មន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាបានឱ្យដឹងថាស្ថាប័នខ្លួនកំពុងពិនិត្យញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានស្នើសុំអន្តរាគមន៍ឱ្យជួយដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយពេលច្រើនខែមកហើយ។
ការដាក់ញត្តិទៅស្ថាប័នធំៗទាំងពីរនេះ តំណាងកូដករមានជំនឿថាខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងស្ថាប័នរដ្ឋសភានឹងអាចដោះស្រាយវិវាទការងារនេះបានជោគជ័យ បន្ទាប់ពីពួកគេថា អស់ជំនឿលើស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដែលជាក្រសួងសាមីសម្របសម្រួលដោះស្រាយវិវាទការងារ។ ក្រុមកម្មករបានជួបប្រជុំដោះស្រាយចំនួន១១ដងមកហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ចប់វិវាទនេះបាន។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បញ្ជាក់ប្រាប់វីអូអេថា ខុទ្ទកាល័យកំពុងពិនិត្យមើលញត្តិនេះ ហើយលោកមិនទាន់អាចបញ្ជាក់ថាវានឹងបញ្ចប់នៅពេលណាឡើយ។
លោកថ្លែងថា៖ «ជួនកាលគេពិនិត្យ២ ឬ៣ថ្ងៃទៅ ជួនកាលគេពិនិត្យយូរទៅ អត់ទៀងទេ»។
លោក សរ ចំរុង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា បញ្ជាក់ថារដ្ឋសភាធ្លាប់បានទទួលញត្តិរបស់ក្រុមកូដករសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនេះម្តងរួចមកហើយ ដោយរដ្ឋសភាបានដាក់ទៅរដ្ឋាភិបាល និងក្រសួងការងារដោះស្រាយ។ ប៉ុន្តែលើកនេះ លោកបញ្ជាក់ថារដ្ឋសភានឹងពិនិត្យមើលញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្តងទៀត។
លោកថ្លែងថា៖ «ស្អែកខ្ញុំនឹងប្រជុំគ្នា ជាមួយទីប្រឹក្សាច្បាប់ខ្ញុំ ហើយបានយោបល់យ៉ាងណានោះ ខ្ញុំសូមយោបល់សម្តេចអគ្គសេនាពញាចក្រី ហេង សំរិន ក្នុងនាងលោកជាប្រធានរដ្ឋសភា បន្ទាប់មកបានខ្ញុំបានសម្រេចថាទៅណា»។
ចំណែកតំណាងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ មានជំនឿថា ស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនឹងអាចដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏នេះបានដោយជោគជ័យ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពដែលដឹកនាំដាក់ញត្តិទៅស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី មានជំនឿថាប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា នឹងចង្អុលបង្ហាញចំគោលដៅក្នុងការដោះស្រាយបញ្ហាវិវាទការងារដែលអូសបន្លាយពេលជាង៦ខែនេះ ប្រកបដោយប្រសិទ្ធភាព។
កញ្ញាចង់ឱ្យប្រមុខថ្នាក់ដឹកនាំទាំងពីរបានដឹងច្បាស់ថាអ្វីដែលក្រុមកូដករ និងសហជីពត្រូវការ គឺសិទ្ធិការងារ និងសិទ្ធិសហជីព ដែលមិនមែនជាការដោះដូរជាមួយទឹកប្រាក់ ឬសំណងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ។
កញ្ញាបញ្ជាក់ថា៖ «អ្វីដែលកម្មករនិយោជិតដែលគាត់ចង់បានគឺ ការការពារសេរីភាពសហជីព និងសិទ្ធិការងាររបស់គាត់ ព្រោះប្រសិនបើជាបណ្តោយឱ្យនិយោជក គាត់បញ្ឈប់ថ្នាក់ដឹកនាំសហជីព សមាជិកសហជីព តាមអំពើចិត្តហើយគ្រាន់តែបង់លុយ អ៊ីចឹងចប់រឿង អ៊ីចឹងសួរថាយើងអាចអនុវត្តសេរីភាពសហជីព និងសិទ្ធិការងារយើងតាមមធ្យោបាយណា តាមរយៈការបង្កើតសហជីព ហើយអាចឈរជើងនៅធ្វើការ និងតំណាងឱ្យកម្មករដែលបំពេញតួនាទីខ្លួនឯងបានដោយរបៀបណា?»។
កញ្ញាបន្តថាមូលហេតុសំខាន់ដែលសហជីព និងក្រុមកូដករសម្រេចចិត្តដាក់ញត្តិទៅស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺដោយសារតែអស់ជំនឿលើក្រសួងការងារ ដែលមិនបានដោះស្រាយវិវាទការងារនេះ ដោយអព្យាក្រឹតភាពសម្រាប់កម្មករនិយោជិត។
កញ្ញាថ្លែងថា៖ «ដោយសារការបន្លាយពេលក្នុងការដោះស្រាយ វានឹងកាន់តែយូរទៅៗហើយ។ ហើយយើងមើលឃើញពីភាពមិនឯករាជ្យ និងមិនឈរនៅកណ្តាល ហើយមិនអាចផ្តល់យុត្តិធម៌ឱ្យកម្មករបានពីខាងអ្នកសម្របសម្រួល ជាពិសេសខាងក្រសួងការងារ ដែលជានិច្ចកាលតែងតែគាំទ្រក្រុមហ៊ុន រាល់ការលើកឡើងរបស់ក្រុមហ៊ុន ហើយអត់បានខ្វល់អំពីសេរីភាពសហជីព និងសិទ្ធិរបស់កម្មករនិយោជិត ក្នុងការអនុវត្តសិទ្ធិការងាររបស់គាត់ហ្នឹង គឺតែងតែសម្របសម្រួលឱ្យកម្មករនិយោជិតយកលុយ ប៉ុន្តែមិនមែនជាអ្វីដែលកម្មករនិយោជិតចង់បានទេ»។
ចំណែកអ្នកស្រី ឈឹម សុខន សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងថា ស្ថាប័នជាច្រើនដែលដោះស្រាយវិវាទការងារនេះមិនបានជោគជ័យ ដូច្នេះទើបក្រុមកូដករ រំពឹងថាថ្នាក់ដឹកនាំប្រទេសនឹងអាចដោះស្រាយបញ្ហានេះបាន។
អ្នកស្រីថ្លែងថា៖ «យើងដាក់ញត្តិទៅរដ្ឋសភា និងខុទ្ទកាល័យហ្នឹង យើងឃើញថាវិវាទហ្នឹងមកដល់ពេលនេះ វាអូសបន្លាយយូរហើយ ហើយស្ថាប័នច្រើនដែលចូលដោះស្រាយ។ ក្រសួងការងារអី យើងមើលឃើញថាវាអត់ទទួលបានលទ្ធផល អ៊ីចឹងទៅយើងគិតថាដាក់ទៅសម្តេចហ្មងទៅ ខុទ្ទកាល័យសម្តេច ព្រោះគាត់ជាថ្នាក់ដឹកនាំកំពូល ប្រហែលជាមានតែគាត់ទេមើលទៅ ដោះស្រាយរឿងនេះបាន»។
បើតាមអ្នកស្រី ឈឹម សុខន ក្រុមកូដករនៅតែទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកបុគ្គលិកប្រមាណ២០០នាក់ឱ្យចូលធ្វើការវិញ។ ចំណែកអ្នកទទួលប្រាក់សំណង គឺក្រុមហ៊ុនត្រូវផ្តល់សំណងឱ្យបានត្រឹមត្រូវ និងត្រូវទម្លាក់បទចោទប្រកាន់លើសហជីព និងសកម្មជនទាំង១៥នាក់ ដែលតុលាការបានចោទប្រកាន់កាលពីកន្លងទៅ។
អ្នកស្រីបន្ថែមថាការទទួលយកក្រុមកូដករ និងក្រុមសហជីពឱ្យចូលធ្វើការវិញ គឺជាការគោរពសិទ្ធិសហជីពឯករាជ្យ ដែលបម្រើផលប្រយោជន៍ដល់កម្មករនយោជិត និងកុំឱ្យក្រុមហ៊ុនកេងចំណេញការងារ និងរំលោភសិទ្ធិការងារលើបុគ្គលិក។
អ្នកស្រីថា៖ «បើសិនជាយកពួកយើងចូលធ្វើការវិញបានន័យថាគោរពសិទ្ធិសហជីពដែលមានចែងក្នុងច្បាប់ អ៊ីចឹងដើម្បីឱ្យសហជីពឯករាជ្យដែលមានក្នុងកន្លែងធ្វើការ បានកម្មករគាត់មានអ្នកតំណាងដោយឯករាជ្យ ដែលទាមទារអត្ថប្រយោជន៍គាត់ពិតប្រាកដ» ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា ក្រសួងតែងលើកទឹកចិត្តឱ្យគ្រប់ភាគីអនុវត្តនីតិវិធីបន្ទាប់ គឺទៅតុលាការ ប្រសិនជាភាគីណាមួយយល់ថានីតិវិធីបច្ចុប្បន្នត្រូវបានបំពេញចប់។
លោកបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃអង្គារនេះ តាមប្រព័ន្ធតេឡេក្រាម [Telegram] ដែលមានអត្ថន័យដើមថា៖ «ក្រសួងធ្វើការលើវិស័យនេះ ក្រសួងច្បាស់លើការបកស្រាយច្បាប់ និងនីតិវិធី។ ក្រសួងបកស្រាយទៅលើខ្លឹមសារច្បាប់ ត្រង់បុគ្គលណាយល់ឃើញខុស ឬស្របពីក្រសួងនោះជាការយល់ឃើញរបស់បុគ្គលនោះ។ ជានីតិវិធីភាគីណាមួយ ដែលមិនទទួលយកការបកស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺត្រូវបន្តទៅតុលាការ»។
បើតាមញតិ្តរួមរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្ថាប័នរដ្ឋសភារបស់លោក ហេង សំរិន កាលពីថ្ងៃចន្ទទី២០ ខែមិថុនា ប្រសិនបើក្រុមហ៊ុនព្រមទទួលក្រុមកូដករត្រឡប់ចូលធ្វើការវិញ នោះពួកគេឯកភាពឱ្យក្រុមហ៊ុនកាត់បន្ថយម៉ោងធ្វើការរបស់បុគ្គលិក ដោយខែទីមួយ ធ្វើការត្រឹម៥០% នៃម៉ោងធ្វើការ ខែទីពីរ៧០% និងខែទីបី ១០០%៕
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងរដ្ឋសភាថា កំពុងពិនិត្យញត្តិរបស់បុគ្គលិកណាហ្គាវើលដ៍
ភ្នំពេញ —