ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ​នឹង​បង្ហាញ​របាយ​ការណ៍​អំពី​«ការ​បំភិត​បំភ័យ»​ក្នុង​ប្រទេស​កម្ពុជា


រូបឯកសារ៖ លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​សុន្ទរកថា​នៅ​ទីស្នាក់ការ​អង្គកា​រសហប្រជាជាតិ​ ទីក្រុងញូវយ៉ក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​សុន្ទរកថា​នៅ​ទីស្នាក់ការ​អង្គកា​រសហប្រជាជាតិ​ ទីក្រុងញូវយ៉ក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក ​António Guterres ​នៅ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​នឹង​រាយ​ការណ៍​អំពី​ការ​បំភិត​បំភ័យ​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា ​ដែល​ពលរដ្ឋ​ទាំង​នោះ​បាន​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​វេទិកា​នានា ​ហើយ​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​នគរបាល​ និង​អាជ្ញាធរ​មូលដ្ឋាន។​

នេះ​ជា​របាយ​ការណ៍​បង្ហាញ​ពី​ប្រទេស​ប្រមាណ​៤០ ​ដែល​អង្គការ​សហ​ប្រជាជាតិ​រក​ឃើញ​ថា​ មាន​ការ​បំភិត​បំភ័យ​ចំពោះ​អ្នក​ដែល​ចូលរួម​កម្មវិធី​នានា​ដែល​សហការ​រៀបចំ​ដោយ​ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ។​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ​លោក​ស្រី ​រ៉ូណា ស្មីត ​(Rhona Smith) ​នៅ​ថ្ងៃ​អង្គារ​នេះ។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ​មាន​កម្ពុជា ​ចិន​ ថៃ​ ឡាវ ​និង​វៀតណាម។​

សារ​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ដឹង​ថា​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ស្តីពី​«ការ​បំភិត​បំភ័យ​និង​ការ​សង​សឹក»​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​អ្នក​ដែល​បាន​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ តំណាង​ និង​យន្តការ​របស់​អង្គការ​ពិភពលោក​នេះ​នៅ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស។​

លោកស្រី​រ៉ូណា ស្មីត​បញ្ជាក់​ថា៖ ​«នៅ​ប្រទេស​កម្ពុជា​ លោក​អគ្គ​លេខាធិការ​បាន​គូស​បញ្ជាក់​ពី​ឧទាហរណ៍​នៃ​ការ​សង​សឹក ​និង​ការ​បំភិត​បំភ័យ​ដែល​ធ្វើ​ឡើង​ដោយ​មន្រ្តី​សន្តិសុខ​ប្រឆាំង​នឹង​អ្នក​ដែល​ចូលរួម​ធ្វើ​ការងារ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ»។​

បើ​តាម​របាយ​ការណ៍ ​នៅ​ខែ​សីហា​ឆ្នាំ​២០១៩​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​កត់​សម្គាល់​ថា​លោកស្រី​បាន​ទទួល​របាយ​ការណ៍​ជា​ច្រើន​អំពី​មន្ត្រី​នគរ​បាល​មូលដ្ឋាន​ដែល​មិន​បាន​អញ្ជើញ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល ​ឬ​ការ​ប្រជុំ ​ ​ប៉ុន្តែ​ពួក​គេ​បាន​មក​ថត​រូប ​សាក​សួរ​អំពី​អ្នក​រៀប​ចំ និង​របៀប​វារៈ ​ឬ​ទាមទារ​ព័ត៌មាន​ពី​អ្នក​ចូលរួម ​ ហើយ​នឹង​សាក​សួរ​អំពី​តំណាង​សង្គម​ស៊ីវិល ហើយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ខ្លាំង។​

របាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ​ ក្នុង​ខែ​សីហា​ដដែល​នេះ​ ​មន្រ្តី​ប៉ូលិស​បាន​មក​ដល់​វគ្គ​បណ្តុះ​បណ្តាល​ក្នុង​ខេត្ត​កំពង់ធំ​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ ​ ពួក​គេ​បាន​ទាមទារ​សុំ​មើល​របៀប​វារៈ ​បញ្ជី​ឈ្មោះ​អ្នក​ចូល​រួម​ និង​បាន​ព្យាយាម​ថតរូប​អ្នក​ចូល​រួម។​

ចំណែក​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​មុន​កិច្ច​ប្រជុំ​នៅ​ខេត្ត​ព្រះ​សីហនុ​ រវាង​សង្គម​ស៊ីវិល​កម្ពុជា​និង​ក្រុម​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា មន្ត្រី​នគរបាល​បាន​ទាមទារ​រក​លិខិត​អនុញ្ញាត​ឲ្យ​បើក​កិច្ច​ប្រជុំ។​ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ។ ​ទោះ​ជា​យ៉ាង​ក៏ដោយ​ នៅ​ថ្ងៃ​បន្ទាប់ មន្ត្រី​នគរបាល​បាន​មក​ទាមទារ​ព័ត៌មាន​លម្អិត​អំពី​សកម្ម​ភាព ​និង​ឈ្មោះ​អ្នក​ចូលរួម​ពី​អង្គការ។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ។​

នៅ​ក្នុង​របាយ​ការណ៍​របស់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក​សូម​លើក​ទឹក​ចិត្ត​ដល់​រដ្ឋ​ទាំង​ឡាយ​ឲ្យ​សម្តែង​ជា​សាធារណៈ​នូវ​ការ​គាំទ្រ​ដោយ​ច្បាស់​លាស់​ចំពោះ​សិទ្ធិ​ និង​ការ​ប្រាស្រ័យ​ទាក់​ទង​ទាំង​អស់​ជាមួយ​ស្ថាប័ន​អន្តរជាតិ ​ដោយ​មិន​មាន​ការ​រារាំង។​ លោក​ក៏​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋ​ជា​សមាជិក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​មន្ត្រី​សាធារណៈ ​និង​តួអង្គ​រដ្ឋ​ដទៃ​ទៀត​«អំពី​ការ​សងសឹក ​និង​ការ​បំភិត​បំភ័យ»​ រួម​ទាំង​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​និង​ចេញ​សេចក្តី​ណែនាំ​ផ្ទៃ​ក្នុង។​

អ្នក​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ធំ ​លោក ​សុខ រដ្ឋា ​មាន​ប្រសាសន៍​ថា​ កន្លង​ទៅ ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នៅ​តាម​មូលដ្ឋាន​ស្តីពី​សិទ្ធិ​មនុស្ស​ត្រូវ​បាន​មន្រ្តី​នគរបាល​ថ្នាក់​ក្រោម​មក​សួរ​នាំ​រក​បញ្ជី​ឈ្មោះ ​ចង់​ដឹង​ពី​ប្រធាន​បទ​ និង​ថត​រូប​វីដេអូ​ផ្សេងៗ។​លោក​បន្ត​ថា​ ពួក​គេ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់​លាស់​នៃ​ការ​ធ្វើ​សកម្ម​ភាព​បែប​នេះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ជា​ការណ៍​ពិត​ យើង​មិន​ដឹង​ថា​ សកម្ម​ភាព​ហ្នឹង​ គាត់​ចុះ​ទៅ​ក្នុង​គោល​បំណង​អី​ឲ្យ​ច្បាស់​លាស់​ទេ​ព្រោះ​អី​យើង​បាន​សួរ​គាត់​ដែរ​ថា​ គាត់​មក​ហ្នឹង​ មក​ធ្វើ​អី?​អ្នក​ណា​បញ្ជា?​ហើយ​យក​រូបភាព​ហ្នឹង​ទៅ​ណា?គាត់​គ្មាន​បក​ស្រាយ​អី​ទេ។​ គាត់​គ្រាន់​តែ​បញ្ជាក់​ថា​គាត់​មក​តាម​មេ​ដែល​បញ្ជា​ឲ្យ​មក»។​

