ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​រងគ្រោះ​នឹង​រំឭក​ខួប​៦ឆ្នាំ​នៃ​ការ​បង្រ្កាប​ហិង្សា​​លើ​កម្មករ​កាត់​ដេរ


រូប​ឯកសារ៖ សមត្ថកិច្ច​បង្ក្រាប​​កុប្បកម្ម​ត្រៀម​ប្រឈម​មុខ​នឹង​កម្មករ​រោងចក្រ​ដែល​គប់​ដុំ​ថ្ម​និង​ឥដ្ឋ​នៅ​ជិត​រោងចក្រ​មួយ​នៅ​តំបន់​ស្ទឹងមានជ័យ​ កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើង​ហើយ​ក្លាយ​ជា​ហិង្សា​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ២០១៤នោះ​បាន​បង្ក​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​​ក្នុង​ហេតុការណ៍​ដែល​កង​កម្លាំង​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១បាន​បើក​ការ​បាញ់​រះ​មក​លើ​ក្រុម​អ្នក​តវ៉ា។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ និង​ការ​ងារ​ នឹង​ប្រារព្ធ​ខួប​ទី​៦នៃ​ព្រឹត្តិការណ៍​បង្រ្កាប​ដ៏​ហិង្សា​លើ​ក្រុម​កម្មករ​ដោយ​កម្លាំង​ប្រដាប់​អាវុធចម្រុះ​លើ​ផ្លូវ​វេងស្រេង​និង​តំបន់​រោង​ចក្រ​កាត់​ដេរ​ផ្សេង​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ជន​រងគ្រោះ​ពីការ​បង្រ្កាប​នោះ។

ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅ​ការិយាល័យ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស​ (Central) ​ដែល​នឹង​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០។

លោក វន់​ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​កាត់ថា IDEA ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្នុង​នាម​លោក​ជា​ជន​រង​គ្រោះ​ពី​ការ​វាយ​ដំ​របស់​ក្រុម​យោធា​នោះ​លោក​មិន​អាច​បំភ្លេច​បាន​ទេ​ អំពើ​ហិង្សា​ដែល​បាន​ធ្វើ​មក​លើ​រូប​លោក​ និង​កម្មករ​ឯ​ទៀត​ដែល​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​សម្រាប់​កម្មករ​កាត់​ដេរ។

លោក​បញ្ជាក់​ថា៖ «​រឿង​ដែល​យើង​មិន​អាច​បំភ្លេច​បាន​ គឺ​ការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​ទាហាន​ឆ័ត្រ​យោង​៩១១​ មក​លើ​រូប​ខ្ញុំ​ ដែល​វាយ​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត​ ហើយ​នៅ​ស្លាក​ស្នាម​នៅ​ របួស​នៅ​លើ​ក្បាល​ខ្ញុំ​ជាប់​នៅ​ឡើយ​ ដែល​យើង​មិន​អាច​បំភ្លេច​បាន។ ហើយ​រឿង​មិន​អាច​បំភ្លេច​មួយ​ទៀត​គឺ​ ការណ៍​ដែល​គេ​យក​យើង​ទៅ​ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ អា​ហ្នឹង​ហើយ​ជា​រឿង​ដែល​យើង​មិន​អាច​បំភ្លេច​បាន​»។

រូបឯកសារ៖ កម្មករ​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដោយ​នគរបាល​បង្ក្រាប​កុបកម្ម ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត៖ Reuters)
រូបឯកសារ៖ កម្មករ​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដោយ​នគរបាល​បង្ក្រាប​កុបកម្ម ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត៖ Reuters)
រូប​ឯកសារ៖ កម្មករ​ម្នាក់ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ (Reuters)
រូប​ឯកសារ៖ កម្មករ​ម្នាក់ដែល​បាន​ចូលរួម​បាតុកម្ម​ត្រូវ​បាន​កង​កម្លាំង​បង្ក្រាប​កុប្បកម្ម​ចាប់​និង​នាំ​ខ្លួន​ក្រោយ​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ (Reuters)

បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើង​ហើយ​ក្លាយ​ជា​ហិង្សា​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ២០១៤នោះ​បាន​បង្ក​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏​បាន​រង​របួស​ក្នុង​ហេតុការណ៍​ដែល​កង​កម្លាំង​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១បាន​បើក​ការ​បាញ់​រះ​មក​លើ​ក្រុម​អ្នក​តវ៉ា។

ការ​បាញ់​ប្រហារ​ពី​ក្រុម​ទាហាន​ឆ័ត្រ​យោង​៩១១ ដែល​ត្រូវគេ​ដឹង​ថា​ ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេង​ទៀត បាន​កើត​ឡើង​ត្រង់​ចំណុច​រោងចក្រ​យ៉ាក​ជីង និង​ទីតាំង​ឧស្សាហកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង។

លោក​ ថេង សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា ​CCFC និយាយ​ថា​ លោក​នៅ​តែ​នឹក​ឃើញព្រឹត្តិការណ៍​ដ៏​ហិង្សា​នោះ។ លោក​និយាយ​ថា៖

«ទាំង​រយៈ​ពេល​កើត​មក​ប៉ុន្មាន​ឆ្នាំ បើ​ឲ្យ​ខ្ញុំ​បំភ្លេច​រឿង​នេះ​ គឺ​ខ្ញុំ​មិន​បាន​បំភ្លេច​ទេ​ សូម្បី​តែ​នៅ​ពេល​ដែល​រាល់​ការ​ ធ្វើការ​ងារ​របស់​ខ្ញុំ​ ខ្ញុំ​នៅ​តែ​នឹក​ឃើញ​នូវ​ការ​ចង​ចាំ។ វា​ហាក់​ដូច​ជា​ សញ្ញា​មួយ​នៃ​ការ​ដាស់​តឿន​ ខួរ​ក្បាល​ខ្ញុំ​ឲ្យ​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​ព្រៃ​ផ្សៃ​បែប​នេះ​ នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​រហូត​កន្លង​មក»។

រូប​ឯកសារ៖ លោក សូ ណាំង អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ធ្លាយ​ពោះវៀន។ លោក​កំពុង​សម្រាក​លើ​គ្រែ​ដោយ​ដាក់​អុកស៊ីសែន​តាម​ច្រមុះ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។ (ឃួន ធារ៉ា/VOA)
រូប​ឯកសារ៖ លោក សូ ណាំង អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ធ្លាយ​ពោះវៀន។ លោក​កំពុង​សម្រាក​លើ​គ្រែ​ដោយ​ដាក់​អុកស៊ីសែន​តាម​ច្រមុះ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។ (ឃួន ធារ៉ា/VOA)

ទាំង​លោក វន់ ពៅ​ និង​លោក ​ថេង សាវឿន គឺ​ជា​សកម្មជន​ស្ថិត​ក្នុង​ចំណោម​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​កម្មករ២៣​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន បន្ទាប់​ពី​ពួក​លោកបាន​ចូលរួម​ក្នុង​បាតុកម្ម​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។ ពួក​គេ​ត្រូវ​បាន​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស»។ ខណៈ​មាន​ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ជា​បន្ត​បន្ទាប់ ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​បាន​ស្ថិតនៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៥​ខែ។

គម្រោង​នៃ​ការ​រំឭក​ដល់​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​ប្រដាប់​អាវុធ​មក​លើ​អ្នក​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នេះ កើត​មាន​ឡើង​ ដំណាល​គ្នា​នឹង​ពេល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​ការ​ដកប្រព័ន្ធឋានៈអនុគ្រោះ«គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា​ EBA​ ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដែល​ការ​រំលោភ​បំពាន​ទាំង​នោះ​ មាន​ការ​បង្ក្រាប​លើ​គណបក្ស​នយោបាយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

