នកស្រីស្នើឲ្យពួកគេចាប់ផ្តើមការសន្ទនាឲ្យបានច្បាស់លាស់មួយ ដោយគ្មានការអូសបន្លាយពេលវេលា។ អ្នកស្រីឧត្តមស្នងការក៏បានព្រមានថា ជម្លោះផ្ទៃក្នុងដែលអូសបន្លាយនឹងបណ្តាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ភាគីទាំងពីរ ទាំងរដ្ឋាភិបាលនៅតំបន់ Tigray និងរដ្ឋាភិបាលអេត្យូពីទាំងមូល ហើយថែមទាំងបំផ្លាញវឌ្ឍនភាពនៃការអភិវឌ្ឍដ៏សំខាន់ជាច្រើនឆ្នាំមកនេះ»។
លោក Colville និយាយថា អ្នកស្រីឧត្តមស្នងការភ័យខ្លាចពីផលប៉ះពាល់ ប្រសិនបើរដ្ឋាភិបាលតំបន់ Tigray និងរដ្ឋាភិបាលអេត្យូពីមិនយកចិត្តទុកដាក់ទៅលើការព្រមានរបស់អ្នកស្រី។ បើសិនជាការប្រយុទ្ធនៅតែបន្ត លោកនិយាយថា អ្នកស្រីឧត្តមស្នងការខ្លាចថា ជម្លោះនោះរីករាលដាលចេញហួសព្រំដែនប្រទេស និងអាចបង្កអស្ថិរភាពនៅតំបន់អាហ្វ្រិកខាងកើត៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