លោក​បន្ថែម​ថា​ នេះ​ជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ និង​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«មែន​ទែន​ទៅ​សកម្ម​ភាព​ហ្នឹង​ វា​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ហើយ ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គាត់​មាន​សិទ្ធិ​សេរី​ភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។​

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២០​នេះ ករណី​នៃ​ការ​ចុះ​សួរ​នាំ​និង​ថត​រូប​នេះ​ក៏​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កោះកុង​ផង​ដែរ។​នេះ​បើ​យោង​តាម​អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​កោះកុង​ លោក​ថោង ច័ន្ទដារ៉ា។​

លោក​មាន​ប្រសាសន៍​ថា​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ «ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ»​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ជី​ខ​ក្រោម​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ​ ត្រូវ​បាន​តាម​ដាន​ដោយ​កម្លាំង​អាជ្ញាធរ ​ដោយ​ពួក​គេ​ចុះ​មក​ថត​រូប ​និង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ។​

លោក ​ហ៊ុន ស៊ាងហាក់ ​អ្នក​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា ​ការ​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ជួប​ជុំ​គឺ​ជា​ការ​រំខាន​ និង​ជ្រៀត​ជ្រែក​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «កាល​ណា​រដ្ឋាភិបាល​ ឬ​ក៏​អាជ្ញាធរ​តែង​ទៅ​សួរ​នាំសួរ​អី​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច​ចូល​រួម​អនុវត្ត​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​គាត់។​កាល​ណា​គាត់​មាន​ការ​ភិត​ភ័យ​ អ៊ីចឹងហើយ​វា​អាច​ប៉ះពាល់​ដល់​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ហើយ»។​

លោក​បន្ថែម​ថា​ ក្នុង​រយៈ​ពេល​១២​ខែ​ គឺ​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​២០១៩​ ដល់​ខែ​មីនា​ឆ្នាំ​២០២០​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​អង្គការ​សង្គមស៊ីវិល​ផ្សេង​ទៀត​បាន​កត់​ត្រា​«ការ​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់»​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​ចំនួន​១៣២​ដង​ លើ​មនុស្ស​៣៧៩​នាក់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​ និង​មិន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ។ ​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​គឺ​ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​ពី​សំណាក់​រដ្ឋាភិបាល ​ឬ​ស្ថាប័ន​តុលាការ​ក្នុង​ទម្រង់​ជា​ទណ្ឌកម្ម​ផ្នែក​ព្រហ្មទណ្ឌ​ដូច​ជា​ការ​កោះ​ហៅ​មក​សាក​សួរ​ ឬ​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ដោយ​តុលាការ។​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​យុទ្ធ​សាស្រ្ត​មួយ​ក្នុង​ការ​បំភិត​បំភ័យ​បុគ្គល​ទាំង​ឡាយ​ តួអង្គ​សង្គម​ស៊ីវិល​ ថ្នាក់​ដឹកនាំ​សហគមន៍​ អ្នក​កាសែត ​អ្នក​ផ្សាយ​ព័ត៌មាន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​នៅ​ស្ងៀម​ស្ងាត់។​

អ្នក​នាំពាក្យ​របស់​ក្រសួង​មហា​ផ្ទៃ ​លោក ​ខៀវ សុភ័គ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មិន​បាន​បញ្ជា​ឲ្យ​មាន​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​ជួប​ជុំ​នៅ​តាម​មូល​ដ្ឋាន​នោះ​ទេ ​ប៉ុន្តែ​លោក​ថា​ នេះ​ជា​រឿង​ធម្មតា​ដែល​អាជ្ញាធរ​ត្រូវ​ដឹង​ថា​ ការ​ជួប​ជុំ​អំពី​អ្វី ​ហើយ​ត្រូវ​ពិនិត្យ​ជន​បរទេស​ដែល​ចូលរួម។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន្តែ​ការ​សួរ​នាំ​របស់​អាជ្ញាធរ​ចំពោះ​សកម្ម​ភាព​ស្អី​មួយ​ជា​រឿង​ធម្មតា​ក្នុង​ការ​គ្រប់​គ្រង​សង្គម​ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​ច្បាប់។ ​ចុះ​បើ​យើង​ទៅ​ធ្វើ​អី​ប៉ាតណា​ប៉ាតណីមិន​ឲ្យ​អាជ្ញាធរ​ដឹង​ អា​ហ្នឹង​ជា​ប្រទេស​ជា​ស្អី​វិញ»។​

