ពួកមន្ត្រីសហរដ្ឋអាមេរិកបានបដិសេធនិយាយសំដៅដល់អំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ាថាជាការបោសសម្អាតខាងជាតិសាសន៍មុនពេលពួកគេបញ្ចប់ការសើរើពិនិត្យមើលឡើងវិញនូវបញ្ហានេះ។
ថ្វីបើ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនបានហៅអំពើហិង្សានេះជាការបោសសម្អាតខាងជាតិសាសន៍ក៏ដោយក្នុងអំឡុងសវនាការស្តីពីជម្លោះកាលពីថ្ងៃអង្គារ ពួកអ្នកតំណាងមកពីក្រសួងការបរទេស និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID បាននិយាយថា ទីភ្នាក់ងាររបស់ខ្លួនមិនអាចធ្វើការប្រកាសបានទេ។
លោក Ben Cardin សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននិយាយដែលបន្ទរតាមសេចក្តីថ្លែងការណ៍ដោយសហការីជាសមាជិកព្រឹទ្ធសភារបស់លោកហើយនឹងអង្គការសហប្រជាជាតិដែលបានចាត់ទុកជម្លោះនោះថាជាការបោសសម្អាតខាងជាតិសាសន៍កាលពីខែមុនថា «នេះជាការបោសសម្អាតខាងជនជាតិភាគតិច»។
លោកបាននិយាយនៅឯសវនាការបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាថា «ការបោសសម្អាតខាងជនជាតិភាគតិច ត្រូវបានឲ្យនិយម ន័យដោយពួកអ្នកជំនាញរបស់គណៈកម្មការរបស់អង្គការសហប្រជាជាតិថាជាការបោសសម្អាតជនជាតិភាគតិចកន្លែងមួយដោយការប្រើកម្លាំង ឬការបំភិតបំភ័យដើម្បីកម្ចាត់មនុស្សចេញពីទីកន្លែងនោះ»។
លោកសមាជិកព្រឹទ្ធសភា Cardin និងពួកអ្នកតំណាងក្រសួងការបរទេស បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីត្រាំនៅពេលបច្ចុប្បន្ននេះកំពុងវាយតម្លៃថាតើសហរដ្ឋអាមេរិកនឹងហៅជាផ្លូវការនូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាថាជាការបោសសម្អាតខាងជនជាតិភាគតិចដែរឬទេ។ ទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថា ការកំណត់ប្រហែលកើតមានឡើងនៅសប្តាហ៍នេះ។