ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​អង្គការ​សហប្រជាជាតិ​រៃអង្គាស​ប្រាក់​៤៣៤លាន​ដុល្លារ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រង់ចាំ​នៅ​ក្នុង​វាលស្រែ​បន្ទាប់​ឆ្លង​កាត់​ព្រំដែន​នៅ​ក្នុង​ក្រុង Palang Khali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រង់ចាំ​នៅ​ក្នុង​វាលស្រែ​បន្ទាប់​ឆ្លង​កាត់​ព្រំដែន​នៅ​ក្នុង​ក្រុង Palang Khali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧។

ប្រធាន​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​នានា​របស់​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ធ្វើ​សន្និសីទ​ពិសេស​រយៈពេល​មួយ​ថ្ងៃ ដើម្បី​រៃអង្គាស​ប្រាក់​ចំនួន​៤៣៤​លាន​ដុល្លារ សម្រាប់​ផ្តល់​ជា​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ប្រជាជន​១លាន​២​សែន​នាក់ ដែល​ក្នុង​នោះ​ក៏​មាន​ជនភៀសខ្លួន​អំបូរ​រ៉ូហ៊ីងយ៉ា​និង​សហគមន៍​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ផង​ដែរ។ ​

នៅ​មុន​ពេល​ចាប់​ផ្តើម​សន្និសីទ​នេះ អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថាចំនួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់​ភៀសខ្លួន​ពី​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​២​ខែ​មុន​បាន​កើន​ឡើង​ដល់​៦​សែន​នាក់។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​នានា​បាន​ឯកភាព​ថា វា​គឺ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​គាំទ្រ។ ការណ៍​នេះ​បាន​ធ្វើឲ្យ​លោក Mark Lowcock អនុ​អគ្គលេខាធិការ​ទទួលបន្ទុក​ខាង​កិច្ចការ​មនុស្សធម៌​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​បាន​ប្រាប់​ទៅ​កាន់​គណៈប្រតិភូ​ឲ្យ​យក​សន្និសីទ​នៅ​ក្នុង​ថ្ងៃ​នោះ «ដើម្បី​ប្រមូល​ធនធាន​ជួយ​សង្គ្រោះ​និង​ការពារ​ជីវិត​មនុស្ស»។

លោក​បាន​បន្ថែម​ទៀត​ថា «អ្នក​មក​ដល់​ថ្មី គឺ​រួម​មាន​ទាំង​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ជាច្រើន​ផង​ដែរ ហើយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​បន្ត​ផ្តល់​នូវ​ទិន្នន័យ​ថ្មី​បំផុត​និង​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ពី​លើ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក និង​អ្វី​ដែល​យើង​ពិភាក្សា​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា ថវិកា​គឺ​ជា​ឧបសគ្គ​ធំ​បំផុត​របស់​យើង។ យើង​ត្រូវ​ការ​ប្រាក់​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ដែលកាន់​តែ​កើនឡើង​នេះ»៕

XS
SM
MD
LG