លោក​បន្ថែម​ថា៖​ «មិន​មែន​ជា​អ្នក​ដទៃ​ឯណា!​ អ្ហេ! ​ បើ​សិន​យួន​ទៅ​សួរ!ខ្មែរ​សួរ​ខ្មែរ​ពិបាក​ស្អី​ហ្នុង។ ​ យើង​បរទេស​ទៅ​ទៀត​អ្នក​ខ្លះ​....​ ដើរ​ចូល​ស្រុក​គេ​មិន​ឲ្យ​គេ​សួរ ​ឆែក​កាត​ម៉េច​កើត!»។​

អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​រូប​នោះ​បន្ត​ថា​ អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​សរសេរ​របាយ​ការណ៍​រិះគន់​ថា​ មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​តាំង​តែ​ពី​ដើម​មក​ ដែល​លោក​ថា​ គេ​ធ្វើ​របាយ​ការណ៍​បែប​នេះ​ ដើម្បី​ទទួល​បាន​ប្រាក់​ពី​ម្ចាស់​ជំនួយ។​

លោក​បញ្ជាក់​ថា៖​ «អាហ្នឹង​គឺ​ជា​កាតព្វកិច្ច​និង​ភារកិច្ច​របស់​គាត់​ដើម្បី​លើក​ថា​ អ៊ីចឹង។ ​បើ​មិន​អ៊ីចឹង​ទេ​យក​លុយ​ពី​គេ​ចាយ​ហើយ​អត់​មាន​របាយ​ការណ៍​គាប​សង្កត់​ គេ​ម៉េច​ឲ្យ​លុយ​គាត់​ទៀត»។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ជិន ម៉ាលីន​មាន​ប្រសាសន៍​ថា​ ការ​ចង​ក្រង​របាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ​និង​អង្គការ​សិទ្ធិ​មនុស្ស​«មិន​គ្រប់​ជ្រុង​ជ្រោយ ​ហើយ​ក៏​មិន​ឆ្លើយ​តប​នឹង​ស្ថានភាព​ពិត​ជាក់​ស្តែង​ដែរ»។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ព័ត៌មាន​ទទួល​បាន​តែ​មួយ​ជ្រុង​គឺ​ទទួល​បាន​តែ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នោះ ​ ក៏​ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ជួប​ជជែក​ជាមួយ​អាជ្ញាធរ​ ជាមួយ​សមត្ថកិច្ច ​និង​ធ្វើ​ការ​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ធ្វើ​ការ​សន្និដ្ឋាន​ទេ»។​

គួរ​បញ្ជាក់​ថាក្រោយ​ការ​ចាប់​ខ្លួន​មនុស្ស​ជិត​២០​នាក់ ​ចាប់​តាំង​ពី​ចុង​ខែ​កក្កដា ​ ដែល​រួម​មាន​មេ​ដឹក​នាំ​សហ​ជីព​លោក​ រ៉ុង ឈុន ​និង​អ្នក​ចូលរួម​ទាម​ទារ​រក​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន​នោះតំណាង​សហគមន៍​អន្តរជាតិ ​ក្នុង​នោះ​មាន​លោក​ស្រី​ Ravina Shamdasani ​អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ក៏​បាន​ថ្លែង​បរិហារ​ការ​បង្ក្រាប​នៅ​កម្ពុជា​ផង​ដែរ។​លោកស្រី​បាន​អធិប្បាយ​ថា៖​ «ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ការ​ចងក្រង​សមាគម»៕

XS
SM
MD
LG