ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អង្គការ​ UNESCAP ​ព្រមាន​ថា​ការ​គាំពារ​តែ​ផលិតផល​ក្នុង​ប្រទេស និង​បំណុល​ប៉ះ​ពាល់​ដល់​ការ​រីក​ចម្រើន​នៅ​ក្នុង​ទ្វីប​អាស៊ី


រូបឯកសារ៖ លោកស្រី ​Shamshad Akhtar ​ប្រធាន​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ​UNESCAP ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​វៀតណាម កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ លោកស្រី ​Shamshad Akhtar ​ប្រធាន​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ​UNESCAP ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​វៀតណាម កាល​ពី​ឆ្នាំ​២០១៦។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​មួយ​រូប​បាន​និយាយ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គាំពារ​តែ​ផលិតផល​ក្នុង​ប្រទេស ការ​កើន​ឡើង​នូវ​បំណុល​ឯកជន និង​បំណុល​អាជីវកម្ម និង​ការ​បរាជ័យ​នៅ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោកស្រី ​Shamshad Akhtar ​ប្រធាន​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ​UNESCAP​ បាន​កត់​សម្គាល់​អំពី​ការ​គំរាមកំហែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បំផ្លាញ​ដល់​ទស្សនវិស័យ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​វិជ្ជមាន​នៅ​ក្នុង​តំបន់។

សហរដ្ឋ​អាមេរិក​បាន​ជំរុញ​បណ្ដា​ប្រទេស​នានា ជាពិសេស​ប្រទេស​ចិន ឲ្យ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ឱនភាព​គណនី​បច្ចុប្បន្ន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​យក​ពន្ធ​គយ​ថ្មី​លើ​ការ​នាំ​ចេញ​ទំនិញ​ដែក​ថែប​ពី​ប្រទេស​មួយ​ចំនួន។

លោកស្រី​ Shamshad Akhtar​ បាន​និយាយ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គាំពារ​តែ​ផលិតផល​ក្នុង​ប្រទេស​ដូច​នេះ តំណាង​ឲ្យ​ «ការ​គំរាមកំហែង​ដ៏​ធំ​មួយ» ​បន្ថែម​ទៅ​នឹង​របាំង​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពន្ធគយ ដែល​បាន​កើន​ឡើង​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​ឆ្នាំ ២០០៨ មក​ម្ល៉េះ ដែល​របាំង​ទាំង​នោះ​មាន​ដូចជា ការ​ដាក់​កំហិត​តាម​ព្រំដែន​ដែល​រារាំង​បន្ថែម​ទៀត​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ដើម។

លោកស្រី ​Shamshad Akhtar ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​ក្រឡេក​មើល​លើ​ទំនោរ​កន្លង​មក យើង​ឃើញ​ថា​មាន​វិបត្តិ​ក្រោយ​ឆ្នាំ ២០០៨។ យើង​ឃើញ​ថា​មាន​ការ​កើន​ឡើង​នូវ​របាំង​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ ដែល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​ប្រឈម។ ការ​បង្កើន​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​លើក​នេះ​នៅ​ទី​បំផុត​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សង្គ្រាម​ពាណិជ្ជកម្ម។ ប្រសិនបើ​វិធានការ​ទាំង​នោះ​ត្រូវ​បាន​យក​មក​អនុវត្ត នោះ​នឹង​មាន​ប្រតិកម្ម​តបត​មក​វិញ​ជាក់​ជា​មិន​ខាន»។

លោកស្រី​បាន​និយាយ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ជាពិសេស​ប៉ះពាល់​ដល់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​តំបន់​មួយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​នានា​ដូចជា​ប្រទេស​ចិន​ជា​ដើម។ ប្រទេស​ចិន​នេះ​គឺ​ជា​គោលដៅ​ដ៏​ចម្បង​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី។

លោកស្រី ​Shamshad Akhtar បាន​ប្រាប់ VOA ថា៖ «ការ​រីក​ចម្រើន​អាច​រង​ការ​ប៉ះពាល់ ហើយ​វា​អាច​កើត​ឡើង​នៅ​ចំ​ពេល​ដែល​យើង​ទើបតែ​ឃើញ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ គឺ​ពាក់ព័ន្ធ​ទាំង​ការ​រីក​ចម្រើន ក៏​ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ»។

លោកស្រី​បាន​បន្ថែម​ថា ជម្លោះ​ពាណិជ្ជកម្ម​នេះ​គឺ​ជា​ការ​ប្រឈម​ចំពោះ​ក្បួន​ច្បាប់​ពហុ​ភាគី​ដ៏​យូរ​មក​ហើយ ដែល​បាន​ចែង​ជា​ផ្លូវការ​នៅ​ក្នុង​ក្បួន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ប៉ុន្តែ សេដ្ឋវិទូ​នានា​នៃ​ក្រុមហ៊ុន Capital Economics ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា ការ​ពិភាក្សា​ពាណិជ្ជកម្ម​នា​ពេល​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន និង​កំណើន​សេដ្ឋកិច្ច​សាកលលោក​យឺតយ៉ាវ​អាច​ជួយ​បន្ធូរបន្ថយ​ការ​គំរាម​កំហែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​បាន។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ នេះ លោក Julian Evans-Pritchard ដែល​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ប្រទេស​ចិន​នៃ​ក្រុមហ៊ុន Capital Economics នេះ បាន​បញ្ជាក់​ថា ទោះបីជា​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅតែ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​ស្ទើរតែ​ខ្ពស់​គ្រប់​ពេល​ក៏​ដោយ ក៏​មាន «សញ្ញា​ខ្លះ» បង្ហាញ​ថា ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​នេះ​នៅ​ទ្រឹង​ត្រឹម​ហ្នឹង​ដដែល។