របាយការណ៍​វាយ​តម្លៃ​ពី​ស្ថានភាព​ប្រទេស​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ​បាន​គូស​បញ្ជាក់​ត្រួសៗ​ ពី​ការវាយ​បង្រ្កាប​តាម​ប្រព័ន្ធ​តុលាការ​លើ​មេដឹកនាំ​សហជីព​ សកម្មជន​ និង​កម្មករ​ ព្រមទាំងមេដឹកនាំ​សហជីពសំខាន់ៗប្រាំមួយនាក់ទៀត។

របាយការណ៍​ដែល​បាន​ដាក់​ទៅរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២​ ខែ​វិចិ្ឆកា​ឆ្នាំ​២០១៩ បាន​កត់​សម្គាល់​ថា​ មេដឹកនាំ​សហជីព​ទាំង​៦​នាក់ ដែល​បាន​រង​ការ​ចោទប្រកាន់​ថា​ ប្រើ​អំពើ​ហិង្សា​ក្នុង​កូដកម្ម​ថ្នាក់​ជាតិ កាលពី​២០១៤​ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់។ ក៏ប៉ុន្តែ មាន​មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត ​នៅ​មិន​ទាន់​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយ។

លោក ថេង សាវឿន ដែល​បន្ត​រង​ការ​ចោទ​ប្រកាន់ យល់​ថា​ តុលាការ​កម្ពុជា​គួរ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​លើ​រូបលោក និង​សកម្មជន​ឯទៀត​ ប្រសិន​បើ​ប្រទេស​កម្ពុជា​មិន​ចង់​ប្រឈម​នឹង​ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ​នោះ។

ទោះ​យ៉ាង​ណា លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ កត់​សម្គាល់​ថា ការ​តវ៉ា​នោះ មាន​ចរិត​ជា​«បាតុកម្ម​ហិង្សា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់» ដែល​អ្នកដឹកនាំ​បាតុកម្ម​នេះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖

«អីចឹង​ទេ​ អ្នក​ដែល​បាន​រៀប​ចំ​ ហើយ​អ្នក​បាន​ចូល​រួម​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ហើយ​សំណុំ​រឿង​នេះ​ ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ។ អីចឹង​ការ​ទម្លាក់​ចោល​បទ​[ចោទ​ប្រកាន់] ឬ​ក៏​មិន​ទម្លាក់​នោះ​ គឺ​វា​អាស្រ័យ​ទៅ​លើ​តុលាការ ដែល​មិន​មាន​នរណា​អាច​បង្គាប់​បញ្ជា​បាន​នោះ​ទេ​បាទ»។​

នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​របាយការណ៍​របស់​សហភាព​អឺរ៉ុប​អំពី​ការ​បង្រ្កាប​ហិង្សា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ពណ៌នា​ ការ​តវ៉ា​កាលពី​ឆ្នាំ​២០១៤​ ថា​ជា​ «កុបកម្ម» ដែល​ក្នុង​អំឡុង​ពេល​នោះ​ «ក្រុម​បាតុករ​មិន​ត្រឹម​តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទេ​ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​បង្ក​ការ​របួស​លើ​រាង​កាយ​ទៅ​លើ​បុគ្គល​ផ្សេង​ទៀត ឬក៏​ធ្វើ​ឲ្យ​ខូចខាត​ទាំង​ទ្រព្យ​សម្បត្តិ​ឯកជន​និង​រដ្ឋ»។

របាយការណ៍​សហភាព​អឺរ៉ុប​ដដែល​បញ្ជាក់​ថា​ បន្ថែម​ច្រើន​ជាង​នេះ​ទៀត​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា គ្មាន​ករណី​ណា​មួយ​ដែល​កម្មករ​ និង​សមាជិក​សហជីព​រូប​ណា​ ត្រូវ​បាន​ចាប់​ខ្លួន​ ឬក៏​កាត់​ឲ្យ​មាន​ទោស​ចំពោះ​ការ​ពាក់ព័ន្ធ​របស់​ពួកគេក្នុង​ការ​តវ៉ា​នោះ​ទេ៕

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG