ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​សុំ​ជំនួយ​ពី​ខុទ្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋសភា


ក្រុម​កូដករ​ណាហ្គាវើល៍​កំពុងតែ​សរសេរ​ឈ្មោះនិង​ចុះហត្ថលេខា​លើ​ញត្តិ​ដើម្បីដាក់ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​សួនវត្តបទុម រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ក្រុម​កូដករ​ណាហ្គាវើល៍​កំពុងតែ​សរសេរ​ឈ្មោះនិង​ចុះហត្ថលេខា​លើ​ញត្តិ​ដើម្បីដាក់ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​សួនវត្តបទុម រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ក្រុម​កូដ​ករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បន្ត​នាំ​គ្នា​មក​សុំ​អន្តរាគមន៍​សាជាថ្មី​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ញតិ្ត ដែល​ពួកគេ​ដាក់​កាល​ពី​កន្លង​ទៅ។

ក្រុម​កូដ​ករ​ណាហ្គា​វើលដ៍​ប្រមាណ​៧០​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ធ្លា​សួន​វត្ត​បទុម​វត្តី ​ដើម្បី​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​អំពី​ញតិ្ត​ដែល​ពួកគេ​បាន​ស្នើ​សុំ​អន្តរាគមន៍កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា ដោយ​ពួកគេ​ថា​មិន​បាន​ទទួល​ដំណឹង​អ្វី​ទាល់​តែ​សោះ។

ពួក​គេ​ក៏​បាន​ដើរ​ទៅ​កាន់រដ្ឋ​សភា ដើម្បី​ដាក់ញតិ​ម្តង​ទៀត ​និង​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋសភា ឬ​តំណាងរាស្រ្ត​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ ពួកគេ​ជំរុញ​ឱ្យ​ស្ថាប័ន​ទាំង​ពីរ ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការ​ងារ​ជាមួយ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍​ឱ្យ​បាន​ឆាប់។

​នៅ​ពេល​ក្រុម​កូដ​ករ​ធ្វើ​ដំណើរ​ថ្មើ​រ​ជើងពី​ខុទ្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី ទៅ​កាន់​រដ្ឋ​សភា ក៏​មាន​អាជ្ញាធរ​ស្រាក់​ដៃ​គ្នារារាំង និង​ឃាត់​កូដករ​រយៈ​ពេល​ខ្លី មិន​ឱ្យ​ធ្វើ​ដំណើរ នៅ​ជិត​សួន​វត្ត​បទុម​ផង​ដែរ។

អាជ្ញាធរ​ឈរ​កាន់ដៃគ្នា​ដើម្បី​រារាំង​ក្រុមបាតុករ​មិនឱ្យ​ដើរទៅ​មុខបន្ត​ទៀត នៅ​សួនវត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
អាជ្ញាធរ​ឈរ​កាន់ដៃគ្នា​ដើម្បី​រារាំង​ក្រុមបាតុករ​មិនឱ្យ​ដើរទៅ​មុខបន្ត​ទៀត នៅ​សួនវត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ដោយឡែក​នៅ​មុខ​រដ្ឋ​សភា ​ក្រុម​កូដ​ករ​បាន​ប្រាប់​មន្ត្រី​រដ្ឋ​សភា​ដែល​មក​ទទួល​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ពួកគេ​ចង់​ឱ្យ​រដ្ឋ​សភា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ព្រោះ​ពួក​គេ​ថាពួកគេ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ដោយ​មិន​មាន​ការ​ងារ​ធ្វើ​ និង​មិន​មានចំណូលជាង​៦​ខែ​មក​ហើយ​ ខណៈ​ការចេញ​តវ៉ា​បានរង​ការ​ប៉ះ​ទង្គិច ឬ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សារបស់​កង​កម្លាំង​ បូក​រួម​ការមិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​សម​រម្យ​នៅ​ឡើយ។ កូដ​ករ​បាន​ស្រែក​ថា​ពួកគេ​សុំ​តែ​បាយ​៣​ពេល​តែ​ប៉ុណ្ណោះ និងមិន​ចង់​ក្លាយ​ជា​មហា​សេដ្ឋី​អ្វី​នោះ​ទេ។

​កញ្ញា ឈឹម ស៊ីថរ​ តំណាង​ក្រុម​កូដ​ករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍​ ​បាន​ថ្លែង​ថា​អ្វី​ដែល​ក្រុម​កូដ​ករ​ឡើង​មក​រដ្ឋ​សភា​ម្តង​ទៀត​នេះ គឺ​គ្រាន់​តែ​ចង់​ដឹង​ថា​ញត្តិ​ដែល​ក្រុម​កូដ​ករ​បាន​ដាក់​ទៅ​មាន​ដំណោះ​ស្រាយ​បែប​ណា​ហើយ។ កញ្ញា​បន្តទាម​ទារ​ឱ្យ​រដ្ឋ​សភា​ដោះ​ស្រាយ​វិវាទ​ការ​ងារ​មួយ​នេះ​ ដើម្បី​អាច​ឱ្យ​ក្រុម​កូដ​ករ​ប្រមាណ​២០០​នាក់​ បានចូល​ធ្វើ​ការ​វិញ និង​ដើម្បី​ធានា​សិទ្ធិ​សេរី​ភាព​សហ​ជីព​នៅ​ក្នុងកន្លែង​ការងារ។

កញ្ញា​ថ្លែង​ថា៖ «​ការ​ចរចា​តាំង​ពី​ពួក​ខ្ញុំ​នៅ​ក្រៅ​ឃុំ​នេះ គឺ១២​ដង​ហើយ​នៅ​ក្រសួង​ការ​ងារ​ ក៏​ប៉ុន្តែ​យើង​មើល​ឃើញ​ដែរ​ថា​ការដោះ​ស្រាយ គឺ​អត់​ចំ​គោល​ដៅ​ទេ។ វា​អត់​ចំ​ចំណុច​សំខាន់​ដែល​កម្មករ​និយាជិត​គាត់​ទាម​ទារ​អី​ទេ ពាក់​ព័ន្ធ​ជាមួយសេរី​ភាព​សហ​ជីព។ ​ហើយ​ជំហរ​ខាង​ភាគី​ក្រុម​ហ៊ុន​នៅ​តែ​ទាម​ទារ​ឱ្យ​កម្មករ​នយោជិត​ទាំង​តំណាង​សហជីព​ ​ទទួល​សំណង​ហើយ​បញ្ចប់​កិច្ច​សន្យា ហើយ​អាហ្នឹង​គឺជា​អ្វី​ដែល​កម្មករ​និយោជិត​គាត់​អត់​ចង់​បាន ព្រោះ​កាល​ណា​ធ្វើ​បែប​ហ្នឹង ពួក​គាត់​អត់​អាច​អនុវត្ត​សេរីភាព​សហ​ជីព​គាត់​បាន​ទេ»។

លោក ផាត សុផាន់ណា ប្រធាន​ក្រុមជំនួយការ​របស់​គណៈកម្មការទី១​នៃ​រដ្ឋសភា​ចេញមក​ពិនិត្យ​និង​ទទួល​ញត្តិ​ពី​ក្រុមបាតុករ នៅ​រដ្ឋសភាជាតិ រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
លោក ផាត សុផាន់ណា ប្រធាន​ក្រុមជំនួយការ​របស់​គណៈកម្មការទី១​នៃ​រដ្ឋសភា​ចេញមក​ពិនិត្យ​និង​ទទួល​ញត្តិ​ពី​ក្រុមបាតុករ នៅ​រដ្ឋសភាជាតិ រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

លោក ផាត សុផាន់ណា​ ប្រធាន​ក្រុម​ជំនួយ​ការ​របស់​គណៈ​កម្មការ​ទី​១​នៃ​រដ្ឋ​សភា បាន​ចេញ​មក​ទទួល​លិខិត​របស់​ក្រុម​កូដករ ដើម្បី​យក​ទៅវាយ​ត្រា​ចូល​ ដោយ​បាន​បញ្ជាក់​ប្រាប់​ក្រុម​កូដ​ករ​ថា​រដ្ឋ​សភា​បាន​ចាត់​ចែង និង​អន្ត​រាគមន៍ញត្តិ​ដែល​ដាក់​មក​លើក​មុន​ទៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​រួចរាល់​ហើយ។ ហើយ​លើក​នេះ លោក​ថា​នឹង​ពិនិត្យ​មើល​តាម​សំណើ​ម្តង​ទៀត។

លោក​ថ្លែង​ថា៖ «​តាម​ពិត​ទៅ​រាល់​សំណូម​ពរ រាល់​អ្វី​ដែល​បង​ប្អូន​លើក​ឡើង​ក្នុង​លិខិត​នេះ​ គឺ​យើង​បាន​ពិនិត្យ​ ហើយ​បាន​បញ្ជូន​ទៅ​តាម​សំណូម​ពរ​ហ្នឹង​ហើយ​ ទៅ​តាម​ស្ថាប័ន​ហើយ។ អ៊ីចឹង​សំណើ​នេះ​ ខ្ញុំ​នឹង​ដាក់​ជូន​ឯកឧត្តម​ប្រធាន​គណៈ​កម្មការ​គាត់​ពិនិត្យ​មួយ​សារ​ទៀត អំពី​អ្វី​ដែល​បង​ប្អូន​កម្មករ​ បាន​ស្នើ​ឡើង​នៅ​ក្នុង​ហ្នឹង»។

ដោយ​ឡែកកញ្ញា​ ឈឹម ស៊ីថរ​ អះ​អាង​ថា​កញ្ញា និង​ក្រុម​កូដ​ករ​មិន​ដែល​បាន​ដឹង​ថា​រដ្ឋ​សភា​បាន​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​យ៉ាង​ដូច្នេះ​សោះ ព្រោះ​មក​ដល់​ថ្ងៃ​នេះ គឺ​កូដ​ករ​មិន​ទទួល​បាន​ដំណឹង​ ឬ​ទទួល​បាន​ដំ​ណោះស្រាយ​អ្វី​នៅ​ឡើយ ហើយ​ក៏មិន​ដែល​បាន​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​រដ្ឋ​សភា​នៅ​ឡើយ។ កញ្ញា​ចង់​ឱ្យ​ស្ថាប័ន​រដ្ឋ​សភានេះ ​ជួប​ពិភាក្សា​ជាមួយ​ក្រុម​កូដករ ​ដើម្បី​ឱ្យ​យល់​ច្បាស់​នូវ​អ្វី​ដែល​ក្រុម​កូដ​ករ​ចង់​បាន និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ការ​ងារ​មួយ​នេះ។

​កញ្ញា​បន្ថែម​ថា៖ ​«យើង​ចង់​បក​ស្រាយ​ថា​អ្វី​ដែល​យើង​ទាម​ទារ​គឺ​មាន​ចែង​នៅ​ក្នុង​ច្បាប់​សម​ហេតុ​សម​ផល​ ហើយ​ក្រុម​ហ៊ុន​អត់​រលាយ​បិទ​ក្រុម​ហ៊ុន រហូត​ដល់​បាត់​បង់​ការ​ងារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​ទេ​ គឺ​ជា​ការ​ទាម​ទារ​ដែលពួក​គាត់​អាច​ធ្វើ​បាន ហើយ​ពួក​គាត់​ត្រូវ​តែ​ធ្វើ​ទៀត​ ព្រោះ​វា​ជា​ការ​គោរព​សិទ្ធិ​សេរី​ភាព​សហជីព​នៅ​កន្លែង​ការ​ងារ​ ហើយ​មាន​ចែង​នៅ​ក្នុង​ច្បាប់ ​ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​លោក​អន្តរាគមន៍ទៅ​ដែរ ប៉ុន្តែ​អត់​ព្រម​ជួប​អ្នក​ដែល​មាន​បញ្ហា​ពិត​ប្រាកដ​ សួរ​ព័ត៌​មាន​ហ្នឹង​វា​យ៉ាង​ម៉េច ហើយ​តើ​ចង់​ដោះស្រាយ​យ៉ាង​ម៉េច​ វា​សម​ហេតុ សម​ផល ឬ​អត់​បើ​លោក​យល់​ថា​មិន​សម​ហេតុ​សម​ផល​ លោក​អះ​អាង​លើ​អ្វី​?»។

មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចេញមក​ទទួល​ញត្តិ​ពី​ក្រុមកូដករ​ណាហ្គាវើល៍ នៅ​សួនវត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចេញមក​ទទួល​ញត្តិ​ពី​ក្រុមកូដករ​ណាហ្គាវើល៍ នៅ​សួនវត្តបទុម រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

កញ្ញា​ក៏​ចង់ដឹង​ដែរ​ថា​វិវាទ​ការងា​រនេះ​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីរដ្ឋាភិបាល​ក្នុងកម្រិត​ណា បើ​ប្រៀប​ធៀប​ករណី​សត្វ​តោ​របស់​ជន​ជាតិ​ចិន​ម្នាក់ ដែល​មាន​ការ​អន្ត​រាគ​មន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​កន្លង​ទៅ​នោះ។

កញ្ញា​បន្ថែម​ថា៖ «តាម​រយៈ​សមាស​ភាព​អ្នក​ចុះ​មកទទួល​[មន្ត្រីរ​ដ្ឋ​សភា​]​អាច​បង្ហាញ​ដែ​រថា ​តើ​រឿ​ង​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ជាង​១​ឆ្នាំ​នេះ វា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុ​ខរាជ​រដ្ឋាភិបាល​កម្រិត​ណា។ អ៊ីចឹង​យើង​ឃើញ​ថា​មិនមាន​ការ​ទទួល​យក​ចិត្ត​ទុក​ដាក់​អី​ប៉ុន្មាន​ទេ។ ហើយ​បើ​ខ្ញុំ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ដោះ​ស្រាយ​ជាមួយ​រឿង​សត្វ​តោ​មួយ​ក្បាល​ទៀត​ ​[យក​ទៅ​ដាក់​ភ្នំ​តាម៉ៅ ប៉ុន្តែ​ប្រគល់​ឱ្យ​ម្ចាស់​ចិញ្ចឹម​នៅ​ផ្ទះ​វិញ​]​អ៊ីចឹង....ខ្ញុំ​អាច​ប្រៀប​ធៀប​ថា ​មនុស្ស​រាប់​ពាន់​នាក់ គឺ​ថា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តិច​ជាង​តោ»។

​លោក ណាំ ទីវ័ន្ត អាយុ​២៣​ឆ្នាំ ដែល​បាន​ចូលរួម​ដាក់​ញត្តិ​សាជាថ្មី​នៅ​ស្ថាប័ន​រដ្ឋ​សភា​ និ​ង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ ​ចង់​ឱ្យ​តំណាង​រាស្ត្រ​គិត​គូរ​ពី​ផល​ប្រយោជន៍​ពល​រដ្ឋ និង​ត្រូ​វដោះ​ស្រាយ​បញ្ហា​ប្រឈម។

លោក​បញ្ជាក់​ថា៖​ «ពួក​យើង​ចង់​បាន​ដំណោះ​ស្រាយ​ពី​តំណាង​រាស្ត្រ​ម្តង​ ឱ្យ​ដឹង​ថា​ពី​ប្រជាពលរដ្ឋ​ ដែលយើង​ជា​ម្ចាស់​ពន្ធ​ ពួក​យើង​ជា​រាស្ត្រ​ខ្មែរ​ ជូន​ដំណឹង​ទៅ​តំណាង​រាស្ត្រ​ដើម្បី​ឱ្យ​តំណាង​រាស្ត្រ​ ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ។ កុំ​ឃើញ​សេចក្តី​សុខ​របស់​ថៅកែ​ ភ្លេច​ទឹក​ភ្នែក​របស់​រាស្ត្រ។ ខ្ញុំ​សូម​ផ្តាំ​ទៅ​តំណាង​រាស្ត្រ​តែ​ប៉ុណ្ណឹង»។

មុន​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្រុម​កូដករ​ក៏​បាន​ដាក់​ញត្តិ​សា​ជាថ្មី​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ។

លោក គង់ ចំរើន មន្រ្តី​ខុទ្ទ​កាល័យ​នា​យក​រដ្ឋ​មន្រ្តី​បាន​ចុះ​ហត្ថលេខា​ទទួល​ញត្តិ​ នៅមុខក្រុម​កូដ​ករណាហ្គាវើលដ៍។

​លោក ​គង់ ចំរើន ក៏​បាន​ឆ្លើយ​តប​ទៅ​កញ្ញា​ ឈឹម ​ស៊ីថរ ដែល​បានរអ៊ូរ​ទាំ​ប្រាប់​លោក​ពី​ផល​លំបាករបស់​កូដ​ករ ចំពោះ​ការអូស​បន្លាយ​ពេ​ល​វេលា​នៃវិវាទ​ការងារ​ និ​ង​មិន​ទាន់មាន​ដំណោះ​ស្រាយ​នេះថា៖ «ហ្នឹង​ហើយ​ជាក់​ស្តែង វា​ទៅ​តាម​ជាក់​ស្តែង​ហ្នឹង​សិន​ទៅ។ បើ​វា​អត់​ទាន់​បាន​ការ​សម្រេច​យ៉ាង​ម៉េច​ៗ​ដឹង​ ខ្ញុំ​គ្រាន់​ទទួល​តើ គ្រាន់​ទទួល​ហើយ​ ​ខ្ញុំ​រៀប​ចំ​ជូន​ហើយ»។
វីអូអេ​មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​ខាង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ​តាម​រយៈ​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ញតិ្ត​ចុះ​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ ក្រុម​កូដ​ក​រណា​ហ្គាវើល​ដ៍​បាន​បន្ត​សុំ​កិច្ច​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការ​ងារ ដោយ​ការ​ទទួល​យក​បុគ្គលិក​ដែល​នៅ​សេស​សល់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ជាមួយ​ប្រាក់​រំឭក​ការ​ទូទាត់​សំណង​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​ការងារ​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ​សហ​ជីព​ និង​សកម្ម​ជន​សហ​ជី​ព​ទាំង​១៥​រូប។

មេដឹក​នាំ​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ធ្លាប់​ថ្លែង​ថា​ការ​តវ៉ា​របស់​កម្មករ គឺ​ដើម្បី​ធានា​ការ​គោរព​សេរី​ភាព​របស់​សហជីព ហើយ​សេរីភាព​នេះ​មិន​អាច​ទូទាត់​នឹង​សំណង​បាន​ឡើយ៕

XS
SM
MD
LG