លោក Evans-Pritchard ​បាន​និយាយ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ក៏​មាន​ការ​ថយ​ចុះ​ជាង​មុន​ផង​ដែរ នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​ប្រហែល​ជា​ឈាន​ដល់​ដំណាក់កាល​មួយ​រីក​ចម្រើន​ដល់​កំពូល​ទៅ​ហើយ​នោះ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ករណី​នេះ​សង្ឃឹម​ថា​នឹង​លើក​ទឹកចិត្ត​ប្រទេស​ចិន​ឲ្យ​អនុវត្ត​វិធីសាស្ត្រ​ជាក់​ស្ដែង​មួយ​នៅ​ក្នុង​ការ​ចរចា​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ព្យាយាម​គេច​ពី​ការ​យក​ពន្ធ​គយ​ទាំង​នេះ និង​ដើម្បី​ព្យាយាម​ធ្វើ​កុំ​ឲ្យ​កំណើន​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ច្រើន​ជាង​មុន»។

ការ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ដដែល​នៅ​ក្នុង​ចំនួន ៥,៥ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩។

សុទិដ្ឋិនិយម​សម្រាប់​ការ​រីក​ចម្រើន​នេះ​គឺ​ដោយសារតែ​ការ​រីក​ចម្រើន​កម្រិត «មធ្យម​ល្មម» នៅ​ក្នុង​ប្រទេស​ចិន ដែល​អាច​មាន​តុល្យភាព​បាន​ដោយ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ការ​រីក​ចម្រើន​មិន​ប្រែប្រួល​មួយ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់។

ប៉ុន្តែ លោកស្រី Shamshad Akhtar បាន​និយាយ​ថា នៅ​មាន​ឧបសគ្គ​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​តម្លៃ​រហូត​ដល់ ១,៧ លាន​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ចង់​បាន​ដូច​នេះ លោកស្រី​បាន​បញ្ជាក់​ថា ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ពន្ធដារ «នៅ​ក្នុង​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក» តាម​រយៈ​របប​ពន្ធ​មិន​ស្មុគស្មាញ​មួយ ដែល​អាច​គៀងគរ​បាន​ថវិកា​រហូត​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ព្រមាន​អំពី «ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​កើត​ឡើង​បាន» នៅ​ក្នុង​តំបន់​ណា​ដែល​មាន​បំណុល​ឯកជន និង​បំណុល​អាជីវកម្ម​ខ្ពស់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី និង​ថៃ ដើម្បី​ជៀសវាង​កុំ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​ម្ដង​ទៀត​ដូច​ឆ្នាំ ១៩៩៧ និង ១៩៩៨។

លោកស្រី Shamsahd Akhtar បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ច្បាស់​ថា យើង​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​បំណុល​ឯកជន និង​បំណុល​អាជីវកម្ម​នេះ​ឲ្យ​បាន ដោយសារតែ​បើ​យោង​តាម​បទ​ពិសោធន៍​របស់​យើង​កាល​ពី​លើក​មុន ការ​ជាប់​បំណុល​ហួស​ប្រមាណ​ណា​មួយ​មិន​ថា​ជា​បំណុល​ឯកជន បំណុល​អាជីវកម្ម ឬ​ក៏​បំណុល​គ្រួសារ​នោះ​ទេ គឺ​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញ​វត្ថុ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កើត​ឡើង​បាន»។

លោកស្រី Akhtar បាន​សង្កត់​ធ្ងន់​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​យ៉ាង​ល្អ ដោយ​ភាព​ក្រីក្រ​ចំនួន ៤៤ ភាគរយ នៅ​ក្នុង​ឆ្នាំ ១៩៩០ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រហែល ១២ ភាគរយ​នៅ​ដើម​ឆ្នាំ ២០១០។

ប៉ុន្តែ កម្រិត​នៃ​ភាព​ក្រីក្រ​នៅតែ «ខ្ពស់​ដដែល» នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​និរតី។ ប្រជាពលរដ្ឋ​ប្រហែល ៤ រយ​លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅតែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ដដែល។

បញ្ហា​មួយ​ទៀត​គឺ​ការ​កើន​ឡើង​នូវ​វិសមភាព​ប្រាក់​ចំណូល​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ចម្បងៗ ដែល​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ភាគ​ច្រើន​បំផុត​គឺ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ការ​ប្រែប្រួល​តិចតួច​ជាង​នេះ​គឺ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​បង់ក្លាដេស។

លោកស្រី Shamshad Akhtar បាន​និយាយ​ថា «ដោយសារតែ​យើង​មាន​វិសមភាព​ហួសហេតុជាមួយ​នឹង​បណ្ដា​ប្រទេស​នានា វា​មាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​ទទួល​បាន​សេវា​សេដ្ឋកិច្ច និង​សេវា​សង្គម​ជា​មូលដ្ឋាន​នោះ​ទេ» ដែល​ករណី​នេះ​ក៏​អាច​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​នៅតែ​ស្ថិត​នៅ​កម្រិត​ដដែល​ផង​ដែរ។

លោកស្រី Shamshad Akhtar បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​រយៈពេល​មធ្យម «សក្ដានុពល​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច» មាន​ទំនោរ​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន ដោយសារតែ​បញ្ហា​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ និង​តម្រូវការ​ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​ផ្នែក​ធនធាន​មនុស្ស ដូចជា​ការ​អប់រំ​ជា​ដើម៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG